មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ទៅបំពេញទស្សនកិច្ចមនុស្សធម៌ និងនយោបាយនៅព្យុងយ៉ាង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកទទួលខុសត្រូវជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ ទើបអញ្ជើញទៅដល់ក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ជាបងប្អូនគូសត្រូវនឹងគ្នា។ កម្មវត្ថុចំបងនេះបេសកកម្ម៥ថ្ងៃនេះ គឺជាផ្លូវការដើម្បីត្រួតពិនិត្យការចែកចាយអំណោយមនុស្សធម៌ដល់បណ្តាជនក្រីក្រខាងជើង។ ប៉ុន្តែទស្សនកិច្ចផ្លូវការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល ដែលមានក្រុមនិកាយសាសនា Moon ជាអ្នកផ្តល់ហិរញ្ញប្បទាននេះ មានកប់ជ្រៅ ទៅដោយបំណងនយោបាយ។
ជាលើកទីមួយ គិតចាប់ពីកូរ៉េខាងជើងបានបាញ់នាវាមុជទឹកកូរ៉េខាងត្បូង បណ្តាលឲ្យស្លាប់នាវិក៤៦នាក់ កាលពី ១៨ខែមុនមក ដែលតំណាងជាន់ខ្ពស់កូរ៉េខាងត្បូងអញ្ជើញទៅកាន់ក្រុងព្យុងយ៉ាង។ តំណាងរដ្ឋាភិបាលក្រុងសេអ៊ូល អបដំណើរដោយសមាជិកអង្គការក្រៅរដ្ឋាភិបាលបួននាក់ឧបត្ថម្ភដោយក្រុមគ្រិស្តសាសនា និកាយ Moon ដែលធ្លាប់មានទំនាក់ទំនងល្អជាមួយនឹងរបបកុម្មុយនិស្តព្យុងយ៉ាង។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap តំណាងកូរ៉េខាងត្បូងទាំង៥រូប មានបេសកកម្មត្រួតពិនិត្យការចែកចាយម្សៅចំនួន ៣០០តោន ដល់ប្រជាជននៅក្រុង Jongju ក្រុងកំណើតរបស់អ្នកបង្កើតនិកាយMoon ក្រែងមានក្រុមយោធាលួចបង្វែរជំនួយនេះបាន។
ដំណើរទស្សនកិច្ចជាផ្លូវការនេះ ជាសញ្ញាថ្មីមួយបន្ថែមទៀត បង្ហាញអំពីចេតនាចង់រំសាយកំហឹងប្រឈមមុខដាក់គ្នា។ ដើម្បីបន្ធូរបន្ថយសម្ពាធតានតឹង ជាមួយនឹងកូរ៉េខាងជើងជាបងប្អូនគូសត្រូវនឹងគ្នា កូរ៉េខាងត្បូងតែងបង្ហាញពីភាពទន់ភ្លន់ និងការសម្របសម្រួល។ សេអ៊ូល ទើបបានប្រកាសសន្យាផ្តល់ជំនួយមនុស្សធម៌ តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងជើងស្រាប់។
ក៏ប៉ុន្តែការបន្ធូរបន្ថយសម្ពាធនេះ នៅមានលក្ខណៈតិចតួចនៅឡើយទេ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុងព្យុងយ៉ាងបានរិះគន់កូរ៉េខាងត្បូងជាថ្មី អំពីការធ្វើសមយុទ្ធនៅក្នុងសមុទ្ទលឿង និងបានគំរាមបំផ្លាញវិមានប្រធានាធិបតីកូរ៉េខាងត្បូងឲ្យក្លាយជាសមុទ្ទភ្លើង !
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ