អាមេរិកផ្តល់ជំនួយបន្ថែមដល់ក្រុមប្រឆាំងស៊ីរី
លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន Hillary Clinton បានប្រកាសផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រក្រុមអ្នកបះបោរស៊ីរី ថ្មីបន្ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុប ៤៥លានដុល្លារ។ ប្រមុខការទូតអាមេរិកបានប្រកាសផ្តល់ជំនួយនេះ ក្នុងកិច្ចប្រជុំប្រទេសជាមិត្តពលរដ្ឋស៊ីរី យប់ថ្ងៃទី២៨កញ្ញាម្សិលមិញ ក្រៅក្របខ័ណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសជាមិត្តពលរដ្ឋស៊ីរី ដែលអំពាវនាវឱ្យក្រុមឧទ្ទាមខិតខំពង្រឹងទ្វេឡើង ការរួបរួមគ្នាជាកម្លាំងប្រឆាំងតែមួយ បានសម្រេចចិត្តជួយក្រុមអ្នកបះបោរកាន់តែច្រើនមែន ប៉ុន្តែមិនផ្តល់អាវុធយុទ្ធភណ្ឌដោយផ្ទាល់ទេ ដូចការទាមទារទេ។ នៅលើសមរភូមិផ្ទាល់វិញ ការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មីទៀត និងកាន់តែសាហាវ នៅក្រុងអាឡេប (Alep) ក្រុងធំភាគជើងរបស់ស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីលើវេទិកានៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ឬនៅក្នុងគ្រប់កិច្ចសន្ទនា ស្ថានភាពប្រទេសស៊ីរី ជាប្រធានបទសំខាន់គ្របលើសំណុំរឿងផ្សេងៗទៀតទាំងអស់ ប៉ុន្តែការជឿនលឿនទៅមុខផ្នែកដំណោះស្រាយ មានតិចតួចស្តួចស្តើងបំផុត។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាដំឡើងជំនួយមនុស្សធម៌ និងបញ្ចេញថវិកា១៥លានដុល្លារ ជាសម្ភារៈបរិក្ខារ ប្រព័ន្ធទូរគមនាគមន៍ និងការបំពាក់បំប៉នក្រុមអ្នកបះបោរ។
ក្រុមបក្សប្រឆាំងជាង១០ក្រុមនៅស៊ីរី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំប្រទេសជាមិត្តប្រជាពលរដ្ឋស៊ីរី នៅទីក្រុងញូវយ៉ក ម្សិលមិញ ដែលបានរំលឹក អំពីភាពចាំបាច់បំផុត ដែលក្រុមអ្នកប្រឆាំងស៊ីរីទាំងអស់ រួបរួមជារណសិរ្សប្រឆាំងរបបអាសាដ ជាធ្លុងតែមួយ ! លោកប្រធានាធិបតីបារាំង លោក François Hollande កាលពីដើមសប្តាហ៍បានព្រលយពាក្យថានឹងទទួលស្គាល់រដ្ឋាភិបាលប្រឆាំងប្រសិនបើពួកគេអាចរួមគ្នាសម្រេចបង្កើតរដ្ឋាភិបាលបាន។
ប្រមុខការទូតបារាំង បានអំពាវនាវឱ្យមានការគាំទ្រ តំបន់គ្រប់គ្រងដោយពួកអ្នកបះបោរ។ ប៉ុន្តែ ដំបូងឡើយ ត្រូវជួយក្រុមអ្នកប្រឆាំងឱ្យរៀបចំរដ្ឋាបាលក្នុង “តំបន់រំដោះ” ដែលជាផ្លូវដង្ហើមដ៏ចាំបាច់សម្រួលដល់ការផ្តល់ជំនួយ និងសម្ភារៈ ឬជាមូលដ្ឋានគ្រឹះសំរាប់រុលទៅកាន់តំបន់ផ្សេងៗទៀតក្នុងប្រទេស។
“តំបន់រំដោះ” ដែលសម្រាប់រដ្ឋមន្ត្រីការបរទេសបែលហ្សិក អាចនឹងធ្វើឱ្យសហគមន៍អន្តរជាតិប្តូរយុទ្ធសាស្ត្រនៅស៊ីរីផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ