កម្ពុជា

ទី​បំផុត​រឿង"នរណា​សម្លាប់ ជា វិជ្ជា?" បាន​ត្រឹម​បញ្ចំាង​អោយ​អ្នកកាសែត​មើល

បុណ្យ​រំលឹក​ខួប​វីរជន​ ​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​
បុណ្យ​រំលឹក​ខួប​វីរជន​ ​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ ©Reuters

បន្ទាប់​ពី​សមត្ថកិច្ច​ហាម​មិន​អោយ​បញ្ចាំង វីដេអូ ឯកសារ រឿង “នរណា​សម្លាប់ ជា វិជ្ជា” ជាសាធារណៈមក។ នៅព្រឹកមិញ​នេះ លោក រ៉ុង​ ឈុន សម្រេច​បញ្ចាំង រឿង​នេះ ក្នុង​ការិយាល័យ​របស់​លោក ដោយ​មាន​តែ អ្នកកាសែត ជាង ២០នាក់​ប៉ុណ្ណោះ​ចូល​ទស្សនា។ ប៉ុន្តែ លោក រ៉ុង ឈុន គ្រោង​ចម្លង​ឯកសារ​នេះ​ចែកចាយ​ដល់​មហាជន ក្នុង​ពេល​ខាងមុខ​នេះ។ ចំណែក អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា លោក រ៉ុង ឈុន ​តែងតែ​ចចេស ជាមួយ​សមត្ថកិច្ច។

ផ្សាយពាណិជ្ជកម្ម

សេច​ក្តី​រាយការណ៍​របស់​អ៊ឺម ណាវិន​ពី​ទីក្រុង​ភ្នំពេញ

“កូនស្រី​របស់ខ្ញុំ​នៅ​តែ​សួរ​ថា ប៉ា គាត់​គេង​យូរ​ម្ល៉េះ? ប្តី​របស់​ខ្ញុំ គាត់​ធ្លាប់​បាន​សន្យា​ថា មិន​អោយ​កូនៗ​គ្មាន​ឪពុកម្តាយ​នោះទេ។ ប៉ុន្តែ ពេល​នេះ កូនខ្ញុំ​ក្លាយ​ជា​អ្នក​គ្មាន​ឪពុក។” នេះ​ជា​សម្តី​របស់​អ្នកស្រី ជា គីមនី ភរិយា​សព លោក ជា វិជ្ជា នៅក្នុង​ឈុត​ដំបូង​នៃ​កម្រង​ខ្សែ​វីដេអូ មាន​ចំណងជើង​ថា “នរណា​សម្លាប់​ជា វិជ្ជា?”

 
កម្រង​ឯកសារ “នរណា​សម្លាប់ ជា វិជ្ជា” មាន​រយៈពេល​ជិត​មួយ​ម៉ោង។ អ្នកចងក្រង​ឯកសារ នេះ​ជា​ជនជាតិ​​អាមេរិកំាង ឈ្មោះ Bradley Cox ។ លោក Cox បាន​ចុះ​ផ្តិតរូបភាព ចាប់តំាង ពី​ពេល​ថ្ងៃ​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ភ្លាមៗ ពិធី​បុណ្យសព​លោក ជា វិជ្ជា និង​កិច្ចសម្ភាសន៍​ជាមួយ ជន​ពាក់ព័ន្ធ​ជាច្រើន​នាក់។

កម្រង​ឯកសារ “នរណា​សម្លាប់ លោក ជា វិជ្ជា” នេះ​ហើយ​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ ដាក់​បញ្ចាំង នៅ​ទី​សាធារណៈ ចំនួន​ពីរលើក​កន្លងមក។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក រ៉ុង ឈុន សម្រេច​ចិត្ត​ដាក់​បញ្ចំាង កម្រង​ឯកសារ​នេះ នៅ​ក្នុង​ការិយាល័យ​របស់​លោក ដោយមាន​តែ​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ២០​នាក់​ប៉ុណ្ណោះ ចូល​ទស្សនា។

លោក រ៉ុង ឈុន បាន​ថ្លែង​ថា កម្រង​ឯកសារ “នរណា​សម្លាប់ ជា វិជ្ជា” ជា​ភស្តុតាង​មួយ​ដែល​បង្ហាញ​​អោយ​មហាជន​ដឹង​ថា “នរណា​ជា​អ្នកសម្លាប់ លោក ជា វិជ្ជា ពិតប្រាកដ។ អ្នកសម្លាប់ ជា វិជ្ជា មិនមែន​ជា ប៊ន សំណាង ឬ សុខ សំអឿន​នោះទេ។ លោក រ៉ុង ឈុន អះអាង​ដែរ​ថា លោក​នឹង​ថតចម្លង​កម្រង​ឯកសារ​នេះ​ចែកចាយ​ដល់​មហាជន​អោយ​បាន​ទស្សនា ក្នុង​ពេលឆាប់ៗ​នេះ។

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ ក្នុង​ខែ មករា ឆ្នាំ២០០៤។
បន្ទាប់​ពី​បាញ់​សម្លាប់ លោក ជា វិជ្ជា មិនយូរ​ប៉ុន្មាន បុរស​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ថា ជា​ឃាតករ​បាញ់​លោក ជា វិជ្ជា។​ ជនជាប់ចោទ​ទំាងពីរ គឺ លោក ប៊ន សំណាង និង លោក សុខ​សំអឿន។ ជន​ទំាង​ពីរ​នាក់​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​អោយជាប់​ពន្ឋនាគារ​ម្នាក់ៗ ២០​ឆ្នាំ​ ប៉ុន្តែ ត្រូវ​តុលាការ​កំពូល​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​​ កាល​ពី​ឆ្នាំ ២០០៨​វិញ។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ហៅ​សកម្មភាព​របស់​លោក រ៉ុង ឈុន ថា តែងតែ​ចចេស​ជាមួយ​សមត្ថកិច្ច។ លោក​ឧត្តម​សេនីយ៍​បញ្ជាក់​ថា សំណុំរឿង​បាញ់​សម្លាប់​ប្រធាន​សហជីពសេរី​កម្មករ​កម្ពុជា លោក​ជា វិជ្ជា នគរបាល​យុត្តិធម៌ បាន​ធ្វើ​ការងារ​តាម​នីតិវិធី ហើយ​ការសម្រេច​យ៉ាងណា​ទៀត ជា​អំណាច​របស់​តុលាការ។

ប៉ុន្តែ ចុង​បញ្ចប់​សាច់រឿង “នរណា​សម្លាប់ ជា វិជ្ជា” លោកស្រី ជា គីមនី ភរិយាសព​លោក ជា វិជ្ជា ដែលកំពុង​រស់នៅ ក្នុង​ប្រទេស​ហ្វាំងឡង់ បាន​និយាយ​ថា លោកស្រី​តែងតែ​ឆ្លើយ​សំនួរ កូនស្រី របស់​លោកស្រី​ថា មូលហេតុ​ដែល​គេ​សម្លាប់​ប៉ា ដោយសារ​តែ​ប្រទេស​យើង​គ្មាន​ច្បាប់​ទម្លាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI