លោក រ៉ុងឈុន បំភ្លឺតុលាការ រឿងថៅកែរោងចក្រ ប្តឹងដឹកនាំកម្មករតវ៉ា
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា បានចូលខ្លួន ទៅឆ្លើយបំភ្លឺ តាមដីកាកោះហៅ ជាលើកទី២ របស់តុលាការខេត្តកណ្តាល។ លោករ៉ុងឈុន ត្រូវបានថៅកែរោងចក្រកាត់ដេរ តៃយ៉ាង នៅស្រុកអង្គស្នួល ប្តឹងចោទប្រកាន់ពីបទញុះញុង ដឹកនាំកម្មករធ្វើកូដកម្ម កាលពីខែមិថុនា។ សំណុំរឿងប្តឹងផ្តល់នោះ មានមេដឹកនាំសហជីពកម្មករសរុបចំនួន ១៦ នាក់ ជាប់ចោទ និងត្រូវបានតុលាការ កោះហៅឲ្យចូលបំភ្លឺ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែមិនមានសហជីពកម្មករណាម្នាក់ ត្រូវតុលាការចាប់ឃុំខ្លួនឡើយ។
ចុះផ្សាយនៅថ្ងៃ៖
លោក រ៉ុង ឈុន បានចូលខ្លួន ទៅផ្តល់ចម្លើយបំភ្លឺ នៅមុខតំណាងអយ្យការ អមតុលាការខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្រោយពីឆ្លើយបំភ្លឺជិត ៣ ម៉ោង លោករ៉ុងឈុន មិនត្រូវបានតុលាការ ចាប់ឃុំខ្លួនទេ។ តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល លោក ទេព មុនិន្ន បានចេញដីកាកោះហៅលោករ៉ុងឈុន ចំនួន ២លើក ដើម្បីឲ្យសកម្មជនសហជីព លោករ៉ុងឈុន ចូលទៅកាន់តុលាការខេត្តកណ្តាល ដើម្បីសាកសួរពីដំណើររឿង ដែលឈ្មោះ JACK LIU អគ្គនាយកនៃសហគ្រាស តៃ យ៉ាង ប្តឹងពីបទញុះញុងឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហាកេរ្តិ៍ជាសាធារណៈ។
ការប្តឹងចោទប្រកាន់នោះ បានធ្វើឡើង ក្រោយពីលោករ៉ុងឈុន បានចូលរួមការពារសិទ្ធិកម្មករ ដោយដឹកនាំកូដកម្ម ចាប់តាំងពីថ្ងៃទី២៥មិថុនា ឆ្នាំ២០១២។ កូដកម្មមិនបានសម្រេចរបស់កម្មករនៅរោងចក្រកាត់ដេរ តៃយ៉ាង នៅបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានថៅកែចិន ប្តឹងចោទប្រកាន់លើមេដឹកនាំសហជីព និងកម្មករ សរុបប្រមាណ ១៦ នាក់។
យ៉ាងណាក៏ដោយ ពេលចេញពីតុលាការ នៅថ្ងៃនេះ លោក រ៉ុង ឈុន បានច្រានចោលនូវរាល់ការចោទប្រកាន់របស់ថៅកែរោងចក្រ ដែលថា លោកញុះញង់ឲ្យកម្មករធ្វើកូដកម្មខុសច្បាប់ ហើយបរិហារកេរ្តិ៍សាធារណៈ។
លោក រ៉ុង ឈុន បានស្នើសុំឲ្យតុលាការ លើកលែង ឬទម្លាក់ការចោទប្រកាន់ ប្រឆាំងរូបលោក ព្រោះលោកអះអាងថា មិនបានទៅញុះញង់កម្មករ ឲ្យធ្វើបាតុកម្មខុសច្បាប់ទេ។ លោកក៏បានបដិសេធន៍ចំពោះការចោទប្រកាន់ រឿងបរិហារកេរ្តិ៍ ថៅកែរោងចក្រ តៃយ៉ាងផងដែរ។ ព្រះរាជអាជ្ញារងនៃតុលាការសាលាដំបូងខេត្តកណ្តាល លោក ទេព មុនិន្ន បានប្រាប់អ្នកកាសែត នៅថ្ងៃនេះថា តុលាការ មិនមានបំណងឃុំខ្លួន ឬចាប់ចងលោក រ៉ុង ឈុន ទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ