អានតួអត្ថបទ
កម្ពុជា

សម័យប្រជុំ​សភា​អាណត្តិទី៥​ ចាប់ផ្តើម​បើក​ជា​ផ្លូវការ​ ដោយគ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្សប្រឆាំង​

ព្រះមហាក្សត្រ សីហមុនី និង​​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពូជា នា​ឱកាស​​សម័យ​ប្រជុំ​​រដ្ឋសភា​​អាណត្តិ​ទី៥​​ ថ្ងៃ​ទី​​២៣​កញ្ញា​​
ព្រះមហាក្សត្រ សីហមុនី និង​​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពូជា នា​ឱកាស​​សម័យ​ប្រជុំ​​រដ្ឋសភា​​អាណត្តិ​ទី៥​​ ថ្ងៃ​ទី​​២៣​កញ្ញា​​ Siv Channa/RFI
ដោយ៖ គឹម យុទ្ធណា
១៧ នាទី

ដូច​ការគ្រោងទុក សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភានិតិ​កាល​ទី៥ បាន​ផ្តើម​បើក​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២៣ ខែកញ្ញា​នេះ ក្រោម​ព្រះរាជអធិបតីភាព​​របស់​​ព្រះមហាក្សត្រ​​ ព្រះបាទ​នរោត្តម​ សីហមុនី។ ជា​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ ដែលមាន​សុទ្ធតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៦៨រូប ចូលរួម​អនុម័ត​ផ្តល់​សុពលភាព​អាណត្តិ​សភា ខណៈដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អវត្តមាន។  

ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ចន្ទទី២៣ខែកញ្ញា សម័យប្រជុំ​នៃ​រដ្ឋសភា​ជា​លើកដំបូង បានចាប់ផ្តើម​តាម​ការ គ្រោងទុកដោយមាន​តំណាងរាស្ត្រ​ទាំង៦៨រូប​ មកពី​គណបក្សកាន់អំណាច​ចូលរួម តែ​មិនមាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះទេ។

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​យាង​មកដល់​រដ្ឋសភា​នៅវេលា​ម៉ោង៨និង២០នាទី​ព្រឹក ដើម្បី​គង់​ជា​ព្រះរាជាធិបតី ​ក្នុងសម័យ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ។

ក្នុង​ពិធី​នោះ ក្រៅតែពី​មានតែ​វត្តមាន​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​ក​ម្កុ​ជា ក៏មាន​ការចូលរួម​ពី​បណ្តា​មន្ត្រី​ឯកអគ្គរាជទូត និង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​កម្ពុជា​ មួយចំនួន​ផងដែរ។ ក្នុងនោះ​មានដូចជាទូត​អាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប និង​ចិន ព្រមទាំង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ​ក៏​ចូលរួម​ធ្វើជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​ដ៏​ឱ​ឡា​រិក​នេះ។

ក្នុងឱកាស​បើក​សម័យប្រជុំ​សភា​លើកដំបូង​នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច ​ព្រះបរមនាថនរោត្តម សីហមុនី ទ្រង់មាន​ព្រះរាជបន្ទូល​បញ្ជាក់​ទៅកាន់​តំណាងរាស្ត្រ​ដែល​ចូលរួម​ទាំងអស់​ថា សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភានិតិ​កាល​ទី៥នាពេលនេះ ជា​ឱកាស​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​របស់​ស្ថាប័ន​និតិបញ្ញត្តិ។

ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​តិក​ម្ពុ​ជាត្រូវមាន​ឯកភាព និង​មហា​សាមគ្គី​ជាតិ​ខ្ពស់បំផុត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការអនុវត្ត​ន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​និតិ​រដ្ឋដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ១៩៩៣មក។ ជាពិសេស ​ត្រូវ​កសាង​ឲ្យ​មាន​យុត្តិធម៌​សង្គម ឲ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ជា​លំដាប់។
ព្រះអង្គ​មាន​ព្រះបន្ទូល​បន្ថែម ដោយ​ទ្រង់​សង្ឃឹមថា តំណាងរាស្ត្រ​ទាំងអស់នឹង​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រមូលផ្តុំ​ការខិតខំដើម្បី​បម្រើ​ជាតិដោយ​តម្កល់​ផលប្រយោជន៍ជាតិ​ជាធំ ជាង​ផលប្រយោជន៍​ដទៃ។
ជាការ​កត់សម្គាល់ ក្រោយ​ការយាង​និវត្តន៍​​របស់​ព្រះមហាក្សត្រ​ទៅកាន់​ព្រះបរមរាជវាំង សភា​បាន​បន្ត​សម័យប្រជុំ​រប​ស់​ខ្លួន ក្រោម​ការដឹកនាំ​ប្រជុំ​របស់លោកហេង សំរិន។

នៅក្នុង​សម័យប្រជុំ​នេះហើយ ដែល​លោកហេង សំរិន​ ព្រឹទ្ធសមាជិក​រដ្ឋសភា បានប្រកាស​នូវ​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រនីតិកាល​ទី៥ តាម​លំដាប់​ពី​អាយុ​ខ្ពស់​មក​ទាប ​ទាំង១២៣រូប ខណៈដែល​មិនមាន​វត្តមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង៥៥រូប ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចូលរួម។

ក្រោយ​ការប្រកាស​ឈ្មោះ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់ លោកហេង សំរិន បានស្នើ​អង្គប្រជុំ​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ក្រោយពីការ​​ប្រកាស​សម្រេច​ផ្តល់​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ