រុស្ស៊ី

រុស្ស៊ី​បាន​បាញ់​សាកល្បង​យ៉ាង​ជោគជ័យ​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប Boulava

រុស្ស៊ី​បាញ់​មីស្ស៊ីល​អន្តរទ្វីប​ចេញ​ពីនាវា​មុខទឹក​
រុស្ស៊ី​បាញ់​មីស្ស៊ីល​អន្តរទ្វីប​ចេញ​ពីនាវា​មុខទឹក​ ©

ដំណឹងនេះ​ប្រកាស​ដោយ​ក្រសួងការពារ​ជាតិ​រុស្ស៊ី ដែល​លម្អិតថា ការបាញ់​នេះ បានធ្វើចេញ​ពី​ក្នុង​ទឹកសមុទ្រ គឺ​ពី​នាវា​មុជទឹក​បរមាណូ ដែល​ប្រចាំការ នៅ”សមុទ្រស” ប៉ែកឧត្តរ ប្រទេស​រុស្ស៊ី ហើយ​ក្បាល​របស់​មីស្ស៊ីល​នោះ បាន​ទៅ​ធ្លាក់​ចំ​ទីដៅ​ជា Cible នៅឯ​ឧបទ្វីប Kamtchatka ឯ​ចុងបូព៌ា​រុស្ស៊ី ចម្ងាយ៨.០០០គ.ម. ពី​កន្លែងបាញ់។

ផ្សាយពាណិជ្ជកម្ម

ជា​ការកត់សម្គាល់​ពាក្យ​ថា Boulava ជា​អាវុធ​បុរាណ​រុស្ស៊ី ដែល​អាច​ត្រូវ​គេបកប្រែ​ថា ជា “ដំបងយក្ស”។ ការបាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប Boulava ដែល​រុស្ស៊ី​ធ្វើ​នៅ​ថ្ងៃនេះ គឺជា​លើកទី១៧​ហើយ គិត​តាំងពី​ខែកញ្ញាឆ្នាំ​២០០៥មក ។ ពីក្នុងនោះ ៩ដង​គឺ​បាន​ជោគជ័យ ទាំងស្រុង ៦ដង មិន​សម្រេច​ដូច​ចិត្ត ២ដង ត្រូវចាត់ទុក​ថា ជោគជ័យដែរ តែ​មិន​ពេញ​លក្ខណៈ។

គ្រាន់តែ​កន្លះឆ្នាំ​ចុងក្រោយ មាន​ធ្វើការ​បាញ់សាកល្បង​វា យ៉ាង​ជោគជ័យ​បាន​ដល់​៣លើក៖ គឺនា​ថ្ងៃ​២៨​មិថុនា ថ្ងៃ​២៨​សីហា និងថ្ងៃ២៨តុលានេះ ហេតុដែល​ញ៉ាំងឲ្យ​រុស្ស៊ី មាន​ភាពកក់ក្តៅ ក្នុង​កម្រិត​កាន់តែខ្ពស់​ឡើង មុន​នឹង​យកវា​ទៅបំពាក់​នៅ​នឹង​នាវាមុជទឹក​បរមាណូ​យុទ្ធសាស្ត្រ ប្រភេទ ដូច​នាវាមុជ​ទឹក​ដ៏​ទំនើប​ឈ្មោះ Yuri Dolgoruki ដែលមាន​បាញ់​ចេញ​ថ្ងៃនេះ សរុប​ទៅ គឺ​នាវាមុជទឹក​ចំនួន​ដល់ ៨គ្រឿង ទៅទល់​ឆ្នាំ២០១៥។

គេចាត់ទុក Boulava ជាកាំជ្រួច មានមូលដ្ឋាន ប្រចាំនៅសមុទ្រ ដោយមក​ពី​កាំជ្រួច Boulava សម្រាប់​បំពាក់​នៅនឹង​នាវាមុជទឹក គឺខុស​ពីមីស្ស៊ីល​ដែលមាន​មូលដ្ឋាន​លើដី​គោក ឈ្មោះ​កាំជ្រួច “Topol“។

តាមចំណាត់ថ្នាក់​របស់​ក្រសួង​ការពារជាតិ​អាមេរិក និង​បក្សសម្ព័ន្ធ អូតង់ កាំជ្រួច​មីស្ស៊ីល​រុស្ស៊ី ស្រករ​ថ្មី “Boulava” បាន​ទទួល​ឈ្មោះ​ថា SS-NX-30។

កាំជ្រួច​អន្តរទ្វីបនេះ​អាចបាញ់​ទៅ​ចម្ងាយដល់ ៩.៣០០គីឡូម៉ែត្រ. ដោយ​ល្បឿន​ហោះ​របស់​វា គឺ ៨គីឡូម៉ែត្រ.ក្នុង១វិនាទី។ វាដើរដោយឥន្ធនៈ​ជា​ធាតុរឹង។ វាអាចពាំ ក្បាលនុយក្លេអ៊ែរ ចំនួនពី ៦ ដល់ ១០ក្បាល ដែល​នីមួយៗ​អាចហោះ​បត់បែន​តាមខ្សែផ្លូវ​ហោះ​របស់វា​រៀងៗ​ខ្លួន ទាំង​ផ្ទុក ទៅ​ដោយ រំសេវ​នុយក្លេអ៊ែរ កម្លាំងផ្ទុះ ពី១០០ ដល់ ១៥០ គីឡូតោន។ សម្រាប់​ជាការយល់ដឹង គ្រាប់បែក​បរមាណូ ដែលមាន​ឈ្មោះ​ថា” កូនង៉ែត “ ដែលស.រ.អា. បាន​ទម្លាក់លើ​ក្រុងជប៉ុន Hiroshima ក្នុងឆ្នាំ១៩៤៥ គឺបាន​មាន​កម្លាំងផ្ទុះ​តែ ២០​គីឡូតោន​ប៉ុណ្ណោះ។

កាំជ្រួច​មីស្ស៊ីល​ទំនើប​របស់​រុស្ស៊ី សុទ្ធតែ​តាំងគោលដៅ ដើម្បី​ពុះពារជំនះ ឲ្យទាល់តែ​បាន លើ “ប្រព័ន្ធ​ខែលមីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” ដែលស.រ.អា. កំពុង​បង្កើត​ឡើង​ឲ្យ​ប្រចាំការ នៅ​ទ្វីបអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI