រុស្ស៊ី

ម៉ូស្គូ​ទាមទារ​ពី​វ៉ាស៊ីនតោន ឲ្យ​ធានា​តាម​ផ្លូវ​គតិយុត្ត ដល់​សន្តិសុខ​ប្រទេស​រុស្ស៊ី

ប្រធានាធិបតី​រូម៉ានី Traian Basescu។ រូម៉ានី​ទើប​យល់​ព្រម​ប្រគល់​ទឹក​ដី​ឲ្យ​អាមេរិក​ដាក់​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល
ប្រធានាធិបតី​រូម៉ានី Traian Basescu។ រូម៉ានី​ទើប​យល់​ព្រម​ប្រគល់​ទឹក​ដី​ឲ្យ​អាមេរិក​ដាក់​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល © Reuters

ការទាមទារ​នេះ មាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍ យប់មិញ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី បន្ទាប់ពី​ប្រទេស​រូម៉ានី យល់ព្រម​ប្រគល់​ដែនដី​ខ្លួន​ឲ្យ​ស.រ.អា.​បង្កើត​ជា​“ខែល​កាំជ្រួច​មីស្ស៊ីល​ ប្រឆាំង​មីស្ស៊ីល” ដែល​ជា​ភាគ​មួយ​នៃ​“ប្រព័ន្ធ​ខែល​អាមេរិកាំង​បែប​នេះ” សម្រាប់​ប្រចាំ​នៅ​អឺរ៉ុប​ខាង​កើត គឺ​នៅ​ជិត​បង្កើយ​នឹង​រុស្ស៊ី ហេតុ​ដែល​តាម​យោបល់​ម៉ូស្គូ គឺ​ជា​ការគំរាម​ដល់ ”សក្តានុពល​យុទ្ធសាស្ត្រ​បរមាណូ”​ របស់​រុស្ស៊ី​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការបរទេស​រុស្ស៊ី ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លួន​លើក​ឡើង​ថា ៖​ “ទីក្រុង​ម៉ូស្គូ​សង្ឃឹម​ទទួល​ឲ្យ​បាន​យ៉ាង​ឆាប់​ពី​ស.រ.អា. នូវ​ការ​ធានា​តាម​ផ្លូវ​គតិយុត្ត ដែល​ថា​“ប្រព័ន្ធ​ខែល​មីស្ស៊ីល​ទុក​សម្រាប់​ស្កាត់​ចាប់​មីស្ស៊ីល​ឯ​ទៀត” ដែល​ទីក្រុង​វ៉ាស៊ីនតោន កំពុង​បង្កើត​ឡើង នៅ​ទ្វីប​អឺរ៉ុប គឺ​ឥត​តម្រង់​មក​ប្រឆាំង​នឹង​កង​កម្លាំង​យុទ្ធសាស្ត្រ​បរមាណូ របស់​រុស្ស៊ី​ឡើយ។

ភាគី​រុស្ស៊ី ធ្លាប់​បាន​គូស​បញ្ជាក់​ទៅ​ហើយ​ថា “ការធានា​តាម​ផ្លូវ​គតិយុត្ត​នេះ “ គឺ​មាន​ន័យថា​ ត្រូវ​មាន​ចុះ​ឯកសារ​ជា​លាយ​ល័ក្ខ​អក្សរ ស្តី​អំពី​ការធានា​នេះ ហើយ​បន្ទាប់​មក អនុម័ត​ដោយ​សភា​អាមេរិកាំង លុះ​ទាល់​តែ​មាន​សុពលភាព​ជា​ច្បាប់ ដែល​ចង​ជា​កាតព្វកិច្ច​ទៅ​លើ​ពួក​យោធា កុំ​ឲ្យ​ប្រើ​កាំជ្រួច​នោះ​ប្រឆាំង​នឹង​សន្តិសុខ​រុស្ស៊ី។

ទីក្រុង​ម៉ូស្គូ​នៅ​តែ​បន្ត​សង្កត់​ធ្ងន់​ទៅ​លើ​ចំណុច​ធានា​នេះ ពីព្រោះ​ខ្លួន​នៅ​ចងចាំ​ជានិច្ច​សេចក្តី​ថ្លែងការណ៍ ធ្វើ​កាលពី​ខែ​មីនា​ឆ្នាំ​នេះ ដោយ​លោក​អនុប្រធានាធិបតី​អាមេរិកាំង​ Joseph Biden ដែល​ថា​ស.រ.អា. ច្បាស់​ជា​មិន​អាច​ផ្តល់​ឡើយ​ដល់​រុស្ស៊ី​នូវ​ការ​ធានា​តាម​ផ្លូវ​គតិយុត្ត ដែល​ថា​ប្រព័ន្ធ​ខែល​មីស្ស៊ីល​អាមេរិកាំង​នៅ​ទ្វីប​អឺរ៉ុប នឹង​ពុំ​តម្រង់​ទល់​នឹង​ភាគី​រុស្ស៊ី។

ក្រសួង​ការបរទេស​រុស្ស៊ី ថ្លែង​ថា​ការធានា​នេះ ចោទ​កាន់​តែ​ប្រកប​ដោយ​បច្ចុប្បន្នភាព​ឡើង ក្នុង​ផ្ទៃ​នៃ​គំរោង​អាមេរិកាំង បង្កើត​ទៅ​ទល់​ឆ្នាំ​២០១៥ ជា​ខែល​កាំជ្រួច​ប្រឆាំង​មីស្ស៊ីល​ គឺ​នៅ​រូម៉ានី ហើយ​ទៅ​ទល់​ឆ្នាំ​២០១៨ ជា​ខែល​បែប​នេះ នៅ​លើ​ដែនដី​ប៉ូឡូញ ជិត​បង្កើយ​នឹង​រុស្ស៊ី​តែ​ម្តង។

ពាក្យ​ថ្លែង​​ធ្វើ​ម្សិលមិញ ដោយ​ប្រធានាធិបតី​រូម៉ានី លោក Traian Basescu ដែល​ថា អនាគត​ខែល​អាមេរិកាំង​នោះ​ដែល​នឹង​បង្កើត​ឡើង នៅ​លើ​ដែនដី​រូម៉ានី ហើយ​ដែល​នឹង​មាន​យោធា​ឈរ​ជើង​ប្រចាំ​ការ​យ៉ាង​ច្រើន​ណាស់ គឺ​ត្រឹម​៥០០​នាក់ នឹង​ពុំ​តម្រង់​ប្រឆាំង​រុស្ស៊ី​ឡើយ គឺ​ជា​សំដី​អះអាង​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​រុស្ស៊ី។ ខែល​នេះ​នឹង​បង្កើត​ឡើង គឺ​នៅ​លើ​មូលដ្ឋាន​កង​អាកាស​រូម៉ានី​ឈ្មោះ Deveselu នៅ​ចម្ងាយ​២០០គ.ម. ​ពី​រដ្ឋធានី Bucarest។ មូលដ្ឋាន​នេះ​សោត​បាន​ត្រូវ​សង់​ឡើង​ដោយ​សហភាព​សូវៀត តាំង​ពី​ឆ្នាំ​១៩៥២​ម៉្លេះ។ ប៉ុន្តែ​តាំង​ពី​ឆ្នាំ ២០០២​មក វា​ធ្លាក់​ក្នុង​ភាព​ទ្រុឌទ្រោម​ឈប់​ដំណើរ​ការ​ទៅ។

បញ្ហា​ដែល​ចោទ​ គឺ​នៅ​ត្រង់​រុស្ស៊ី​មិន​ជឿ​សោះ​ឡើយ​ថា ខែល​អាមេរិកាំង​នោះ​ទុក​សម្រាប់​ការពារ​ជា​យថាហេតុ ​ទល់​នឹង​កាំជ្រួច​មីស្ស៊ីល​បាញ់​ចេញ​ពី​ខាង​អៀរ៉ង់ និង​កូរ៉េ​ខាង​ជើង​ស្អី​ណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI