ប៉ូឡូញ

រដ្ឋាភិបាល​ប៉ូឡូញ​ស្វាគម​ចំពោះ​ការទទួល​ស្គាល់​ដោយ​រដ្ឋសភា​រុស្ស៊ី​នូវ​ការសម្លាប់​រង្គាល​នៅ​ភូមិKatyn

នាយក​រដ្ឋមន្ត្រី Donald Tusk ស្វាគម​ចំពោះ​ការទទួល​ស្គាល់​ដោយ​រដ្ឋសភា​រុស្ស៊ី​នូវ​ការសម្លាប់​រង្គាល​នៅ​ភូមិKatyn
នាយក​រដ្ឋមន្ត្រី Donald Tusk ស្វាគម​ចំពោះ​ការទទួល​ស្គាល់​ដោយ​រដ្ឋសភា​រុស្ស៊ី​នូវ​ការសម្លាប់​រង្គាល​នៅ​ភូមិKatyn © Reuters

គឺ​ជា​កាយវិការ​មួយ​ជា​ប្រវត្តិសាស្ត្រ​ នៅ​ក្នុង​ទំនាក់​ទំនង​រវាង​រុស្ស៊ី​និង​ប៉ូឡូញ​។ជា​លើក​ទីមួយ​ ចាប់​តាំង​ពី​៧០ឆ្នាំ​មក​ ​ ប្រទេស​រុស្ស៊ី​ទទួល​ស្គាល់​ការទទួល​ខុស​ត្រូវ​របស់​ស្តាលីន​ នៅ​ក្នុង​ការសម្លាប់​រង្គាល​នៅ​ភូមិ​Katyn។នៅ​ឆ្នាំ​១៩៤០​ ​ នាយ​ទាហាន​ប៉ូឡូញ​ចំនួន​២ម៉ឺន​២ពាន់​នាក់​ត្រូវ​បាន​កងកម្លាំង​ទ័ព​សូវៀត​ សម្លាប់​យ៉ាង​រង្គាល​នៅ​ក្នុង​ភូមិ​នេះ​។ នៅ​ថ្ងៃ​សុក្រ​២៦​វិច្ឆិកា​ម្សិល​ មិញ​ ​ ឌូម៉ា​ជា​រដ្ឋសភា​រុស្ស៊ី​បាន​អនុម័ត​អត្ថបទ​មួយ​ដែល​សំដែង​ “សេចក្តី​អាណិត​អាសូរ​ដ៏​ជ្រាល​ជ្រៅ​របស់​ខ្លួន​ចំពោះ​អ្នក​រង​គ្រោះ​ទាំង​ អស់​ដោយ​ការបង្ក្រាប​គាប​ត្បៀត​មិន​សម​ហេតុ​ផល​នេះ​“។ ជា​កាយវិការ​មួយ​ត្រូវ​គេ​ស្វាគម​នៅ​ប៉ូឡូញ​ ទោះ​បី​ជា​សំនួរ​ជា​ច្រើន​នៅ​តែ​ចោទ​ឡើង​នៅ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ Damien Simonart ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

ទោះ​បី​ជា​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ខ្លាំង​និង​ជា​និមិត្តរូប​ក្តី​ ​ ក៏​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋសភា​ឌូម៉ា​រុស្ស៊ី​ពុំ​បាន​ញ៉ាំង​ឲ្យ​មាន​ក្តី​សប្បាយ​ចិត្ត​ខ្លាំង​ជា​ទូទៅ​ នៅ​ខាង​ប៉ូឡូញ​ទេ។ សំរាប់​លោក​នាយក​រដ្ឋ​មន្ត្រី​Donald​ Tusk​ “គឺ​ជា​កាយវិការ​នយោបាយ​មួយ​ដ៏​សំខាន់​ ​ ប៉ុន្តែ​ប៉ូឡូញ​ទន្ទឹង​រង់​ចាំ​សេចក្តី​សម្រេច​ចិត្ត​ដ៏​ក្លាហាន​ជាង​នេះ​ពី​ខាង​រដ្ឋាភិបាល​រុស្ស៊ី”។

អាជ្ញាធរ​ប៉ូឡូញ​ទន្ទឹង​រង់​ចាំ​ជាអាទិ៍​ ពី​សមភាគី​រុស្ស៊ី​ឲ្យ​​គេ​បង្ហើប​បង្ហាញ​គ្រប់​បណ្ណសារ​សម្ងាត់​ទាំង​អស់​ទាក់​ទង​នឹង​ការសម្លាប់​រង្គាល​ នៅ​ភូមិ​Katyn​ និង​បញ្ជី​រាយ​ឈ្មោះ​នាយ​ទាហាន​ប៉ូឡូញ​ទាំង​២ម៉ឺន២ពាន់​នាក់​បាញ់​សម្លាប់​នៅ​ឆ្នាំ​១៩៤០។
ស្រប​តាម​បណ្ឌិត​សាស្ត្រាចារ្យ​Andrej​ Nowak​ជា​អ្នក​ឯក​ទេស​ខាង​បញ្ហា​សហភាព​សូវៀត​ “អត្ថបទ​អនុម័ត​ដោយ​រដ្ឋសភា​ឌូម៉ា​គ្មាន​ផល​វិបាក​គតិយុត្ត​អ្វី​សោះ”​ សំរាប់​ប្រទេស​រុស្ស៊ី។ ក្នុង​ន័យ​នេះ​ “អត្ថបទ​នេះ​មាន​ប្រយោជន៍​សំរាប់​ពលរដ្ឋ​រុស្ស៊ី​ជាង​ពលរដ្ឋ​ប៉ូឡូញ​ ដើម្បី​ចោទ​សួរ​ខ្លួន​ឯង​ចង់​ដឹង​ថា​ តើ​ស្តាលីន​ពិត​ជា​អ្នក​ដឹកនាំ​ម្នាក់​ដ៏​ល្អ​ឬ​ក៏​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ”។

ក្នុង​ចន្លោះ​ពេល​២​សប្តាហ៍​ទៀត​ពី​ទស្សនកិច្ច​ដែល​ត្រូវ​គេ​ទន្ទឹង​រង់​ចាំ​ខ្លាំង​ណាស់​របស់​លោក​ប្រធានាធិបតី​Medvedev​ នៅ​ទី​ក្រុង​វ៉ាសូវី​ ជំហាន​ថ្មី​នេះ​របស់​ម៉ូស្គូ​មាន​គោល​ដៅ​ ដើម្បី​បន្ត​ធ្វើ​ឲ្យ​​កក់​ក្តៅ​ឡើង​វិញ​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។គ្រួសារ​អ្នក​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​​នៅ​Strasbourg​សង្ឃឹម​ថា​ អត្ថបទ​នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​និង​ពុំ​មែន​ជា​ចំណុច​ចុង​ក្រោយ​ នៅ​ក្នុង​ការបំភ្លឺ​អំពី​ព្រឹត្តិការណ៍​ នៅ​ភូមិ​Katyn​នោះ​ឡើយ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI