រុស្ស៊ី-ចិន

ទីក្រុងម៉ូស្គូ ក៏​ជ្រើស​យក​ចិន ជា​ដៃ​គូ​ដែរ សម្រាប់​ធ្វើ​ទំនើបកម្ម

ទង់ជាតិ​រុស្ស៊ី​ (ឆ្វេង) និង​ចិន
ទង់ជាតិ​រុស្ស៊ី​ (ឆ្វេង) និង​ចិន Reuters/Kota Kyogooku/Pool

នេះ​ជា​ខ្លឹមសារ​នៃ​ទស្សនកិច្ច​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ពូទីន ដែល​ចាប់ផ្តើម ថ្ងៃ​ចន្ទ​ទី​១០​តុលា​នេះ នៅ​ទីក្រុង​ប៉េកាំង។ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​មាន​ចុះ ៖ “អនុស្សរណៈ​ស្តី​អំពី​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ធ្វើ​ទំនើបកម្ម”។ ឯកសារ​នេះ គឺ​ស្រដៀង​នឹង​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា “ភាព​ជា​ដៃ​គូ​សម្រាប់​ធ្វើ​ទំនើបកម្ម” ដែល​រុស្ស៊ី​បាន​ចុះ​ទៅ​ហើយ ជាមួយ​សហភាព​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

តាម​ដែល​ប្រភព​ក្នុង​ក្រសួង​ការបរទេស​រុស្ស៊ី​ថ្លែង​ទៅ​កាសែត Kommersant ថ្ងៃនេះ ៖ រហូត​មក​ទល់​ពេល​ចុង​ក្រោយ រុស្ស៊ី​តែង​បាន​ចាត់ទុក តែ​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប ស.រ.អា. និង​រដ្ឋ​លូតលាស់​ខ្ពស់​ឯ​ទៀត​នៃ​បស្ចិមលោក ជា​ភាគី​ដែល​អាច​ផ្តល់​បច្ចេកវិជ្ជា​ឈាន​មុខ​ហៅ​ថា​ High Tech សម្រាប់​ធ្វើ​ទំនើបកម្ម​សេដ្ឋកិច្ច​រុស្ស៊ី ទោះបី​តាំងពី​យូរ​មក​ហើយ ទីក្រុង​ប៉េកាំង​បាន​ស្នើ​មក​ម៉ូស្គូ នូវ​គម្រោង​បែប​នេះ​ក្តី ពីព្រោះ​វិមាន​ក្រេមឡាំង តែង​យល់​ឃើញ​ថា ចិន​ច្បាស់​ជា​មិន​អាច​ជួយ​រុស្ស៊ី ខាង​ធ្វើ​ទំនើបកម្ម​តាម​ផ្លូវ​បច្ចេកវិជ្ជា​ឈាន​មុខ​នោះ​ឡើយ ដោយ​ចិន​ប្រើ​កម្លាំង​ពលកម្ម​ថោក​ទេ​តើ។

ប៉ុន្តែ ជា​លទ្ធផល​ទស្សនកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ នៅ​ប្រទេស​ចិន កាលពី ខែ​កញ្ញា​ឆ្នាំ​មុន គូភាគី​ក៏​បាន​ព្រមព្រៀង​គ្នា​ត្រួសៗ​ជា​មុន ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ នឹង​ដាក់​ឲ្យ​ដំណើរការ គឺ​កម្មវិធី​នៃ​សហប្រតិបត្តិការ​លើ​វិស័យ​ធ្វើ​ទំនើបកម្ម។ រហូត​មក​ទល់​ឥឡូវ រុស្ស៊ី​បាន​ចុះ​កម្មវិធី​បែប​នេះ នៅ​ទ្វីប​អាស៊ី តែ​ជាមួយ​ប្រទេស​មួយ​គត់ គឺ​កូរ៉េ​ខាង​ត្បូង។

ម៉ូស្គូ​សង្ឃឹម​ថា អភិក្រម​នៃ​ទំនើបកម្ម​រុស្ស៊ី-​ចិន នឹង​មាន “លក្ខណៈ​ឧភតោ​ភាគី” ក្នុង​ន័យ​ថា ៖
- រុស្ស៊ី នឹង​ជួយ​ជ្រោមជ្រែង​ប្រទេស​ចិន ក្នុង​ការអភិវឌ្ឍន៍​ថាមពល​បរមាណូ វិស័យ​អវកាស និង​សំណង់​យន្តហោះ។
- ចំណែក​ប៉េកាំង នឹង​ជួយ​ម៉ូស្គូ ឲ្យ​តាម​ទាន់​បណ្ដា​ប្រទេស​លូតលាស់ ខាង​អភិវឌ្ឍន៍​វិស័យ ដឹកជញ្ជូន​តាម​ផ្លូវ​ដែក ដោយ​ប្រើ​រថភ្លើង​ល្បឿនលឿន ខាង​សាងសង់​នាវា​សមុទ្រ ខាង​ផលិត​ម៉ាស៊ីន​ឧបករណ៍​សម្រាប់​ស្ដារ​ឡើង​វិញ​ថាមពល​ដែល​ប្រើ​រួច​ហើយ។

តាមកាសែត Kommersant កត់​សម្គាល់ ៖ ភាគី​ចិន នឹង​ខិត​ខំ​ទាញ​យក​ឲ្យ​បាន​ជា​អតិបរមា នូវ​គុណប្រយោជន៍ ពី​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​សម្បូណ៌​ទៅ​ដោយ​ធនធាន​ធម្មជាតិ ដែល​ទាក់​ចិត្ត​ក្រៃ សម្រាប់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង ភូម៌សាស្ត្រ​នយោបាយ របស់​ទីក្រុង​ប៉េកាំង។

ទីភ្នាក់ងារពត៌មាន Reuters សម្តែង​នូវ​ចំណាប់​អារម្មណ៍​ថា នេះ​ជា​ទស្សនកិច្ច​លើក​ទី​១​របស់​លោក​នាយក​រដ្ឋមន្ត្រី ពូទីន នៅ​បរទេស ក្រោយ​ពី​ថ្ងៃ​២៤​កញ្ញា​កន្លង​ទៅ​ មាន​ធ្លាយ​ចេញ​មក​នូវ​ដំណឹង​ជា​ផ្លូវការ​ថា ក្នុង​ឆ្នាំ​ក្រោយ បុរស​ខ្លាំង​នេះ​នឹង​វិល​ត្រឡប់​ទៅ​កាន់​តំណែង​កំពូល ជា​ប្រធានាធិបតី​នៅ​រុស្ស៊ី​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI