រុស្ស៊ី​-OMC

នៅទីបំផុត រុស្ស៊ី​នឹង​ចូល​ជា​សមាជិក​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ស្លាកសញ្ញា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (OMC)
ស្លាកសញ្ញា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (OMC) © OMC 2011

សេចក្តីនេះ​ប្រកាស​ព្រឹកមិញ ក្នុង​សន្និសីទ​កាសែត​នៅ​ម៉ូស្គូ ដោយ​ជំនួយការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ខាង​បញ្ហា​សេដ្ឋកិច្ច លោក Arkady Dvorkovich ដែល​បំភ្លឺ​ឲ្យ​ដឹង​ថា លទ្ធភាព​សម្រាប់​រុស្ស៊ី​ចូល​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ កើត​ឡើង ក្រោយ​ពី​ប្រទេស Georgie ដែល​មក​ទល់​ឥឡូវ​ជា​ប្រទេស​តែ​មួយ​គត់​តែង​ជំទាស់ សុខ​ចិត្ត​ដក​ការ​ទាមទារ​របស់​ខ្លួន​ចេញ​ទៅ​វិញ។

ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​នៃ​ការ​ទាមទារ​ឥត​រេរា អស់​ពេល​យ៉ាង​យូរ​នោះ គឺ​ឲ្យ​ពួក​អ្នក​តំណាង​របស់ Georgie ចូលរួម​ជាមួយ​រុស្ស៊ី ធ្វើការ​ត្រួត​ពិនិត្យ​នៅ​ប៉ុស្តិ៍​គយ ត្រង់​ព្រំដែន​រុស្ស៊ី និង ដែនដី Abkhazie និង នៅ​ត្រង់​ព្រំដែន​រវាង​រុស្ស៊ី និង ដែនដី Ossetie ខាង​ត្បូង ដោយ Georgie បន្ត​ចាត់​ទុក​ដែនដី​ទាំង​២​នេះ ជា​ដែនដី​អបគម​របស់​រដ្ឋ Georgie។ រុស្ស៊ី​ពី​ចំណែក​ខ្លួន តែង​ច្រាន​ចោល​ការទាមទារ​នោះ ដោយ​ចាត់ទុក​Abkhazie​ និង Ossetie ខាងត្បូង ជា​រដ្ឋ​ឯករាជ្យ​ទៅ​ហើយ។

ដើម្បី​បុក​ទម្លាយ​ស្ថានភាព​ដែល​គ្មាន​ច្រក​ចេញ​នេះ ប្រទេស​ស្វ៊ីស ដែល​ដើរ​តួ​ជា​អន្តរការី ប្រគល់​ដែនដី​ខ្លួន​ឲ្យ​រុស្ស៊ី និង Georgie ធ្វើ​កិច្ចចរចា ក្រោយពី​គូ​ភាគី​នេះ​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា ក្នុង​ឆ្នាំ​២០០៨​មក ក៏​បាន​ដាក់​ចេញ​នូវ​សំណើ ដើម្បី​ឲ្យ​រុស្ស៊ី និង Georgie ធ្វើ​សម្បទាន​ទៅ​វិញ​ទៅ​មក​ទៅ គឺ​តាម​ផ្លូវ​បញ្ចូល​ពួក​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ឲ្យ​ទៅ​ប្រចាំ​ការ​ត្រួតពិនិត្យ នៅ​តាម​ប៉ុស្តិ៍​គយ ២​កន្លែង​នោះ។

ពេល​ទទួល​ជួប​លោកស្រី​ប្រធានាធិបតី ស្វ៊ីស Micheline Calmy-Rey ថ្ងៃ ៣០ តុលា ម្សិលមិញ នៅ​ឯ​និវេសនដ្ឋាន​ជាយ​ក្រុង​ម៉ូស្គូ លោក​ប្រធានាធិបតី​រុស្ស៊ី មេដេវេដេវ បាន​សម្តែង​អំណរគុណ ទៅ​កាន់​សមភាគី​ស្វ៊ីស​ ចំពោះ​ការ​ដើរ​តួ​អន្តរការី​ប្រកប​ដោយ​ផ្លែផ្កា ជួយ​សម្រួល​ឲ្យ​រុស្ស៊ី​ឆាប់​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅ​កាត់ថា OMC គឺ​នៅ​ម្តុំ​កណ្តាល​ខែ​ធ្នូ​ខាង​មុខ​ទៅ​ហើយ។

លោកស្រី​ប្រធានាធិបតី​ស្វ៊ីស​ Micheline Calmy-Rey ពី​ចំណែក​ខ្លួន​បាន​ថ្លែង​អំណរគុណ មក​កាន់​ប្រមុខ​រដ្ឋ​រុស្ស៊ី ដែល​ទុក​ចិត្ត​ឲ្យ​ប្រទេសស្វ៊ីស​​ដើរ​តួ​ជា​អន្តរការី​នោះ។

ដូច្នេះ រុស្ស៊ី ក្រោយ​ពី​ធ្វើ​កិច្ចចរចា អស់​១៧​ឆ្នាំ​មក នៅ​ទី​បំផុត នឹង​ត្រូវ​ទទួល​ឲ្យ​ចូល​ជា​សមាជិក ទី​១៥៤ របស់ OMC អង្គការ​ដែល​ប្រសូត​មក​ក្នុង​ឆ្នាំ​១៩៩៥ សម្រាប់​តាម​ឃ្លាំ​មើល​ការអនុវត្តន៍​រាល់​តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ ចុះ​ក្នុង​ក្របខ័ណ្ឌ នៃ​“កិច្ចព្រមព្រៀង​ទូទៅ​ស្តី​អំពី​អត្រា​ពន្ធគយ និង​ពាណិជ្ជកម្ម” ហៅ​កាត់​ថា GATT ចុះ​នៅ​ឯ​ក្រុង Genève ឆ្នាំ​១៩៤៧។

មកពី​មូលហេតុ​នេះ ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC មាន​ទីស្នាក់ការ​របស់​ខ្លួន នៅ​ក្រុង Genève៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI