រុស្ស៊ី

ម៉ូស្គូ​ដើរ​តួជា​អន្តរការី​រវាង​ក្រុង​ទ្រីប៉ូលី និង​ក្រុង​បិនហ្គាហ្ស៊ី

លោកSerguei Lavrov  ​ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ថ្លែង​ថា រុស្ស៊ី​នឹង​ដើរតួ​ជា​អន្តរការី​ក្នុង​វិបត្តិ​នៅ​លីប៊ី
លោកSerguei Lavrov ​ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ថ្លែង​ថា រុស្ស៊ី​នឹង​ដើរតួ​ជា​អន្តរការី​ក្នុង​វិបត្តិ​នៅ​លីប៊ី ©Reuters

តាមដែល​ប្រមុខ​ការទូត​រុស្ស៊ី លោក Serguei Lavrov បានថ្លែង ល្ងាចមិញ គឺ ថ្ងៃអង្គារ​នេះ ដែល​ពួកអ្នកតំណាង​នៃ​របប កាដាហ្វី ម៉ូស្គូ ហើយ ថ្ងៃពុធស្អែក ទាំង​គណៈប្រតិភូ​របស់ ភាគី​ប្រឆាំង នៅលីប៊ី ក៏​ត្រូវ​មកដល់​រដ្ឋធានី​រុស្ស៊ីដែរ ប៉ុន្តែ ភាគី​ប្រឆាំង​នេះ​បាន​បង្ខំចិត្ត សុំលើក​ពេល​ទស្សនកិច្ច​របស់គេ ទៅថ្ងៃ​ក្រោយបន្តិច​សិន មក​ពី “ មូលហេតុ​បច្ចេកទេស“។

ផ្សាយពាណិជ្ជកម្ម

 

ថ្លែង​ទៅកាន់​បេសកជន​ពិសេស​របស់​អគ្គលេខាធិការ​អ.ស.ប. ទទួល​បន្ទុក ខាងបញ្ហាលីប៊ី លោក  Abdel Ilah al-Hatyb  ក្នុង​ជំនួប​នៅ​ទីក្រុងម៉ូស្គូ ល្ងាច​ម្សិលមិញ លោក រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov  បានប្រកាស​ឲ្យដឹងថា រុស្ស៊ី គាំទ្រ​ពេញទី ដល់​គំនិត​ផ្តួចផ្តើម បំផុស​មក​ដោយ​អង្គការ “សហភាព​អាហ្វ្រិក” (សហភាព ដែល​បច្ចុប្ប្នន្ន មាន​៥២​ប្រទេស​នេះ​ជាសមាជិក) សំដៅ​ទៅបញ្ឈប់​ការបាញ់គ្នា នៅ​លីប៊ី ហើយ ឲ្យ​គូភាគី​បដិបក្ខ ចាប់ផ្តើម​សង្វាត​ទៅ គ្រាន់នឹង​សម្រេច​ឲ្យបាន នូវ​ការផ្សះផ្សា​ជាតិ ក្នុង​ផល​ប្រយោជន៍ របស់​ប្រជាជន​លីប៊ី​ទាំងមូល ​ ក្នុង​ផលប្រយោជន៍​នៃ​អធិបតេយ្យ និង បូរណភាព​ដែនដី​រដ្ឋលីប៊ី។

តាម​ប្រសាសន៍ ប្រមុខ​ការទូត​រុស្ស៊ី មាន​ការសម្រប​យោបល់គ្នា​ទៅហើយ ថា ទាំង​ពួក​អ្នកតំណាង​ក្រុង ទ្រីប៉ូលី ទាំង​ពួកអ្នកតំណាង ក្រុង ប៊ិនហ្គាហ្ស៊ី នឹង​ធ្វើដំណើរ​មកកាន់​ក្រុងម៉ូស្គូ។ ពី​ចំណែកខ្លួន ម៉ូស្គូ​ត្រៀម​និយាយ ជាមួយ គ្រប់​ភាគី​ទាំងអស់។ រុស្ស៊ី ប្រាថ្នា​ខ្លាំងមែនទែន ឲ្យ​មាន​ការឈប់​បង្ហូរឈាម យ៉ាង​ឆាប់បំផុត នៅ​លីប៊ី ហើយ​ផ្តើម​ដោះស្រាយ​ស្ថានការណ៍ នៅទីនោះ តាមផ្លូវ​នយោបាយ។

ព្រមជាមួយនេះ លោក Lavrov  ក៏​សង្កត់ធ្ងន់​ថា ពេល​ជួប ជាមួយ​ពួកអ្នកតំណាង​របស់​លោក​កាដាហ្វី ម៉ូស្គូ​នឹង​ទទូច ឲ្យក្រុងទ្រីប៉ូលី បំពេញ​ឥតខ្ចោះ តាម​ការទាមទារ​ធំ​ជា​គោល របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. គឺ ចៀសវាង​ជាចាំបាច់ កុំ​ប្រព្រឹត្ត​សកម្មភាព​ណា ដែលនាំ​ឲ្យមាន អ្នកធ្លាក់​ខ្លួន​រងគ្រោះ ក្នុង​ចំណោម​បណ្តាជន​ស៊ីវិល។

បើ​ពួក​អ្នកតំណាង​របប កាដាហ្វី មក​ម៉ូស្គូ គឺ​ដើម្បី​សុំ​ការគាំទ្រ​របស់​រុស្ស៊ី ដោយសារ​ទី១-រុស្ស៊ី ជាសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប.។ រុស្ស៊ី​ដែល​ មិនលង់​ខ្លួន​ទៅចូលរួម​ឡើយ ក្នុង ”សម្ព័ន្ធ​ប្រទេស” ដែល​វាយប្រហារ ទៅលើ​លីប៊ី។ ទី២- រុស្ស៊ី​នៅ​រក្សា​ទំនាក់​ទំនង​ជាផ្លូវការ នៅឡើយ​ជាមួយ​របបនេះ។ ចុះពួក​អ្នកតំណាង ក្រុងប៊ិនហ្គាហ្ស៊ី ដែល​ប្រឆាំង​នឹង កាដាហ្វ៊ី មក​ដើម្បី​អ្វី?

តាមមតិ​កាសែត​រុស្ស៊ី​ខ្លះ ចុះ​ផ្សាយ​នៅថ្ងៃនេះ បើគេ​មកមែន គឺដើម្បី​បង្ខូច​គម្រោង​ផែនការ របស់ក្រុង​ទ្រីប៉ូលី ទេតើ ឬ​មួយ​មិនមក​ទេដឹង​​ ដោយលើក​ពេល ក្រោម​លេសថា មកពី ”មូលហេតុ​បច្ចេកទេស”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI