រុស្ស៊ីប្រតិកម្ម ចំពោះការធ្វើបត្យាប័នពលរដ្ឋខ្លួនពីប្រទេសថៃទៅស រ អា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពលរដ្ឋរុស្ស៊ីនោះ ឈ្មោះ Viktor Bout អាយុ ៤៣ឆ្នាំ ដែលត្រូវអាមេរិកចោទថា ជាឈ្មួញលក់អាវុធ ទៅឲ្យ ក្រុមភេរវជននានាក្នុងលោក បានត្រូវដឹកតាមយន្តហោះអាមេរិកាំង ទៅដល់ក្រុងញីវយ៉ក ទៅហើយ កាលពីល្ងាចម្សិលមិញ។ ទីក្រុងម៉ូស្គូ ចាត់ទុករបៀបរបបធ្វើបត្យាប័ននេះគឺ ជាការបំពានលើបទដ្ឋានពីរ ៖ បទដ្ឋានជានីតិវិធីផង បទដ្ឋានការទូតផង។
សេចក្តីរាយការណ៍របស់ កែវ ឆាយា
ក្នុងសេចក្តីថ្លែងការណ៍ខ្លួន ក្រសួងការបរទេសរុស្ស៊ីសង្កត់ធ្ងន់ថា ការប្រគល់ពលរដ្ឋរុស្ស៊ីនោះ ដោយភាគីថៃទៅក្នុងដៃអាមេរិក ខាងផ្លូវច្បាប់ គឺវាល្មើសលើសាលក្រមចេញដល់ទៅពីរលើក ដោយសាលាឧក្រិដ្ឋថៃផ្ទាល់ ដែលទទួលស្គាល់ថា គ្មានភស្តុតាងគ្រប់គ្រាន់ទេ ដើម្បីកាត់ទោសលោក Viktor Bout ទៅតាមការចោទប្រកាន់របស់ស.រ.អា។ ព្រមជាមួយនេះ ទីក្រុងម៉ូស្គូ សន្យាថា ចាត់រាល់តែវិធានការចាំបាច់សំរាប់ការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋខ្លួន។
គួររំលឹកថា អង្គជំនុំជំរះពីរលើកនោះ បានប្រព្រឹត្តទៅ ក្នុងរយៈពេលជាង២ឆ្នាំកន្លះដែលសាមីខ្លួននោះ បានជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ ក្រោយពីគាត់បានត្រូវអាជ្ញាធរថៃឃាត់ខ្លួនគាត់ក្នុងសណ្ឋាគារមួយ នៃក្រុងបាងកក កាលពីថ្ងៃ៦មីនាឆ្នាំ ២០០៨មក ទៅតាមពាក្យសុំឲ្យចាប់ខ្លួន ពីខាងអាមេរិក។ ប៉ុន្តែ ៣ខែមុន តុលាការថៃស្រាប់តែបានសំរេចថា ឲ្យបញ្ជូនរូបលោក Viktor Bout ទៅឲ្យស.រ.អា រកខុសរកត្រូវទៅ។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serguei Lavrov ដែលម្សិលមិញពេលធ្វើទស្សនកិច្ចនៅប្រទេស Kenya បានថ្លែងក្នុងសន្និសីទកាសែតថា ទង្វើរបស់រដ្ឋាភិបាលថៃ ដែលធ្វើបត្យាប័នពលរដ្ឋរុស្ស៊ី គឺធ្វើក្រោមគំនាបនយោបាយរកលេខដាក់គ្មានពីខាងស.រ.អា ហើយទង្វើនេះ ជាគំរូនៃអយុត្តិធម៌ដែលនាំឲ្យក្តួលក្តៅក្រៃលែង។
សឲ្យឃើញពីការបំពានខាងផ្លូវទូត គឺថាអាជ្ញាធរថៃ ពេលប្រគល់រូបពលរដ្ឋរុស្ស៊ីនោះ ទៅឲ្យអាមេរិក ឥតបានប្រាប់ឲ្យស្ថានទូតរុស្ស៊ីនៅក្រុងបាងកក បានដឹងជាមុនឡើយ។ មិនតែប៉ុណ្ណោះ ក៏ឥតជូនជាដំណឹងអំពីរឿងនេះ ទៅមេធាវីដែលខំការពារកូនក្តីរបស់ខ្លួននោះ និងជាពិសេស មិនឲ្យទាំងប្រពន្ធលោក Viktor Bout ផ្ទាល់ ដែលមានវត្តមាននៅក្រុងបាងកកស្រាប់ ដើម្បីតាមដានអំពីវាសនាប្តីខ្លួន បានដឹងសោះឡើយ។
បើនិយាយពីស្ត្រី ប្រពន្ធលោក Viktor Bout នោះ ក្នុងបទសម្ភាសន៍ទៅកាសែតក្រុងម៉ូស្គូលេខ ថ្ងៃនេះ បានរិះគន់អាជ្ញាធររុស្ស៊ីថា មិនចេះការពារប្តីគាត់ជាពលរដ្ឋរុស្ស៊ី ដោយបណ្តោយឲ្យរបូតបាត់ទៅនូវភ័ព្វសំណាងដែលមានលេចចេញមក សំរាប់ផ្តោះប្តូររូបប្តីគាត់ ទៅនឹងរូបអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនស៊ីណាវ៉ាត់ ដែលកាលពីត្រីមាសទី១ឆ្នាំនេះ បានមកជ្រកកោន មួយរយៈពេលនៅរុស្ស៊ី ហើយដែលត្រូវរដ្ឋាភិបាលលោក អាភីស៊ីត ទាមទារពីរុស្ស៊ីឲ្យ ប្រគល់ទៅក្រុងបាងកក ក្នុងឋានៈជាជនដែលបានត្រូវតុលាការថៃ កាត់ទោសកំបាំងមុខទៅហើយ ចំពោះការប្រើមុខតំណែងខ្លួន ដោយរំលោភលើច្បាប់។ ស្ត្រីនោះ ថ្លែងទាំងក្តៅក្រហាយថា បើប្តីគាត់ ឈ្មោះ Viktor Bout បែរទៅជាអាមេរិកត្រូវការជាងមាតុប្រទេសរុស្ស៊ីទៅវិញនោះ ចាប់ពីអំណើះតទៅ សូមប្តីគាត់ធ្វើទៅនូវរាល់អ្វីៗដែលអាមេរិកត្រូវការចង់បានដើម្បីសង្គ្រោះជីវិតខ្លួន ដោយខ្លួនឯង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ