រុស្ស៊ីក្លាយជាម្ចាស់ផ្ទះជំនួសជប៉ុន
ចុះផ្សាយនៅថ្ងៃ៖
ជំនួសនេះ គឺដើម្បីទទួលឲ្យប្រព្រឹត្តទៅ “ការប្រកួតជើងឯកពិភពលោក ខាងរាំលើទឹកកក ឆ្នាំ២០១១”នេះ។ តាមពិត គឺជប៉ុនទេតើ ដែលត្រូវបំពេញភារកិច្ចនេះ តាំងពីថ្ងៃ២១មីនាដើមសប្តាហ៍នេះ លុះរហូតដល់ថ្ងៃអាទិត្យ ២៧មីនាខាងមុខ។ ប៉ុន្តែដោយមកពី រងគ្រោះធ្ងន់នឹងការរញ្ជយដី កាលពីថ្ងៃ១១មីនាកន្លងទៅ ជប៉ុនក៏បានបង្ខំចិត្ត ប្រកែកតួនាទីនេះ។
សេចក្តីរាយការណ៍កែវ ឆាយាពីទីក្រុងម៉ូស្គូ
រុស្ស៊ីក្លាយជាម្ចាស់ផ្ទះ ជំនួសជប៉ុន គឺដោយយោងទៅលើ លទ្ធផលនៃការបោះឆ្នោត រសៀលថ្ងៃព្រហស្បតិ៍ ទី ២៤ មីនា នៅឯក្រុង Lausanne ប្រទេសSuisse ដែលជាទីស្នាក់ការនៃ “សហភាពកីឡាអន្តរជាតិខាងដើរប៉ាតាំង រំអិលលើទឹកកក“ ជាភាសាអង់គ្លេសថា International Skating Unoin (ISU)។ បេក្ខភាពប្រទេសរុស្ស៊ី ដែលបានទទួល សំឡេងគាំទ្រភាគច្រើនដាច់ខាត ពីក្នុងចំណោម៦៣រដ្ឋ ជាសមាជិក ISU ឈ្នះលើ បេក្ខភាព ៥ប្រទេសទៀត ពោល គឺ សហរដ្ឋអាមេរិក កាណាដា ហ្វាំងឡង់ អូទ្រីស្ត និង ក្រូអាត។
លទ្ធផលនេះសឲ្យឃើញពីការទទួលស្គាល់ឧបការគុណនៃសាលារុស្ស៊ី ដែលជំនាញខាងបណ្តុះបណ្តាលអ្នកកីឡាខ្លួនឲ្យទទួលបានជ័យជំនះ ជាច្រើនលើកទៅហើយខាងមុខកីឡានេះ។
ក្រោយពីបានត្រូវ សហភាពកីឡា ISU ប្រគល់ជាផ្លូវការនូវសិទ្ធិជាម្ចាស់ផ្ទះខាងចាត់ចែង ការប្រកួតជើងឯក មកឲ្យរុស្ស៊ី លោកនាយករដ្ឋមន្ត្រី Poutine បានផ្ទុកផ្តាក់ រដ្ឋមន្ត្រី ក្រសួងកីឡា យុវជន និងទេសចរណ៍ ព្រមទាំងស្ថាប័នសមស្រប ឲ្យរៀបចំ ដោយកុំបង្អែបង្អង់ឡើយ ការប្រកួតនេះ នៅទីក្រុងម៉ូស្គូ ពីថ្ងៃ ២៤មេសា រហូតដល់ថ្ងៃ ទី១ឧសភាខាងមុខ។ គាត់ថែមទាំងអះអាងថា ការប្រកួតជើងឯកនោះនឹងប្រព្រឹត្តទៅ ក្នុងកម្រិតខ្ពស់បំផុតក្នុងលក្ខណៈ នៃការបំពេញឥតខ្ចោះ តាមការទាមទារ របស់ ISU។ រុស្ស៊ី នឹងសម្រួលការចេញទិដ្ឋាការនិងខាងធានាសន្តិសុខដល់រាល់ពួកអ្នកចូលរួមប្រកួត និងរាល់ភ្ញៀវទាំងអស់។
ក្នុងឆ្នាំ២០០៥រុស្ស៊ីធ្លាប់បានធ្វើជាម្ចាស់ផ្ទះ ទទួលការប្រកួតនេះម្តងរួចទៅហើយ។ គួរនិយាយថា សហភាពកីឡា ISU International Skating Union ដែលបានប្រសូតមក នៅប្រទេសហូឡង់ តាំងពីក្នុង ឆ្នាំ១៨៩២ ម៉្លេះ បានបើកធ្វើការប្រកួតជើងឯកពិភពលោក ខាងសិល្បៈរាំរំអិលលើទឹកកក ជាលើកដំបូងបង្អស់ គឺក្នុងឆ្នាំ១៨៩៦ នៅអតីតរាជធានីរុស្ស៊ី ក្រុងSaint-Petersbourg តែម្តង។
អន្តរជាតិបន្តទទួលស្គាល់តួនាទីរុស្ស៊ីខាងកីឡា ដោយប្រគល់ការទុកចិត្តមកលើរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវត្រជាក់ ក្នុងឆ្នាំ២០១៤ ហើយក្នុងឆ្នាំ ២០១៨ គឺ ការប្រកួតជើងឯកពិភពលោកខាងកីឡាបាល់ទាត់ ហៅថា “World Cup-2018“៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ