តើមហន្តរាយនុយក្លេអ៊ែរស៊ីវិលនៅជប៉ុន អាចជះឥទ្ធិពលមកលើវិស័យនុយក្លេអ៊ែរនៅរុស្ស៊ី ឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្ថាប័នរដ្ឋរុស្ស៊ីឈ្មោះ RosAtom ខាងសាងសង់ស្ថានីយអគ្គិសនីបរមាណូ កំពុង តាមដានអំពីប្រតិបត្តិការពុះពារជំនះលើផលវិបាក បណ្តាលមកពីការផ្ទុះខូចក្នុង រោងចក្រអគ្គិសនី ដើរដោយថាមពលបរមាណូនៅក្រុង Fukushima ប្រទេស ជប៉ុន។ ដ្បិតសោកនាដកម្ម នេះ ញ៉ាំងប្រទេសខ្លះឲ្យសំដែងទៅហើយនូវ ឥរិយាបថអវិជ្ជមាន ចំពោះ រោងចក្រអគ្គិសនីណា ដែលដើរដោយ ថាមពលនុយក្លេអ៊ែរ។
សេចក្តីរាយការណ៍របស់កែវ ឆាយាពីទីក្រុងម៉ូស្គូ
មូលហេតុនៃការតាមដាន ដោយយកចិត្តទុកដាក់នេះ គឺមកពី ៖
ទី១ - ក្រោយពីមានការផ្ទុះនេះនៅជប៉ុន ស្រាប់តែមានបន្លឺឡើង ជាការប្រៀបធៀបថា សូម្បីតែជប៉ុនដែលជាប្រទេសល្បី ខាងបច្ចេកវិជ្ជាទំនើប ក៏មិនអាចចៀសផុតពីគ្រោះថ្នាក់បែបនេះ ចុះទំរាំរុស្ស៊ីវិញដែលធ្លាប់បានសាងសង់ស្ថានីយប្រភេទនេះ ដោយប្រើបច្ចេកវិជ្ជាចាស់ តើ សភាពការណ៍ នឹងទៅជាយ៉ាងណាទៅវិញ?
ទី២- ប៉ុន្តែ សំរាប់រុស្ស៊ីវិញ គឺមានមតិផ្ទុយស្រឡះសោះ ដ្បិតការសាងសង់ស្ថានីយអគ្គិសនី បរមាណូ គឺជា វិស័យដែលរុស្ស៊ីអនុវត្ត បច្ចេកវិជ្ជាឈានមុខពេញទី និងជា “ឆ្នាំងបាយ”មួយដ៏សំខាន់នាំចំណូលដល់ថវិកាជាតិ ដូចវិស័យ ២ផ្សេងទៀត ពោលគឺ វិស័យអវកាស និងវិស័យលក់អាវុធ។
ទី៣- បើយុទ្ធនាការខាងពុះពារជំនះ លើមហន្តរាយនុយក្លេអ៊ែរ នៅជប៉ុន បំពាក់ទៅដោយ ជោគជ័យ នោះរុស្ស៊ី នឹងទទួលលទ្ធភាព សង់ តទៅទៀត ស្ថានីយអគ្គិសនីបរមាណូ នៅតាមប្រទេសណាដែលសម្រេចផ្អាកសិន ការសាងសង់បែបនេះ ក្រោយពីឃើញសោកនាដកម្មនោះ ឧទាហរណ៍ ចិន បានផ្អាកសិន ការសាងសង់ ម៉ាស៊ីនប្រតិកម្ម ២កន្លែងទៀត នៅស្ថានីយ តៃវ៉ាន់។
រុស្ស៊ីត្រូវសាងសង់ នៅតាម ១៥ប្រទេស គឺ ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ សរុបទៅ ៣៥ កន្លែង ពីក្នុងនោះ ចំនួន១៩ មានបញ្ជាក់ទៅហើយ ដោយកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល។
ផលប្រយោជន៍ក្នុងការសាងសាង់នេះ គឺខ្ទង់ចំណេញមានអត្រាដល់ទៅ ៥៣% ទោះបី សំរាប់ផ្នែកធានាសន្តិសុខ គឺត្រូវចំណាយអស់៤០%ក្តី។
រុស្ស៊ីជាប្រទេសសម្បូរពិសោធន៍ ខាងសាងសាង់ ស្ថានីយអគ្គិសនីបរមាណូ ៖ រោងចក្រភ្លើងទី១ បែបនេះបានត្រូវរុស្ស៊ីដាក់ឲ្យដំណើរការក្នុងប្រទេស តាំងពីក្នុងឆ្នាំ ១៩៥៤ម៉្លេះ។ នៅអង់គ្លេស គឺក្នុងឆ្នាំ ១៩៥៦។ នៅស.រ.អា. គឺក្នុងឆ្នាំ១៩៥៧។
ពីក្នុងចំណោម ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ ៧៦ ដែលមានសង់បាននៅរុស្ស៊ី ក្នុងអំឡុងពេលជាង កន្លះសតវត្សរ៍កន្លងទៅ នៅដំណើរការគឺ ចំនួន ៣២ ដែលសុទ្ធតែបំពាក់ទៅដោយបច្ចេកវិជ្ជា ឈានមុខ ធ្វើឲ្យរុស្ស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ក្នុងបញ្ជីនាំមុខដោយស.រ.អា ដែលមាន១០៤ , បារាំង មាន៥៨ , ជប៉ុន មាន៥៥។ សរុបទៅក្នុងលោក មាន៤៤៣ ម៉ាស៊ីនប្រតិករបែបនេះ ។
រដ្ឋាភិបាលរុស្ស៊ី មានគម្រោងសង់ក្នុងប្រទេស ឲ្យបានម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ១២កន្លែងទៀត ទៅទល់ឆ្នាំ២០២០។ នៅរុស្ស៊ី អគ្គិសនី បានមកពីធាតុនុយក្លេអ៊ែរ គឺក្នុងអត្រាតែ១៦%ប៉ុណ្ណោះ។ នាំមុខគេគឺបារាំង ដល់ទៅ ៧៥% អាល្លឺម៉ង់ ៦០%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ