រុស្ស៊ី-ប៉ាឡេស្ទីន

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​ទទួល​ជួប​នៅម៉ូស្គូ​ គណៈប្រតិភូ​ប៉ាឡេស្ទីន​

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov © Reuters

ប្រការ​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ថា គណៈប្រតិ​ភូប៉ាឡេស្ទីន ដែល​ថ្ងៃ​នេះ ត្រូវ ទទួល​ជួប​ចរចា ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី​លោក Serguei Lavrov ។ គឺ​ផ្សំ​ឡើង ពី​តំណាង របស់ អង្គការ​ប៉ាឡេស្ទីន​​ពីរ ដែល​ជា​គូ​ប្រជែង​គ្នា ពោលគឺ អង្គការ Fatahផង អង្គការ Hamas​ផង ព្រម​ទាំង​តំណាង” រណសិរ្យ​ប្រជាជន​រំដោះ​ប៉ាឡេស្ទីន” ជា​បក្ស​ឆ្វេង និង អគ្គលេខា “បក្ស​ប្រជាជន​ប៉ាឡេស្ទីន” ជា អតីត​បក្ស​កុម្មុយនិស្ត។

ផ្សាយពាណិជ្ជកម្ម

 

កម្មវត្ថុ​នៃ​ជំនួប គឺ បញ្ហា​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន និង ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ប៉ាឡេស្ទីន។​ គួរ​និយាយ​ថា ពី​ក្នុង​ចំណោម​អន្តរការី​អន្តរជាតិ​៤ ពោល​គឺ រុស្ស៊ី ស.រ.អា. សហភាព​អឺរ៉ុប អ.ស.ប. ដែល​ទទួល​បន្ទុក ខាង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ ទំនាស់​អ៊ីស្រាអែល-ប៉ាឡេស្ទីន មាន​តែ រុស្ស៊ី​មួយ​ប៉ុណ្ណោះ ដែល​មាន​ទំនាក់ទំនង ជាមួយ អង្គការ​Hamas អង្គការ ដែល​បស្ចិមលោក​តែង​ចាត់​ទុក​ថា មាន​ទំនោរ​ភេរវនិយម។

តាមដែលមេដឹកនាំម្នាក់របស់ “បក្សប្រជាជនរំដោះប៉ាឡេស្ទីន” លោក Mustafa Herch បាន​ថ្លែង​មក ទីភ្នាក់ងារពត៌មានរុស្ស៊ី RIA Novosty គណៈប្រតិភូប៉ាឡេស្ទីនចម្រុះ ដែល​បំពេញ​ទស្សនកិច្ច​ នៅម៉ូស្គូ អស់៣ថ្ងៃជាប់មកហើយ គឺតាមសេចក្តីអញ្ជើញ របស់ « វិជ្ជាស្ថាន​បូព៌ា​សាស្ត្រ ​នៅអម បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី  សម្រាប់​បន្ត​តទៅ​ទៀត « សំវាទ​អន្តរភាគី​ប៉ាឡេស្ទីន » ឆ្ពោះទៅបង្រួបបង្រួមជាតិ។

ក្នុងជំនួបថ្ងៃនេះ គណៈប្រតិភួប៉ាឡេស្ទីន សង្ឃឹមទទួលការគាំទ្រ ពីលោក​រដ្ឋមន្ត្រី​ការបរទេស​ រុស្ស៊ី Serguei Lavrov ចំពោះ ៖ ទី១- កិច្ចព្រមព្រៀងស្តីអំពី ការបង្រួបបង្រួមជាតិ និងការបង្កើត ឡើងជា រដ្ឋាភិបាលថ្មីប៉ាឡេស្ទីន , ទី២- គឺគាំទ្រដល់ ការខំប្រឹងប្រែង​របស់​គ្រប់​ភាគី​ប៉ាឡេស្ទីន​ ឆ្ពោះ​ទៅ បង្កើតឡើង ជារដ្ឋប៉ាឡេស្ទីន ក្នុងខ្សែបន្ទាត់ព្រំដែន មុនសង្គ្រាមផ្ទុះឡើង ឆ្នាំ១៩៦៧ ដូចដែល លោកប្រធានាធិបតីអាមេរិកាំង Barak Obama បានស្នើពេលថ្មីៗអ៊ីចឹង ទោះបី មាន​ការ​ជំទាស់ពីខាង អ៊ីស្រាអែលក្តី។

រដ្ឋប៉ាឡេស្ទីន ក្នុងព្រំដែនចាស់នោះ មានន័យថា អ៊ីស្រាអែលត្រូវតែដកកងទ័ពខ្លួន ចេញពី ដែនដី ដែលខ្លួនកាន់កាប់ ក្រោយពីសង្គ្រាមឆ្នាំ១៩៦៧នោះ   គឺ ដកចេញ ពីត្រើយ​ខាង​លិច​នៃ​ទន្លេ​ Jourdain ហៅថា Cisjordanie , ដកចេញីពីតំបន់ Gaza , ដកចេញពី សង្កាត់​ខាង​កើត​នៃ​ក្រុង​ Jerusalem។

កាលពី២ខែមុន ប្រមុខនៃ រដ្ឋបាលជាតិប៉ាឡេស្ទីន លោក Mahmoud Abbas បានសំដែង សេចក្តីសង្ឃឹមថា មហាសន្និបាតអ.ស.ប. នឹងប្រកាសទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន គឺ នៅខែ​កញ្ញា​ឆ្នាំនេះទៅហើយ។

ទីក្រុងម៉ូស្គូ រមែងបានប្រកាស ពីគោលជំហរខ្លួន គឺថា រុស្ស៊ីទទួលស្គាល់ អនាគតរដ្ឋប៉ាឡេស្ទីន ដែលមានសង្កាត់ខាងកើត​នៃក្រុង Jerusalem ជារដ្ឋធានី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI