រុស្ស៊ី-សហភាពអឺរ៉ុប

ជំនួប​កំពូល​រុស្ស៊ី-សហភាព​អឺរ៉ុប​នៅក្រុង​រុស្ស៊ី Saint-Petersbourg

ប្រធានាធិបតី រុស្ស៊ី (កណ្តាល)​អម​ដោយ​ប្រធាន​សហភាព​អឺរ៉ុបនៅទីក្រុង​Saint-Petersbourg នៅថ្ងៃ​ចន្ទ​ទី ៤​មិថុនា ២០១២
ប្រធានាធិបតី រុស្ស៊ី (កណ្តាល)​អម​ដោយ​ប្រធាន​សហភាព​អឺរ៉ុបនៅទីក្រុង​Saint-Petersbourg នៅថ្ងៃ​ចន្ទ​ទី ៤​មិថុនា ២០១២ ©REUTERS/Aleksei Nikolskyi/RIA Novosti/Kremlin

ក្នុង​ជំនួប​កំពូល​នេះ គណៈប្រតិភូ​រុស្ស៊ី ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​ទទួល​ជំនួប ដឹកនាំ ដោយ​លោកប្រធានាធិបតី Vladimir Poutine។ ចំណែក គណៈប្រតិភូ​សហភាពអឺរ៉ុប ដែល​តំណាង​ឲ្យ ២៧​ប្រទេស​សមាជិក ដឹកនាំ​ដោយ លោក Herman Van Rompuy ជា ប្រធាន” ក្រុមប្រឹក្សា​អឺរ៉ុប” និង​លោក Jose-Manuel Barroso ជា​ប្រធាន” គណៈកម្មការ​អឺរ៉ុប”។

ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​ថា ស្ថានការណ៍​វិបត្តិ នៅ​ប្រទេស​ស៊ីរី​ធ្ងន់ធ្ងរ​ដល់កម្រិត តម្រូវ​ឲ្យ​ដោះស្រាយ ជា បន្ទាន់ បានជា​តាំង​ពី​មុន​ចេញ​ដំណើរ​មក​ចូលរួម ក្នុង​ជំនួប​នេះម៉្លេះ លោកស្រី Catherine Ashton ជា​ប្រមុខ​ការទូត​របស់​សហភាព​អឺរ៉ុប បាន​ថ្លែង​ថា ៖ សហភាពអឺរ៉ុប ត្រៀម​ធ្វើការ នៅកៀកជាប់ ជាមួយ​រុស្ស៊ី ដើម្បី​ស្វែងរក​ផ្លូវ បញ្ឈប់​អំពើហិង្សា និង​គាំទ្រ​ដល់​ផែនការ​មាន​៦​ចំណុច របស់ ប្រេសិត​វិសាមញ្ញ​នៃអ.ស.ប. លោក Kofi Annan ដ្បិត ចាំបាច់​ត្រូវបញ្ចៀស​ឲ្យផុត​ពី​មហន្តរាយ។

លោកស្រី​បន្ថែមថា សហភាព​អឺរ៉ុប តែង​ទាក់ទង​ជាប់​ជានិច្ច ជាមួយ​ដៃគូ អន្តរជាតិ​ដ៏​សំខាន់ៗ របស់​ខ្លួន ក្នុងគោលដៅ សម្រប​សម្រួល​ការខំ​ប្រឹងប្រែង​រួមគ្នា ឆ្ពោះ​ទៅ​ដោះស្រាយ​វិបត្តិ នៅស៊ីរី ដោយ​កត់សម្គាល់​ព្រម​ជាមួយនេះ អំពី ”តួនាទី​គន្លឹះ​របស់​ប្រទេស​រុស្ស៊ី

បស្ចិមលោក​តែង​ចាត់ទុក​រុស្ស៊ី ជាប្រទេស​មាន ”ទឹកមាត់ប្រៃ” លើរបបគ្រប់គ្រង នៅស៊ីរី ក្នុង ការដាស់តឿន​របបនេះ​ឲ្យ​គោរព​តាម​បទ​ឈប់បាញ់ របស់​ប្រេសិត​អ.ស.ប.។ រីឯ ម៉ូស្គូផ្ទាល់ គឺ​ថ្កោលទោស ទាំង​ទីក្រុង​ដាម៉ាស ទាំង​ពួកឧទ្ទាម​បះបោរ ក្នុង​ការរំលោភ​បំពាន​លើ​បទ ឈប់បាញ់​នោះ ខុសពី​បស្ចិមលោក​ដែល​ទំលាក់ កំហុស​តែ​ទៅលើ រដ្ឋាភិបាល​លោក​អាសាដ ប៉ុន្តែ ធ្វើថ្លង់​ធ្វើខ្វាក់ ចំពោះ​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ដោយ ពួកប្រឆាំង នៅស៊ីរី។ ទូរទស្សន៍​រុស្ស៊ី បញ្ចាំង​ឲ្យ​ឃើញ​នូវ​សក្ខីកម្ម របស់​អ្នកស្រុក​ក្រុង Houla ដែល​តំណាលថា ពួកឧទ្ទាម បាន​ចាក់​នឹង​កាំបិត ហើយ​បាញ់​សម្លាប់ចោល​អ្នកស្រុក​ណាដែល មិនព្រម​ឆ្លងទៅ នៅ​ខាងពួកគេ និង​ចេះតែ​បន្តគាំទ្រ លោក​អាសាដ​ជាប្រមុខ​រដ្ឋ​ខ្លួនដដែល។

នៅលើ​ផ្លូវនេះ ក្រសួង​ការបរទេស​រុស្ស៊ី ថ្ងៃ៣ មិថុនា​ម្សិលមិញ បានចេញ​សេចក្តី​ថ្លែងការណ៍ រិះគន់ “ក្រុមប្រឹក្សា អ.ស.ប.ខាង​សិទ្ធិ​មនុស្ស” នៅក្រុង Geneve ថា រំលោភ​លើ​សមត្ថកិច្ច​ខ្លួន ដោយ​មិនទាន់​ទាំង​មាន​សេចក្តី​សន្និដ្ឋាន របស់​ពួកអ្នកសង្កេតការណ៍អ.ស.ប.ផង ហ៊ាន​ចេញ​សេចក្តី​សម្រេច​ជា​អត្តនោម័តិ ទំលាក់​ទោស​ទាំងស្រុង​ទៅហើយ ទៅលើ​ទីក្រុង​ដាម៉ាស ចំពោះ​សោកនាដកម្ម នៅក្រុង Houla។

ចំណុច​ខុសគ្នា​ខ្លាំង​មួយទៀត គឺ​ថា បស្ចិមលោក​ដាក់ទិស​ធ្វើ​យ៉ាងណា ទម្លាក់​លោក ប្រធានាធិបតី​អាសាដ​ពីតំណែង បើ​ទម្លាក់​មិនបាន​តាមផ្លូវ​នយោបាយ គឺ​ត្រូវ​ផ្តួល​តាម ផ្លូវធ្វើ អន្តរាគមន៍​យោធា ដូច​នៅ​លីប៊ី​អ៊ីចឹង។ រុស្ស៊ី​វិញ យល់​ថា ការប្តូរ​អំណាចក្នុង ប្រទេសនេះ ឬនោះ គឺជា​ជម្រើស​របស់​ប្រជាជន​ប្រទេស​នោះ​ផ្ទាល់។ ភារកិច្ច​របស់​កម្លាំង នៅក្រៅ គឺ​ជួយ​ជ្រោមជ្រែង​ឲ្យ​ភាគី​បដិបក្ខ​ចរចា​គ្នា ក្នុង​នាម​នៃ​ជម្រើស​នោះ។

តើជំនួប​កំពូល រុស្ស៊ី-សហភាពអឺរ៉ុប​ថ្ងៃនេះ នឹង​សម្រេច​បាន​លទ្ធផល​​យ៉ាងណាៗ នោះ ថ្នាក់ដឹកនាំ​គូភាគី​នឹង​ប្រកាស​ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI