ម៉ូស្គូទិតៀនសេចក្តីសម្រេចរបស់សភាអឺរ៉ុបអំពីស្ថានការណ៍សិទ្ធិមនុស្សនៅរុស្ស៊ី
ម៉ូស្គូ ទិតៀនសេចក្តីសម្រេចរបស់សភាអឺរ៉ុបអំពីស្ថានការណ៍សិទ្ធិមនុស្សនៅរុស្ស៊ី សេចក្តីសម្រេចដែលសភាអឺរ៉ុបចេញម្សិលមិញ គឺពាក់ព័ន្ធនឹងការដែលសភាឌូម៉ារុស្ស៊ី ថ្ងៃ១៤កញ្ញានេះធ្វើការបោះឆ្នោត ដើម្បីបញ្ឈប់មុនកាលកំណត់ អាណត្តិតំណាងរាស្ត្រម្នាក់ខាងបក្សប្រឆាំង។ បញ្ឈប់នេះ ក្រោមលេសថា មកពីគាត់ហ៊ានប្រកប Business ទាំងបំពានលើច្បាប់ដែលហាមមិនឲ្យតំណាងរាស្ត្រធ្វើជំនួញជាដាច់ខាត។ ប៉ុន្តែសភាអឺរ៉ុបយល់ថា នាពេលចុងក្រោយ រុស្ស៊ីតែងប្រើច្បាប់គឺក្នុងគោលដៅនយោបាយទេតើម្រាប់បំបិទសិទ្ធិពួកប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖
សភាអឺរ៉ុបដែលជាអង្គការអំណាចនីតិបញ្ញត្តិជាន់ខ្ពស់របស់សហភាពអឺរ៉ុបក្នុង សេចក្តីសម្រេចនោះផ្តោតការយកចិត្តទុកដាក់ទៅលើវិធានការចាត់ជាបន្តបន្ទាប់ដោយ អាជ្ញាធររុស្ស៊ីឆ្ពោះទៅកាត់បន្ថយបន្តិចម្តងៗ សិទ្ធិពួកប្រឆាំងហេតុដែលអូសទាញស្ថានការណ៍ ខាងសិទ្ធិនិងសេរីភាពជាគន្លិះៗរបស់ពលរដ្ឋរុស្ស៊ី ឲ្យស្រុតចុះអាក្រក់មែនទែន។ ឧទាហរណ៍ ៖
- ការកសាង”សំណុំរឿង” របស់តំណាងរាស្ត្រខាងបក្សប្រឆាំង ឈ្មោះ Guennady Gudkov លុះទាល់តែ ដាក់ជូនសម័យប្រជុំពេញអង្គនៃសភាឌូម៉ា ធ្វើការបោះឆ្នោត ថ្ងៃ១៤កញ្ញានេះ ដើម្បីដកអាណត្តិគាត់ជាតំណាងរាស្ត្រតែម្តងមកពីគាត់ល្បីខាងដឹកនាំ រលកប្រឆាំងទល់នឹងអាជ្ញាធរដែលបានបោកបក់អស់ប៉ុន្មានខែជាប់នៅរុស្ស៊ី។
- ការកាត់ទោសនារី៣នាក់នៃក្រុមចម្រៀង Pussy Riot ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល២ឆ្នាំ ដោយមកពីគេ ពេលឡកនិងច្រៀង ក្នុងវិហារគ្រិស្តសាសនាកាលពីកន្លះឆ្នាំមុន បានទាមទារឲ្យព្រះជាម្ចាស់ បណ្តេញរូបលោកពូទីនចេញពីអំណាចទៅ។
- ការដែលអាជ្ញាធររុស្ស៊ីនៅតែពុំព្រមថ្កោលទោសពួកមន្ត្រីណា ដែលជាប់ពិរុទ្ធ ចំពោះមរណភាពកាលពី៣ឆ្នាំមុននៃមេធាវីជាតិរុស្ស៊ីឈ្មោះ Serguei Magnitsky នៅក្នុងពន្ធនាគារម៉ូស្គូដោយគាត់បានខិតខំការពារផលប្រយោជន៍របស់ មូលនិធិវិនិយោគអង់គ្លេស Hermitage Capital។
សភាអឺរ៉ុប ក៏អំពាវនាវរុស្ស៊ីឲ្យកែប្រែទៅច្បាប់ដែលចាត់ទុក អង្គការក្រៅរដ្ឋាភិបាលណា ដែលទទួលហិរញ្ញប្បទានពីក្រៅសម្រាប់សកម្មភាពខ្លួន ថាជា“ភ្នាក់ងារបរទេស” ស្អីណា។
សភាអឺរ៉ុបក្នុងសេចក្តីសម្រេចនោះក្រើនរំលឹករុស្ស៊ីថា រុស្ស៊ីក្នុងឋានៈជាសមាជិកពេញលក្ខណៈនៃ “ក្រុមប្រឹក្សាអឺរ៉ុប” និង “អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប” OSCE បានទទួលយកទៅដាក់លើខ្លួន នូវកាតព្វកិច្ចជាក់លាក់ ខាងបំពេញតាមស្តង់ដារអឺរ៉ុបក្នុងវិស័យធានាសិទ្ធិមនុស្សប្រជាធិបតេយ្យ ឧត្តមភាពនៃច្បាប់ និង ឯករាជ្យភាពនៃអំណាចតុលាការ។
ជាចម្លើយបកវិញ វិមានក្រេមឡាំងបានប្រតិកម្មច្រានចោល មិនទទួលយកទេ នូវរាល់ ការបកស្រាយរបស់សភាអឺរ៉ុប អំពីស្ថានការណ៍អាក្រក់ស្អីណានៃសិទ្ធិមនុស្សនៅរុស្ស៊ី។
អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitri Peskov ថ្លែងថា ការបកស្រាយនោះធ្វើឡើងដោយយោងទៅលើប្រភពព័ត៌មានមិនត្រឹមត្រូវ ហើយការធ្វើវិភាគសោត អំពីប្រភពនោះគឺមិនស្របនឹងស្ថានការណ៍ពិតឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ