រុស្ស៊ី ទទួល”ភ្លើងខៀវ” ចូលទៅកាន់ អណ្តូងសម្បូណ៌ប្រេង នៅវ៉េណេស៊ុយអេឡា
លទ្ធភាពនេះ មានចែងក្នុងកិច្ចព្រមព្រៀងចុះនៅក្រុងការ៉ាកាស ម្សិលមិញគឺកាលដែលនៅសល់តែ៩ថ្ងៃសោះ ដល់ពេលបោះឆ្នោតប្រធានាធិបតីនៅ វេណេស៊ុយអេឡា ។ ឯកសារនេះ នឹងចូលជាធរមានលុះក្រោយពីមានការអនុម័តដោយប្រមុខរដ្ឋនិងរដ្ឋសភាប្រទេសនេះសិន។ ចំណែកប្រធានាធិបតីឆ្វេងនិយមសព្វថ្ងៃ លោក Hugo Chavez ដែលស្និទ្ធនឹងរុស្ស៊ីតាមការស្ទង់មតិ មានភ័ព្វសំណាង គឺត្រឹមស្មើនិងគូប្រជែងស្តាំនិយមរបស់គាត់ប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចព្រមព្រៀង ត្រូវបានចុះក្នុងរដ្ឋធានីវ៉េណេស៊ុយអេឡា រវាងក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងប្រេងកាត RosNeftនិងសាជីវកម្មវេណេស៊ុយអេឡា Corporation Venecolana del Petroleoដើម្បី បង្កើតឡើងជាសហាគមចម្រុះខាងជីកយកប្រេងនៅអណ្តូងវេណេស៊ុយអេឡា Orinoko ដែលមានកំណប់ ប្រេងដល់ទៅ ៦.៥០០ លានតោន។ ក្នុងសហាគមចម្រុះនេះ ភាគីរុស្ស៊ី មានហ៊ុន៤០%។
ដើម្បីឲ្យឯកសារនេះ ចូលជាធរមានទៅកើត គឺតម្រូវឲ្យមានការអនុម័ត ពីខាងប្រធានាធិបតី និងពីខាងរដ្ឋសភា វ៉េណេស៊ុយអេឡា សិន។ តាមពួកអ្នកវិភាគ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះ គឺកាលដែលនៅសល់តែជាងមួយសប្តាហ៍ ដល់ពេលបោះឆ្នោតប្រធានាធិបតីក្នុងប្រទេស អាមេរិកឡាទីននោះដែលលទ្ធផលវាពិបាកត្រូវគេទស្សន៍ទាយជាមុន។
បើឯកសារនេះ ចូលជាធរមាន នោះក្រុមហ៊ុនរុស្ស៊ី RosNeft នឹងទទួលលទ្ធភាពចូលទៅកាន់អណ្តូងដ៏សែនសម្បូណ៌ប្រេងនោះ។ ហើយជាថ្នូរ ភាគីរុស្ស៊ីនឹងផ្តល់ប្រាក់ ១.៥០០លានដុល្លារ ឲ្យ ដៃគូវេណេស៊ុយអេឡា ខ្ចីប្រើប្រាស់ ព្រមទាំងនឹងបង់ឲ្យនូវប្រាក់សគុណ១.០០០លានដុល្លារថែមទៀត។ លុយនេះ នឹងផ្ទេរទៅក្នុងគណនី របស់ភាគីវ៉េណេស៊ុយអេឡាមួយចំណែកម្តងៗ ក្នុងទំហំ ពី៣០០លានទៅ៤០០លានដុល្លារ។
នេះជាកិច្ចសន្យាដ៏ធំបំផុត ចុះដោយក្រុមហ៊ុនប្រេងកាតរុស្ស៊ីនៅទ្វីបអាមេរិកខាងត្បូង ហើយចុះ នេះសោត គឺនៅពីមុខវត្តមាននៃលោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Hugo Chavez ផ្ទាល់ដែលតាំងពីគាត់កាន់អំណាចពីឆ្នាំ ១៩៩៩មកក្នុងឋានៈជាអ្នកដឹកនាំឆ្វេងនិយមរមែងសត្រូវនឹង ស.រ.អា. ហើយមានទំនោរស្និទ្ធនឹងរុស្ស៊ី។
ប៉ុន្តែសំណួរដែលចោទ៖តើនរណាដែលនឹងកាន់អំណាចគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា សម្រាប់អំឡុងពេល ៦ឆ្នាំទៅមុខ? សំនួរនេះចោទឡើង គឺក្រោយពីលទ្ធផលនៃការស្ទាបស្ទង់ បង្ហាញឲ្យឃើញថា លោក Hugo Chavez ក្នុងការបោះឆ្នោតនៅថ្ងៃ៧តុលាខាងមុខគឺមាន ភ័ព្វសំណាងស្រដៀងគ្នាទេតើនឹងគូប្រជែងស្តាំនិយមរបស់គាត់ លោក Enrike Capriles ដែល បស្ចិមលោកនិយមពេញទី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ