រុស្ស៊ី

បាតុកម្ម​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ ប្រឆាំង​ភាព​មិន​សុចរិត​ នៃ​ការ​បោះឆ្នោត​សភា​កន្លង​ទៅ​

បាតុកម្ម​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ប្រឆាំង​ភាព​មិន​សុចរិត​នៃ​ការ​បោះឆ្នោត​សភា​កន្លង​ទៅ​
បាតុកម្ម​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ប្រឆាំង​ភាព​មិន​សុចរិត​នៃ​ការ​បោះឆ្នោត​សភា​កន្លង​ទៅ​ RFI/Keo Chhaya

បាតុកម្ម​​ប្រឆាំង​​នេះ ​បាន​​ប្រព្រឹត្ត​​ទៅ​តាំង​ពី​​រសៀល​​ម្សិលមិញ​​រហូត ​ដល់​​យប់​​ជ្រៅ​នៅ​​តាម​​សង្កាត់​​កណ្តាល​​រដ្ឋធានី​​ម៉ូស្គូ ​ដោយ​​មាន​​មនុស្ស​​ចូល​រួម​​ជិត ​១​​ម៉ឺន​​នាក់ ​គឺ ​ខ្លាំង​ក្លា​​មិន ​ធ្លាប់​​មាន​ ប៉ុន្តែ​​តាម​​តួលេខ​​អាជ្ញាធរ​​វិញ ​គឺតែ​​ជាង​​២​ពាន់​​នាក់ ​ពី​​ក្នុង​​នោះ​​ជាង​ ៣០០​​នាក់​ ត្រូវ​​បាន​​ ប៉ូលិស​​ចាប់​ខ្លួ​ន។​ ហើយ​​ថ្ងៃ​​នេះ​ ​ចលនា​​យុវជន​​ដែល​​គាំទ្រ​​ បន្ទាត់​​នយោបាយ​​វិមាន​​ក្រេមឡាំង​ ក្រោម​​ឈ្មោះ​​ថា”ណាហ្ស៊ី”​ ឫ​ “ពួក​​យើង”​ កេណ្ឌ​​គ្នីគ្នា​​ខ្លួន​​ដល់​​ទៅ​ ១​​ម៉ឺន​​៥​​ពាន់​​នាក់ ​បូក​​ទាំង​​មក​​ពី​​ខេត្ត​​ផង​​ធ្វើ​​មីទ្ទិញ​​សង​​វិញ។​

ផ្សាយពាណិជ្ជកម្ម

មូលហេតុនៃបាតុកម្មប្រឆាំងនោះ គឺក្រោយពីគ.ជ.ប. បានប្រកាសលទ្ធផលថា ក្នុង ការ​បោះ​ឆ្នោត​កាលពី ថ្ងៃអាទិត្យម្សិលម៉្ងៃ គឺបក្សកាន់អំណាចឈ្មោះ “ប្រទេសរុស្ស៊ីរួមធ្លុងមួយ” ដែល​ដឹកនាំ​ដោយ លោកប្រធានាធិបតីមេដវេដេវ និងលោកនាយករដ្ឋមន្ត្រីពូទីន ទទួល​បាន​អាសនៈ​​ដល់ទៅ ជាងពាក់កណ្តាល ក្នុងសភាឌូម៉ានីតិកាលថ្មី។

តាម​មតិ​ពួក​វាគ្មិន​ដែលឡើងថ្លែងក្នុងមីទ្ទិញប្រឆាំង បក្សកាន់អំណាច ទទួលបានអាសនៈ ច្រើន​​ យ៉ាងនេះ គឺដោយសារ លួចសំឡេងគាំទ្ររបស់បក្សឯទៀត ក្នុង​ចំនួន​មិន​តិច​ជាង​១៥​លាន​សំឡេង​ឡើយ​ធ្វើ​ជា​របស់​ខ្លួន លុះទាល់តែ​ឡើង​ដល់ ជិត​៥០% ពីព្រោះ​តាម​ពិត បក្ស​នេះ អាច​ដណ្តើម បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​ណាស់​ត្រឹម​២៥%​ប៉ុណ្ណោះ។

ម៉្លោះ​ហើយ​បាន​ជា ពួក​បាតុករ ដែល​តំណាង​ឲ្យ ចលនា​ប្រឆាំង​ឈ្មោះ”សាមគ្គីភាព”, “សមាគម​ស៊ីវិល​រុស្ស៊ី” , “សហភាព​ប្រជា​មានិត-ប្រជាធិបតេយ្យ” បន្ទាប់​ពី​មីទ្ទិញ ពេល​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​តាមដងវិថីប្លែកៗនៅសង្កាត់កណ្តាលក្រុងម៉ូស្គូបានជ្រោងលើកឡើងនូវផ្ទាំង​​​បដា ចារដោយពាក្យបែបយ៉ាង ៖ “ការបោះឆ្នោតកន្លងទៅជាឈុតបោកប្រាស់ទាំងរស់”. “សូមបង្វែរ ការបោះឆ្នោតមែនពិត មកប្រទេសរុស្ស៊ីវិញ” , “ដើម្បី​ប្រទេសរុស្ស៊ីដែលលែងមាន បក្ស ឈ្មោះ “ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ” , “លោកប្រធានគ.ជ.ប. ល្មមលាចេញពីតំណែងហើយ”។

ក្នុងក្បួនដង្ហែនោះ សំដៅទៅកាន់ទីស្តីការរបស់គ.ជ.ប. មានបាតុករចំនួន៣០០នាក់ ដែល​អភ័ព្វត្រូវប៉ូលិសឃាត់ខ្លួន។ ពីក្នុងនោះ រហូតមកទល់ឥឡូវ នៅជាប់ក្នុងបកប៉ូលិសនៅឡើយ គឺ ជាង ២០នាក់​រួមទាំងលោក Navalny និង លោក Yashin ដែលជាមេដឹកនាំចលនា ”សាមគ្គីភាព”​ ក្រោមបទចោទប្រកាន់ថា “មិនស្តាប់បង្គាប់អាជ្ញាធរ” ដែលត្រូវជាប់ឃុំឃាំងរហូត ដល់១៥ថ្ងៃ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺថាក្នុងរលកប្រឆាំងលើកនេះ ពួកបាតុករថែមទាំង បានស្រែកបន្លឺ ឡើងស្រុះៗគ្នានូវពាក្យថា” បដិវត្តន៍” ទៅផង។ ទាក់ទងនឹងរឿងនេះ លោក Navalny បានថ្លែង ទៅ BBC ថា ៖ “ មេបដិវត្តធំជាងគេនៅរុស្ស៊ី គឺពិតជារូបលោកពូទីន ពីព្រោះគាត់កំពុងធ្វើ រាល់​អ្វីៗ សព្វបែបយ៉ាង ដើម្បីឲ្យមានបដិវត្តន៍ ផ្ទុះឡើង នៅរុស្ស៊ី”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI