អានតួអត្ថបទ
រុស្ស៊ី

ជា​លើក​ទី១ ម៉ូស្គូ​ភ្ជាប់ខ្លួន​ទៅ​នឹង​ការទាមទារ​អន្តរជាតិ

រថក្រោះ​រដ្ឋាភិបាល​បរ​នៅ​សង្កាត់​ជាប់​រដ្ឋធានី ដាម៉ាស​ក្នុង​ប្រទេស​ស៊ីរី
រថក្រោះ​រដ្ឋាភិបាល​បរ​នៅ​សង្កាត់​ជាប់​រដ្ឋធានី ដាម៉ាស​ក្នុង​ប្រទេស​ស៊ីរី © REUTERS
ដោយ៖ កែវ ឆាយា
4 នាទី

រុស្ស៊ី គាំទ្រ​ដល់​ការទាមទារ​ដែល​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ” បាន​ធ្វើ​ទៅកាន់​របប​គ្រប់គ្រង នៅ​ប្រទេសស៊ីរី គឺ​ក្នុង ១ថ្ងៃ​ផ្អាក​ឈប់បាញ់ រយៈពេល២ម៉ោង សម្រាប់ បើកផ្លូវ​ដឹក​ជំនួយ​មនុស្សធម៌ ទៅផ្តល់​ដល់​បណ្តាជន​រងគ្រោះ ក្នុង​សង្គ្រាមស៊ីវិល នៅទីនោះ។

ផ្សាយពាណិជ្ជកម្ម

ការគាំទ្រ​នេះ​ត្រូវ​បាន​ប្រកាស ដោយ​លោក​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov។ ជា​លទ្ធផល​នៃ​ការទទួល​ជួបសន្ទនា នៅ​រដ្ឋធានី​ម៉ូស្គូ ថ្ងៃ​ម្សិលមិញ ពេលល្ងាច​ទៅហើយ ជាមួយ​លោក Jakob Kellenberger ដែលកាន់​តំណែងជា ប្រធាន “ គណៈកម្មាធិការ​កាកបាទ​ក្រហម អន្តរជាតិ “ តាំងពី​ឆ្នាំ២០០០មក។

តាម​ប្រសាសន៍លោក Lavrov រុស្ស៊ី អំពាវនាវ អាជ្ញាធរស៊ីរី ឲ្យធានា ដោយ​កុំបង្អែបង្អង់​ឡើយ ដល់​ការដឹក​ជំនួយ​មនុស្សធម៌ ទៅ​ផ្គត់ផ្គង់​ដល់​បណ្តាជន​ស៊ីរី ដែល​កំពុង​រងគ្រោះ។ រួច ក្នុង​គោលដៅ​នេះ គឺ​ក្នុង​១ថ្ងៃៗ ត្រូវ​បញ្ឈប់​ការបាញ់​ឲ្យ​បាន រយៈពេល២ម៉ោង។

ការតម្រូវ​ឲ្យ​ឈប់បាញ់ រយៈពេល​២ម៉ោង​នោះ ក្នុង១ថ្ងៃៗ គឺជា​ការទាមទារ ចែង​ដោយ “គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ” ដើម្បី​ផ្តល់​​លទ្ធភាព​ដល់​គ្រូពេទ្យ និង​សហការី ការិនី នៃ អង្គការ​មនុស្សធម៌​នានា ឲ្យ​ប្រើ​ចន្លោះពេលនេះ ជា​សុវត្ថិភាព​ដល់ខ្លួន សម្រាប់​ធ្វើ​អន្តរាគមន៍ ទាំងទៅ​ព្យាបាលអ្នកស្រុក​ណាដែល​ត្រូវ​របួស ទាំង​ដឹកជំនួយ ទៅ​ផ្គត់ផ្គង់ ដល់​បណ្តាជន​ដែល​ធ្លាក់​ក្នុង​អាសន្នអន់ក្រ រងការខ្វះខាត​សព្វបែប​យ៉ាង។

ជា​ការកត់សម្គាល់ ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​សេចក្តីថ្លែងការណ៍​ចេញយប់មិញ បន្ទាប់ពី ជំនួបរវាង លោក​ប្រមុខការទូត​រុស្ស៊ី និង លោក​ប្រធាន​កាកបាទ​ក្រហម​អន្តរជាតិ លើកឡើង​ថា ភាគី​រុស្ស៊ី និង “គណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ” អំពាវនាវ ទៅកាន់​រដ្ឋាភិបាល​ស៊ីរី និង គ្រប់​តែក្រុម​ប្រដាប់​អាវុធ ដែល​ច្បាំងទល់​នឹង​រដ្ឋាភិបាលនេះ ឲ្យយល់ព្រម​ធ្វើការ​ផ្អាក​ឈប់បាញ់ ជា​បន្ទាន់ទៅ ក្នុង​ផលប្រយោជន៍​មនុស្សធម៌នោះ។

គួររំលឹកថា ទើប១សប្តាហ៍​មុនសោះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov បានថ្លែង ឲ្យដឹង​ថា ម៉ូស្គូ​រំលែក​ទឹកប្រាក់ ១លាន Franc Suisse ឬ ស្មើ​នឹង​ជាង ១លានដុល្លារអាមេរិក ទៅ​ឧបត្ថម្ភ​ដល់សកម្មភាព នៃ​សាខា​កាកបាទ​ក្រហម​អន្តរជាតិ ដែល​ប្រចាំការ នៅប្រទេស​ស៊ីរី សម្រាប់​ជាជំនួយ​ដល់ បណ្តាជន​រងគ្រោះនៅទីនោះ។

ចំណែក​ក្រសួងរុស្ស៊ី​ខាង​ស្ថានការណ៍​អាសន្ន ក៏បាន​ប្រកាសដែរ​ថា យន្តហោះដឹក​ជញ្ជូន​ធុន ​IL-76 បាន​ដឹកអស់ ២ជើងទៅហើយ ទៅកាន់​ប្រទេសស៊ីរី នូវ​ជំនួយ​មនុស្សធម៌​ប្លែកៗ សរុបទៅ ទម្ងន់ ៧៨ តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ