ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី​ប្រតិកម្ម​ខ្លាំង​ដាក់​​ស៊ីរី​ជាសម្ព័ន្ធមិត្ត

សំឡេង ០៦:៥០
ប្រជាជន​រាប់ម៉ឹន​នាក់​នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី កាលពី​ថ្ងៃ​សុក្រ
ប្រជាជន​រាប់ម៉ឹន​នាក់​នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី កាលពី​ថ្ងៃ​សុក្រ ©Reuters

នៅថ្ងៃសៅរ៍ទី ៨ តុលា មនុស្ស​៥ម៉ឺននាក់​បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សព​របស់​ មេដឹកនាំ​ប្រឆាំង​ស៊ីរី ដែល​ត្រូវ​កម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ។ ការបាញ់បង្រ្កាប​ខ្លាំង​ទៅលើ​ក្រុមប្រឆាំង កើតមាន នៅ​តែ​បីថ្ងៃ ក្រោយ រុស្ស៊ី និង​ចិន ធ្វើ​វេតូ ដែល​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ មិនអាច​ចេញសេចក្តី​សម្រេចចិត្ត​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

សកម្មជន​ស៊ីរី​និយាយ​ថា ប្រធានគណបក្ស​ប្រឆាំង​Kurde ត្រូវជន​បិទមុខ ៤នាក់​ចូលបាញ់​សម្លាប់​ដល់ក្នុងផ្ទះ។ ប៉ុន្តែ ទីភា្នក់ងារ​ព័ត៌មានរដ្ឋ​វិញ​បាន​សរសេរ​ថា លោក​Mechaal Tamo ត្រូវ​គេបាញ់​សម្លាប់​នៅក្នុង​រថយន្ត​របស់គាត់។ នៅថ្ងៃ​សុក្រ​ដដែល អតីត​សមាជិក​សភា​ស៊ីរី ដែល​ជាអ្នកដឹកនាំ​ក្បួន​ប្រឆាំង​នៅក្នុង​ទីក្រុង​Damas ក៏​ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​​ស៊ីរី​បាញ់សម្លាប់​ទាំង​កណ្តាល​ថ្ងៃត្រង់ នៅពេល​លោក​ចេញ​ពី​សូត្រធម៌​នៅក្នុង​វិហារ។

ប្រធាន​គណបក្ស​ប្រឆាំង​Kurde ដែល​គេ​បាញ់សម្លាប់ ម្សិលមិញ គឺ​ជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី ដែល​ទើប​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី កាលពី​ខែ​សីហា ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​Bachar Al Assad។

រដ្ឋាភិបាល​ស៊ីរី​កំពុង​ឆ្លៀត​ឳកាស​ដែល​អង្គការ​សហប្រជាជាតិ​មិន​អាច​ដាក់​ទណ្ឌកម្ម​មកលើ​ខ្លួន ដើម្បី​ បំបាត់​ឲ្យ​រាបសូន្យ​ចលនា​ទាមទារ របស់​មហាជន ដែល​ពេលនេះ កំពុង​ផ្ទុះ នៅ​ទូទាំង​ផ្ទៃប្រទេស។ ទាហាន​រដ្ឋាភិបាល​ហ៊ាន​បាញ់​សម្លាប់​មេដឹកនាំ​ប្រឆាំង​ទាំង​កណ្តាល​ថ្ងៃត្រង់ នៅចំពោះ​មុខ​ហ្វូង​មហាជន គឺ​ដើម្បី​បំបាក់​ស្មារតី​របស់​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ឲ្យ​ឈប់តវ៉ា តទៅទៀត។ ប៉ុន្តែ ដូចជា​រាល់លើក  រដ្ឋាភិបាល​លោក​Assad តែង​និយាយ​ការពារ​ខ្លួនថា ទាហាន​បាញ់​​សម្លាប់​តែ​ក្រុម​ភេរជន ពួកអ៊ីស្លាម​ជ្រុលនិយម ដែល​កំពុង​បង្កប់ខ្លួន នៅក្នុង​ចលនា​អ្នកប្រឆាំង​នៅស៊ីរី​ប៉ុណ្ណោះ។

ប៉ុន្តែ សម្រាប់​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី រដ្ឋាភិបាល​កំពុង​បើក​ប្រតិបត្តិការ​ធំ ដើម្បី​សម្លាប់​ចងអាឃាត​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ជាតិស៊ីរី ដែល​កំពុង​មាន​សកម្មភាព​ស្វែងរកការគំាទ្រ ពី​សហគមន៍​អន្តរជាតិ។

លោក​មេដវេឌេវ ប្រធានាធិបតី​រុស្ស៊ី
លោក​មេដវេឌេវ ប្រធានាធិបតី​រុស្ស៊ី

រុស្ស៊ី​ប្រតិកម្ម​ខ្លាំង ក្រោយ​ការបាញ់សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ស៊ីរី

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី លោក​ លោក​មេដវេដេវ​បាន​និយាយ​សង្កត់​ថា បើសិន​ជា​ថ្នាក់​ដឹកនាំ​ស៊ីរី​មិន​អាច​ធ្វើ​កំណែទម្រង់​នយោបាយ បាន​ទេ ពួកគេ​គួរ​តែ​ចាកចេញ​ពី​អំណាច​ទៅ។ ប៉ុន្តែ ប្រធានាធិបតី​រុស្ស៊ី​នៅតែ​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ស៊ីរី​ចាកចេញ​ពី​អំណាច​ទៅតាម​ឆន្ទះ​ខ្លួនឯង និង​របស់​ប្រជាជន​ស៊ីរី ប៉ុន្តែ មិន​មែន​ទៅតាម​ការកំណត់​បញ្ជា​របស់​ប្រទេស​ខាងក្រៅ ឬ​អង្គការ​សហប្រជាជាតិ​ទេ។

សេតវិមាន​អាមេរិកវិញ​ក៏បាន​ថ្កោលទោស​លើ​ការបាញ់សម្លាប់​មេគណបក្ស​ប្រឆាំង​ស៊ីរី និង​ស្វាគម​ការប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់ថា គំនាប​នយោបាយ​របស់​រុស្ស៊ី តែមួយមុខ នឹង​មិន​មាន​ប្រសិទ្ធិភាព​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​បញ្ឈប់អំពើហិង្សា​ទេ។ រុស្ស៊ី​គួរតែដាក់​គំនាប​ផ្នែក​សេដ្ឋកិច្ច ដូចជា​បញ្ឈប់​លក់​អាវុធ​ទៅ​ឲ្យ​ស៊ីរី​ជាដើម។
 
សេចក្តី​ថ្លែងរបស់​ប្រធានាធិបតី​រុស្ស៊ី ធ្វើឡើង ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី សន្យា​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​មិន​ទាន់​ដល់​ថ្នាក់ ព្រមាន ​គម្រាម ​ឲ្យ​លោក​Bachar Al Assadចុះចេញពីអំណាច​ដូចអាមេរិក​ធ្វើដែរ។ ប្រតិកម្មខ្លាំង​របស់​រុស្ស៊ី​ក៏​ដើម្បី​លើក​មុខមាត់​របស់ខ្លួនឡើងវិញ នៅក្នុង​ឆាកអន្តរជាតិ គឺបន្ទាប់ពី​រុស្ស៊ី​បាន​វេតូ ប្រឆាំង​មិន​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​លើ​ស៊ីរី។

ម្យ៉ាងទៀត រុស្ស៊ី​ក៏​ចង់​ស្តារ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន នៅក្នុង​ចំណោម​ប្រជាជន​ស៊ីរី ព្រោះ​នៅស៊ីរី​បច្ចុប្បន្ន និន្នការ​ស្អប់​រុស្ស៊ី​មាន​កាន់តែច្រើន ក្នុង​ចំណោម​ប្រជាជន​ស៊ីរី។ ប្រជាជន​ក្រុមអ្នកប្រឆាំង​បាន​ដុត ទង់ជាតិ​រុស្ស៊ី និង​ចិន ចាប់តាំងពី​ថ្ងៃ​អង្គារមក ពោលគឺ​ចាប់តាំង​ពី​រុស្ស៊ី និង​ចិន​ធ្វើវេតូ។ បកស្រាយ​ប្រាប់ ប្រជាជន​ស៊ីរី លោក​មេដវេឌេវ​ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែងថា រុស្ស៊ី​ក៏​ដូច​ប្រទេស​ដទៃទៀត គឺចង់​ឲ្យ​គេ​បញ្ឈប់អំពើហិង្សា ការបង្ហូរឈាម នៅក្នុង​ប្រទេស​ស៊ីរី។ រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ជឿថា ប្រទេស​ស៊ីរី​នឹង​ផ្លាស់ប្តូរ ហើយ​រដ្ឋាភិបាល​លោក​Bachar Al Assad គ្រាន់តែត្រូវការ​ពេលវេលា​ដើម្បី​ដោះស្រាយ។ ប៉ុន្តែ រុស្ស៊ី​មិន​អាច​គាំទ្រ​ប្រទេស​លោកខាងលិច​ឲ្យ​ប្រើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ស៊ីរី​ដែរ។

ប្រធានាធិបតី​រុស្ស៊ី​បាន​ពន្យល់ថា ការធ្វើ​វេតូ កន្លងមក​របស់​រុស្ស៊ី ធ្វើឡើង​ដោយរុស្ស៊ី​បាន​មើល​សកម្មភាព​របស់​អង្គការ​អូតង់ នៅ​ប្រទេស​លីប៊ី។ រុស្ស៊ី​ធ្លាប់​រាងចាល​ម្តង ព្រោះនៅពេល​​រុស្ស៊ី​មិនធ្វើវេតូ លើ​រឿង​លីប៊ី អូតង់​បាន​អនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដោយ​បើកប្រតិបត្តិការ​យោធា​ផ្តួលរំលំ​របប​កាដាហ្វី ដែល​ធ្លាប់​ជា​ដៃគូ​រកស៊ី ជាមួយ​ទីក្រុង​ម៉ូស្គូ។ រុស្ស៊ី​ដែល​ធ្លាប់​លក់​អាវុធ​តម្លៃ​រាប់លាន​ដុល្លារ បាន​ខាតបង់​ប្រយោជន៍​ច្រើន ដូច្នេះ លើកនេះ រុស្ស៊ី​មិនចាញ់​បោក​ប្រទេស​លោកខាងលិច ដូចមុន។

រុស្ស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​ មិន​ងាយ​នឹង​បោះបង់​ចោល​ស៊ីរីទេ គឺ​មិន​ងាយ​នឹង​បោះចោល​ប្រយោជន៍​ដែល​ខ្លួន​មាន​ជាមួយ​នៅស៊ីរី។ ស៊ីរី​នេះ ជា​អតិថិជន​ទិញអាវុធ​ដ៏ច្រើន​ពីរុស្ស៊ី ហើយ​ស៊ីរី​ក៏​បាន​ផ្តល់​កំពង់ផែ​ដែល​រុស្ស៊ី​បាន​ប្រើ​សម្រាប់ធ្វើ​មូលដ្ឋានតាំង​ទ័ព​ខ្លួន នៅតំបន់​ដើមបូព៌ា។ រុស្ស៊ីបង្ហាញ​ជំហរ​ថា ខ្លួននឹងនៅ​តែ​ប្រឆាំង​រាល់​ការប៉ុនប៉ង់​ទាំងឡាយ​ដែល​ចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ឲ្យ​ចេញទណ្ឌកម្ម ដើម្បី​ផ្តួលរំលំ​មេដឹកនាំ​របស់​ប្រទេសគេផ្សេង ដោយ​រួម​ទាំង​ស៊ីរីផង។

រុស្ស៊ីយល់ថា សេចក្តីសម្រេចចិត្ត​ស្នើឡើង​ដោយ​ប្រទេស​នៅអឺរ៉ុប នឹង​បើកផ្លូវ​ឲ្យ​មាន​ប្រតិបត្តិការ​យោធា នៅស៊ីរី ដូចជា​នៅលីប៊ី។ លើសពីនោះ ការដាក់​ទណ្ឌកម្ម​ទៅលើ​រដ្ឋាភិបាល​ស៊ីរី​នឹង​អាច​លើកទឹកចិត្ត​ក្រុមអ្នកតវ៉ា​​ប្រើហិង្សា ដើម្បី ប្រឆាំង​នឹង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI