រុស្ស៊ី-ស៊ីរី

ម៉ូស្គូ​លក់​យន្តហោះ ៣៦​គ្រឿង​ទៅ​ឲ្យក្រុង​ដាម៉ាស

យន្តហោះ​YAK-130​ដែល​រុស្ស៊ី​បាន​ចុះកិច្ច​សន្យា​លក់​ឲ្យ​ប្រទេស​ស៊ីរី​របស់​ប្រធានាធិបតី​Bachar Al Assad
យន្តហោះ​YAK-130​ដែល​រុស្ស៊ី​បាន​ចុះកិច្ច​សន្យា​លក់​ឲ្យ​ប្រទេស​ស៊ីរី​របស់​ប្រធានាធិបតី​Bachar Al Assad ©

ដំណឹងនេះ ទើបបង្ហើប​ឲ្យដឹង​ដោយ​កាសែត​ក្រុងម៉ូស្គូ Kommersant យោង​ទៅលើ ​ប្រភពក្នុង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ីខាង​លក់​សព្វាវុធទៅ​ក្រៅ ហៅកាត់​ថា RosOboronExport ដែល លំអិតថា កុងត្រា​នោះត្រូវបាន​ចុះ​ដោយ​ភាគី​រុស្ស៊ី និងស៊ីរី ក្នុង​ខែ​ធ្នូ​កន្លងទៅ។​ តម្លៃ​សរុប​នៃ កុងត្រា​នោះ គឺ ៥៥០លាន​ដុល្លារ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

 

ជាបឋមគួរ​និយាយថា យន្តហោះ​ដែល​រុស្ស៊ី​នឹង​លក់ទៅ​ឲ្យ​របប​គ្រប់គ្រង នៅស៊ីរី នៃ លោក​ប្រធានាធិបតី Bachar al Assad គឺយន្តហោះ អាធុន Yak-130 សម្រាប់ ការហោះ ហ្វឹកហាត់​នៃ​ពួក Pilotes ក៏ដូចជា សម្រាប់​បំពេញ​ប្រតិបត្តិការ​ប្រយុទ្ធ​ក្នុង​អាកាស។ ក្នុង​ឋានៈ​ជា​យន្តហោះ​ចម្បាំង វា​បំពាក់​ទៅដោយ សព្វាវុធ​ទម្ងន់ ៣​តោន។

យន្តហោះ Yak-130 នៅដើម​ឡើយ បាន​ត្រូវ​ស្រាវជ្រាវ​ផលិត គឺ​ដោយរួម​ជាមួយ ក្រុមហ៊ុន អ៊ីតាលី Aermacchi ប៉ុន្តែ ក្រោយមក គឺ​ផលិត​ផ្តាច់មុខ តែ​ដោយភាគី​រុស្ស៊ី ពោល​គឺ​រោងចក្រ​ខាង​ផលិត​យន្តហោះ​ចម្បាំង នៅក្រុង Irkoutsk តំបន់ស៊ីបេរី។

យន្តហោះ​នេះ ១គ្រឿងៗ​ថ្លៃ​ជាមធ្យម គឺ ១៥​លាន ៣សែន​ដុល្លារ។ ស្របនឹង​កុងត្រា​ដែលមាន​ចុះ​ភាគី​ស៊ីរី​ទិញ​វា​ពី​រុស្ស៊ី គឺ​ចំនួន ៣៦​គ្រឿង សរុប ទៅក្នុង​តម្លៃ ៥៥០​លានដុល្លារ។ ភាគី​រុស្ស៊ី​ថ្លែង​ថា រោងចក្រ​យោធា នៅក្រុង Irkoutsk នឹង​ចាប់ផ្តើម​ផ្គុំ​ដំឡើង​យន្តហោះ​នោះ សម្រាប់​បញ្ជូន​ទៅឲ្យ ស៊ីរី​ភ្លាម ក្រោយពី​ខ្លួន​បាន​ទទួល​ប្រាក់កក់ ជាមុន​សិន ពី​ខាង​ស៊ីរី។

ជា​ការកត់សម្គាល់ ស៊ីរី​ជាម៉ូយ​ដ៏ល្អ តែងទិញ​អាវុធ​យ៉ាងច្រើន ពី​រុស្ស៊ី​តាំង​ពី​ជំនាន់​សូវៀត​មក។ ចំណែក​រុស្ស៊ី តែង​ចេញ​មុខ​ការពារ​ម៉ូយ​មួយ​នេះ ក្នុង​ថានៈ​ជា​សម្ព័ន្ធមិត្ត​ខ្លួន​ប្រចាំ​នៅ​តំបន់​ដើមបូព៌ា។

ប៉ុន្តែ ប្រទេស​ស៊ីរី​សព្វថ្ងៃ ក្រោម​អំណាច​លោក​ប្រធានាធិបតី Assad អស់​១០ខែ​ជាប់មក​ហើយ កំពុង​បោក​កញ្ជ្រោក​ដោយ​បាតុកម្ម​គ្មានឈប់ ទាមទារ ឲ្យ​គាត់លា​ចេញ​ពី​មុខ​តំណែង។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការបះបោរនោះ ដោយ​កងកម្លាំង​នៃ​រដ្ឋអំណាច​គាត់ តាម​តួលេខអ.ស.ប. គឺ​មាន​ប្រជាជន​ស៊ីរី​ធ្លាក់ខ្លួន​ស្លាប់អស់​ជាង៥.០០០នាក់ទៅហើយ។ មកពី​មូលហេតុ​នេះ បានជា​របប​លោក Assad កំពុង​ស្ថិតនៅ​ក្រោម​សម្ពាធ​យ៉ាងខ្លាំង​ពី​ខាង​អន្តរជាតិ។ សម្ពាធ ដែលអាច​នឹង​ជម្រុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. អនុម័ត​ក្នុង​អនាគត គឺ​សេចក្តីសម្រេច​ហាម​មិន​ឲ្យ​លក់អាវុធ ទៅ​ឲ្យ​ស៊ីរី ដូចករណី​នៃ អតីត​របប​មេដឹកនាំ​កាដាហ្វី នៅលីប៊ី​អ៊ីចឹង ដែល​កាលណោះ បណ្តាល​ឲ្យ​រុស្ស៊ី​ខាតបង់​អស់ទឹកប្រាក់ ៤.០០០​លាន​ដុល្លារ​ឯណោះ។
 

ម៉្លោះហើយ បានជា បើ​ករណី​បែបនេះ កើតមាន​ចំពោះ​ប្រទេស​ស៊ីរី​ដែរ នោះ រុស្ស៊ី​នឹង​បាក់​មុខ ខូច​ឈ្មោះ​ទៀតហើយ ដោយ​មិនអាច​បំពេញ​ឡើយ កុងត្រា​ដែល​មាន​ចុះ​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI