រុស្ស៊ី

បញ្ហា​ជាតិ​និយម នៅ​តែ​បន្ត​ចោទ​ក្តៅ​គគុក

ពួក​អ្នក​ជាតិ​និយម​ជ្រុល​នៅ​រុស្ស៊ី
ពួក​អ្នក​ជាតិ​និយម​ជ្រុល​នៅ​រុស្ស៊ី

គឺ​នៅ​តាម​មុខ​ព្រួញ​នេះ ដែល​ពួក​ជាតិនិយម ទូទាំង​ប្រទេស​រុស្ស៊ី នា​សម័យ​ប្រជុំ​ចាត់​តាំង ដែល​ទើប​បាន​ប្រព្រឹត្ត​ទៅ​បាន​សម្រេច​ថា ច្របាច់​អង្គការ​ខ្លួន​ទាំង​អម្បាលម៉ាន ឲ្យ​ចូលគ្នា​ជា ”អង្គការ​ជាតិនិយម​រួម​តែ​មួយ”។ អង្គការ​ថ្មី​នេះ ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ Les Russes ដែល​ន័យ​របស់​វា គឺ “ពួក​ដែល​មាន​កំណើត​ជា​ជាតិ​រុស្ស៊ី”។​ តាម​ការប្រមាណ​ឃើញ​នៃ​ក្រសួង​មហាផ្ទៃ នៅ​រុស្ស៊ី មាន​អង្គការ​ជាតិនិយម ចំនួន​ពី ១៥០ ដល់ ២០០ អង្គការ។

ផ្សាយពាណិជ្ជកម្ម

 

ដំណឹង​បង្កើត​អង្គការ​ថ្មី​នោះ បាន​ត្រូវ​ទីភ្នាក់ងារ​​ពត៌មាន​រុស្ស៊ី​នានា បែប​យ៉ាង​Interfax ជាដើម ផ្សព្វផ្សាយ​ដោយ​យោង​ទៅ​លើ​សំដី​ស្ថាបនិក​ម្នាក់​​ គឺ​បុរស​ឈ្មោះ Dmitri Demushkin ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​នៃ “ចលនា​ប្រឆាំង​អន្តោប្រវេសន៍​ខុស​ច្បាប់” ហៅកាត់​ជា​ភាសា​រុស្ស៊ី ថា DPNI ចលនា​ដែល​ដោយ​មកពី​ទំនោរ​ជ្រុល​និយម​របស់​ខ្លួន ទើប​កាលពី​ថ្ងៃ​១៨​មេសា​កន្លង​ទៅ​បាន​ត្រូវ​តុលាការ​ក្រុង​ម៉ូស្គូ ចេញ​សាលក្រម​ហាម​ឲ្យ​ឈប់​ដំណើរការ​ក្នុង​ប្រទេស។

តាម​ការ​រ៉ាយរ៉ាប់​ឲ្យ​ដឹង នៃ​បុរស​នេះ ដែល​ឥឡូវ​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ម្នាក់ នៃ​អង្គការ​ថ្មី​ឈ្មោះ “ពួក​ដែល​មាន​កំណើត​ជា​ជាតិ​រុស្ស៊ី” ៖ ក្នុង​រចនា​សម្ព័ន្ធ​ដឹកនាំ របស់​អង្គការ​នេះ មាន​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ មាន​ក្រុម​ប្រឹក្សា​សង្កេត​ការណ៍​ជាតិ មាន​ក្រុម​ប្រឹក្សា​នយោបាយ​ជាតិ មាន​ទាំង​តុលាការ ក្រោម​ឈ្មោះ​ថា “តុលាការ​កិត្តិយស​កំពូល”។

ចំណែក​ភារកិច្ច ចោទ​ដោយ​អង្គការ​រួម​តែ​មួយ​នេះ នៃ​ពួក​ជាតិ​និយម​រុស្ស៊ី ចែក​ជា​២ ថ្នាក់ គឺ​ថា ៖
- ថ្នាក់អប្បបរិមាណ គឺ​ជួយ​ជ្រោម​ជ្រែង​ជំរុញ​ដល់​សាមគ្គីភាព​ជាតិ​ពន្ធុ និង​នយោបាយ​រុស្ស៊ី។
- ថ្នាក់អតិបរិមាណ គឺ ៖
ទី១- ចាក់​ឲ្យ​បាន​ជាប់​ម៉ឺង​លើ​ទឹកដី​រុស្ស៊ី ជា​អំណាច​នៃ “រដ្ឋាភិបាល​ជាតិ​រុស្ស៊ី”
ទី២- ប្រកាស​ទឹក​ដី​រុស្ស៊ី ជា “រដ្ឋ​ជាតិ​រុស្ស៊ី”។

រីឯ​ប្រតិកម្ម ពីខាង​អង្គការ​ការពារ​សិទ្ធិមនុស្ស គឺ​ សំដែង​នូវ​ក្តី​ថប់​បារម្ភ​ក្រៃ ដោយ​ឃើញ​មាន​លេច​ចេញ​មក ក្នុង​ប្រទេស ជា​អង្គការ​ជាតិនិយម​ថ្មី​ដ៏​ធំ​សំបើម ដែល​ធាតុ​ពិត​របស់​វា គឺ​អំពាវនាវ​ឲ្យ​ផ្លាស់​ប្តូរ​របប​រដ្ឋ​ធម្មនុញ្ញ​ក្នុង​ប្រទេស​តែ​ម្តង។ តាម​ប្រសាសន៍​លោកស្រី Svetlana Gannushkina ដែល​ជា​ប្រធាន​គណៈកម្មាធិការ “ជំនួយ​សង្គម” ល្បី​ខាង​ការពារ​សិទ្ធិ​ជនភៀស​ខ្លួន អង្គការ​ជាតិ​និយម​ថ្មី​នេះ​ជា “ក្តី​អាម៉ាស់​មែន​ពិត​សំរាប់​ប្រទេស​រុស្ស៊ី”។

លោកស្រី​សង្ឃឹម​ថា ក្រសួង​យុត្តិធម៌​រុស្ស៊ី​មុខ​ជា​មិន​កត់ត្រា​ចុះ​ក្នុង​បញ្ជី​ខ្លួន​ឡើយ នូវ​ឈ្មោះ​របស់​អង្គការ​ថ្មី​នេះ។ គាត់​ចោទ​ជា​សំណួរ ៖ តើ​គេ​អាច​និយាយ​អំពី ”រដ្ឋ​ជាតិ​រុស្ស៊ី”​ ស្អី​ណា​បើ​រដ្ឋ​ធម្មនុញ្ញ​រុស្ស៊ី​ចែង​ថា រដ្ឋ​រុស្ស៊ី​ជា “រដ្ឋ​ពហុជាតិ” ទេ​តើ។ សូម្បី​តែ​លទ្ធផល​នៃ​ការ​ស្រង់​ចំនួន​ប្រជាជន​លើក​ចុង​ក្រោយ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា បច្ចុប្បន្ន​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី គឺ​មាន​ប្រជាជន​ដល់​១៦០​សញ្ជាតិ​ឯ​ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI