រុស្ស៊ី

ពួក​​ប្រឆាំង​​មិន​​ទទួល​ស្គាល់​​រដ្ឋ​អំណាច​​បច្ចុប្បន្ន​​នៅ​​រុស្ស៊ី​​

ពាក្យ​ស្លោក​ដែល​សរសេរ​នៅ​ខាង​លើ​វេទិកា​មហាមីទ្ទីញនោះ​មាន​ន័យ​ថា​"ប្រទេស​រុស្ស៊ី​ គង់​នឹង​មាន​សេរីភាព"​
ពាក្យ​ស្លោក​ដែល​សរសេរ​នៅ​ខាង​លើ​វេទិកា​មហាមីទ្ទីញនោះ​មាន​ន័យ​ថា​"ប្រទេស​រុស្ស៊ី​ គង់​នឹង​មាន​សេរីភាព"​ RFI/Keo Chhaya

ការ​​នេះ ​មាន​​ចែង​​ក្នុង​​ឯកសារ​​ដែល​​គេ​​បាន​​អនុម័ត​​រសៀល​​ម្សិលមិញ​​ក្នុង​​មហា​​មីទ្ទិញ​ជា​​កិច្ច​​បញ្ចប់​​នៃ ​”ក្បួន​យាត្រា​​លាន​​នាក់”​​ធ្វើ​​ដោយ​​ពួក​​ប្រឆាំង​​ក្នុង​​រដ្ឋធានី​​ម៉ូស្គូ។​ ចំណុច​​ធំ ​ជា​​គោល​​នៃ​​ឯកសារ​​នេះ​​ដែល​​មាន​​ឈ្មោះ​​ថា​ “និវេទន៍​​របស់​​ប្រទេស​​រុស្ស៊ី​​មាន​​សេរីភាព”​ គឺ​​ទាមទារ​​ឲ្យ​​លោក​​ប្រធានាធិបតី​​ពូទីន​​លា​​ចេញ​​ពី​​តំណែង។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​នៃ​ឯកសារ​ដែល​មាន​ឈ្មោះ​ថា “និវេទន៍​របស់​ប្រទេស​រុស្ស៊ី​មាន​សេរីភាព “ លើក​ឡើង​ជា​បឋម​អំពី​ចំណុច​២ គឺ ៖
ទី១-ត្រូវ​បង្កើត​ឡើង​ជា”ក្រុម​ប្រឹក្សា​ផ្សំ​ឡើង​ពី​ពួក​អ្នកតំណាង​នៃ​កម្លាំង​នយោបាយ​ប្លែកៗ និង​នៃ​សង្គមស៊ីវិល” សម្រាប់​ធ្វើ​ជា​រឿយៗ​សកម្មភាព​តវ៉ា។
ទី២- ជា​ការ​ចាំបាច់​ត្រូវ​តាក់​តែង​ឡើង​គម្រោង​នៃ​ច្បាប់​គោល​ថ្មី​ស្តី​អំពី​ការ​បោះឆ្នោត។

នៅ​លើ​មាគ៌ា​នេះ និវេទន៍ ទាមទារ​ពី​ថ្នាក់​ដឹក​នាំ​ប្រទេស​ឲ្យ​ចុះ​ចេញ​ពី​អំណាច​គឺ ៖
លោក​​ប្រធានាធិបតី​ពូទីន​ត្រូវ​លា​ចេញ​ពី​តំណែង​ខ្លួន , ត្រូវ​រំលាយ​សភា​ឌូម៉ា​នីតិកាល​បច្ចុប្បន្ន ,
ត្រូវ​រៀបចំ​គម្រោង​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ,ត្រូវ​តាក់តែង​ឡើង​ជា​ច្បាប់​ថ្មី​ស្តី​អំពី​ការ​បោះឆ្នោត​សភា។
និវេទន៍ ស្នើ​ទៅ​រដ្ឋសភា​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​ឲ្យ​អនុម័ត​យក​ច្បាប់​ថ្មី​នោះ។

 បន្ទាប់មក ស្រប​នឹង​និវេទន៍​នេះ គឺ​ដោយ​យោង​ទៅ​លើ​ច្បាប់​ថ្មី​ទៅ​ហើយ​ត្រូវ​ប្រព្រឹត្ត​ទៅ​ការ បោះឆ្នោត​ថ្មី​រើស​រដ្ឋសភា ចំណែក​រដ្ឋសភា​ថ្មី ដែល​ជ្រើស​តាំង​ឡើង​តាម​ការ​បោះ​ឆ្នោត​នោះ ត្រូវ​ពិនិត្យ ហើយ​លើក​យក​ទៅ​ធ្វើ​ប្រជាមតិ​គឺ គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​សហព័ន្ធ​រុស្ស៊ី​និង​ត្រូវ​កម្រិត​ចំនួន​អាណត្តិ​របស់​ប្រធានាធិបតី​កុំ​ឲ្យ​លើស​ពី​២​អាណត្តិ ហើយ​១​អាណត្តិៗ គឺ​កុំ​ឲ្យ​លើស​ពី​៤​ឆ្នាំ។ ជា​ការ​ប្រៀបធៀប អាណត្តិ​ថ្មី​របស់​ប្រធានាធិបតី​ពូទីន គឺ​នឹង​ពន្យារ​ទៅ​រហូត​ដល់​៦​ឆ្នាំ។

និវេទន៍ ស្នើ​ឲ្យ​រដ្ឋសភា​ជាប់​ឆ្នោត​ថ្មី អនុម័ត​ច្បាប់​ថ្មី ស្តី​អំពី​ការ​បោះឆ្នោត​សភា​និង​ជា អ្នក​កំណត់​កាលបរិច្ឆេត​សម្រាប់​ធ្វើការ​បោះឆ្នោត។ រដ្ឋសភា​ជាប់​ឆ្នោត​ថ្មី ក៏​ជា​អ្នក​ធានា​នូវ ស្វ័យ​គ្រប់គ្រង​នៃ​អំណាច​មូលដ្ឋាន​និង​ការ​បោះឆ្នោត​រើស​អភិបាលខេត្ត​ដោយ​ប្រជាជន​សាមី​ខេត្ត​ផ្ទាល់។

និវេទន៍ ក៏​ស្នើ​ឲ្យ​អនុម័ត​ច្បាប់​ស្តី​អំពី​កំណែទម្រង់ ប្រព័ន្ធតុលាការ ស្ថាប័ន​រដ្ឋអាជ្ញា អង្គការ​ស៊ើបអង្កេត​និង​ប៉ូលីស ព្រម​ទាំង​បោសសំអាត​អង្គការ​មហាផ្ទៃ ពី​មន្ត្រី​ណា​ដែល​ប្រឡាក់ ទៅ​ដោយ​ទង្វើ​ឧក្រិដ្ឋ​បែប​យ៉ាង​អំពើ​ពុករលួយ។

ប្រការ​មួយ​ដាច់​ដោយ​ឡែក គឺ​និវេទន៍​ ទាមទារ​ពី​អាជ្ញាធរ​ឲ្យ ដោះលែង​រាល់​អ្នកទោស នយោបាយ​​ក្នុង​ប្រទេស។
 

ជា​បញ្ចប់ គួរ​និយាយ​ថា បើ​តាម​តួលេខ​ប៉ូលីស បាន​ចូល​រួម​ក្នុង​មហាមីទ្ទិញ​ពេល​រសៀល​ម្សិល​មិញ គឺ​តែ​ប្រមាណ​តែ​២​ម៉ឺន​នាក់ នោះ តាម​តួលេខ​ពួក​ប្រឆាំង​ផ្ទាល់ គឺ​មិន​តិច​ជាង ១០ ម៉ឹន​នាក់​ឡើយ។ ប៉ុន្តែ កាសែត​ថ្ងៃ​នេះ យោង​ទៅ​លើ​អ្នក​ឆ្លើយឆ្លង​ខ្លួន អះអាង​អំពី​ចំនួន​នេះ​គឺ​ម្តុំ​ពី ៤ ទៅ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI