រុស្ស៊ី

មន្ត្រីរដ្ឋការ​ថ្នាក់ខ្ពស់ៗ​នៅ​រុស្ស៊ី​អាចធ្វើការ​ដល់​វ័យ​៧០ឆ្នាំ​

លោកប្រធានាធិបតី​រុស្ស៊ី​ ពូទីន
លោកប្រធានាធិបតី​រុស្ស៊ី​ ពូទីន Aleksey Nikolskyi/RIA Novosti

នេះជា​ខ្លឹមសារ​នៃ​គម្រោង​ច្បាប់​ផ្ញើ​រសៀល​ម្សិលមិញ​ទៅ​ទទួល​ការអនុម័ត​នៃ​សភាឌូម៉ា​ដោយ​លោកប្រធានាធិបតី​ពូទីន។​ គម្រោង​ច្បាប់នេះ​តាមធាតុពិត​ដែលមាន​គឺឆ្ពោះ​ទៅ​ជំនួស​ច្បាប់​បច្ចុប្បន្ន​ ដែល​កម្រិត​វ័យ​ចូល​រ៉ឺត្រែត​នៃ​មន្ត្រី​រដ្ឋការ​ត្រឹម៦០ឆ្នាំ។​ ច្បាប់នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ២០១០​ដោយ​លោក​មេដវេដេវ​កាល​គាត់​នៅជា​ប្រធានាធិបតី​រុស្ស៊ី។  

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​វិមាន​ក្រេមឡាំង​ ទាក់ទង​នឹង​គម្រោង​ច្បាប់ថ្មី​មាន​លើក​ឡើង​ពី​ទឡ្ហីករណ៍​ដែលថា​ ប្រធានាធិបតី​បច្ចុប្បន្ន​ លោកពូទីន​ដោយ​ស្នើឲ្យ​សភា​ឌូម៉ា​កែប្រែ​ទៅលើ​ច្បាប់ចាស់​ គឺគោលដៅ​ “រក្សាទុក​បទពិសោធន៍​នៃ​មន្ត្រី​វ័យ​ចំណាស់​ជាន់​ថ្នាក់​ខ្ពស់​ដែលជា​ក្របខ័ណ្ឌ​ជំនាញៗ​ធ្លាប់​បម្រើការ​នាំជា​គុណ​ប្រយោជន៍​ដល់​រដ្ឋ​ទៅហើយ”។

គម្រោង​ច្បាប់ថ្មី​ប៉ះលើ​មន្ត្រី​នៃ​ក្របខ័ណ្ឌ​ដឹកនាំ​បែបយ៉ាង​រដ្ឋមន្ត្រី​, អនុ​រដ្ឋមន្ត្រី,​ ពួកទី​ប្រឹក្សា​របស់​ប្រធានាធិបតី​, មន្ត្រី​នានា​ក្នុង​ថ្នាក់ដឹកនាំ​ខុទ្ទកាល័យ​ប្រធានាធិបតី​, មន្ត្រី ​ជាតំណាង​របស់​ប្រធានាធិបតី​ប្រចាំ​នៅ​សភា​ឌូម៉ា,​ មន្ត្រីជា​តំណាង​ប្រធានាធិបតី​ប្រចាំ​នៅព្រឹទ្ធសភា ​ក៏ដូចជា​ប្រធាន​សភា​ឌូម៉ាផ្ទាល់​និង​ប្រធាន​ព្រឹទ្ធសភា​ផ្ទាល់,​ ចៅក្រម​ជាប្រធាន​តុលាការ​ មន្ត្រីជា​អគ្គរដ្ឋអាជ្ញា,​ មន្ត្រី​ជាប្រធាន​នៃ​“គណៈកម្មាធិការ​ខាងស៊ើប​អង្កេត​របស់​សហព័ន្ធ​រុស្ស៊ី” ​ ព្រមទាំង​មន្ត្រី​ទាំង៨នាក់​ដែលជា​តំណាង​ពេញ​សមត្ថកិច្ច​របស់​ប្រធានាធិបតី ​ប្រចាំ​នៅតាម​ ”និគម​សហព័ន្ធ”​ ចំនួន​៨​ដែល​រួម​ក្តោប​ខេត្ត​ទាំង​ ៨៣​ ចំណុះ​សហព័ន្ធ​រុស្ស៊ី។

ជាការ​យល់ដឹង​សហព័ន្ធ​រុស្ស៊ី​បែងចែក​ទៅជា​“និគម​សហព័ន្ធ”​ចំនួន៨​ ដែល​ក្នុង​និគម​នីមួយៗ​មាន​ខេត្ត​ចំនួន​ជាក់លាក់​ពីក្នុង​ចំណោម​ខេត្ត​ទាំង៨៣។​ រីឯ​អភិបាល​នៃ​រាល់ខេត្ត​ដែលស្ថិត​នៅ​ក្នុង​និគម​នីមួយៗ ​ ត្រូវ​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ខ្លួន​ជូន​តំណាង​ពេញ​សមត្ថកិច្ច​ របស់​ប្រធានាធិបតី​ប្រចាំ​នៅនឹង​និគម​នោះ ​រួច​តំណាង​ពេញ​សមត្ថកិច្ច​នេះ ​ពីចំណែក​ខ្លួន​គឺស្ថិត​នៅ​ផ្ទាល់​ក្រោម​បង្គាប់​ប្រធានាធិបតី។

គម្រោង​ច្បាប់​ទើបដាក់​ចេញ​ដោយ​លោក​ប្រធានាធិបតី​ពូទីន​ថ្ងៃនេះ​ ត្រូវ​ពួក​អ្នកនយោបាយ​វិទូ​នាំគ្នា​លើកយក​ទៅ​ធ្វើ​អត្ថាធិប្បាយ។ ​មតិ​ដែល​មាន​បញ្ចេញគឺថា ៖
- លោកពូទីន​ផ្ទាល់​ដែល​នៅខែ​តុលា​ខាងមុខ​ ត្រូវប្រារព​ខួប​កំណើត​៦០ឆ្នាំ​របស់​ខ្លួន​លុះគាត់​ចប់​អាណត្តិ​ក្នុងឆ្នាំ​២០១៨​ នឹង​មានអាយុ​ទើប៦៦ឆ្នាំ ​ហើយច្បាប់ថ្មី​ដែល​អនុញ្ញាត​ឲ្យមន្ត្រី​ដឹកនាំ​អាច​បំពេញ​មុខងារ​ខ្លួន​រហូ​ដល់​វ័យ៧០ឆ្នាំ​ គឺនឹង​បើកផ្លូ​វឲ្យគាត់​បញ្ឈរឈ្មោះ​ជាថ្មី ​សម្រាប់​កាន់​តំណែង​កំពូលនេះ​មួយអាណត្តិ​ទៀត។
- ច្បាប់ថ្មី​ សឲ្យឃើញ​ថា ​លោក​ពូទីន​ជាថ្មី​ម្តងទៀត​ មិនទុក​ចិត្តទេ​ លើ​រូប​លោក​មេដវេដេវ​ដែល​និយម​ប្រើ​ក្របខ័ណ្ឌ​វ័យ​ក្មេងជាង។​
- បើ​សម្រាប់​លោកពូទីន​ក្របខ័ណ្ឌ​ចំណាស់វ័យ​ជា​បង្អែក​ដ៏មាំ​របស់​គាត់​ ប៉ុន្តែ​ពួក​អ្នកវិភាគ​យល់ឃើញ​ផ្សេងសោះ ​គឺថា ​ច្បាប់ថ្មី​ មាន​ន័យ​ជាស្ថិរតា​នាំឲ្យ​ដុះស្លែរ​ទេតើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI