រុស្ស៊ីជាប់លេខ១ ក្នុងលោក ខាងចំនួនអ្នកមានសញ្ញាប័ត្រជាន់ខ្ពស់
ចំណាត់ថ្នាក់នេះមានចែងក្នុងរបាយការណ៍ ទើបចេញផ្សាយដោយ “អង្គការដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វីបអឺរ៉ុប” ហៅកាត់ថា OCDE។ របាយការណ៍នេះ មានចំណងជើងថា “ ទស្សនៈទៅលើវិស័យសិក្សាធិការ ឆ្នាំ២០១២ “។
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍នេះលើកឡើងថា ខាងចំនួនប្រជាពលរដ្ឋ ក្នុងអាយុ ពី២៥ឆ្នាំ ដល់៦៤ឆ្នាំ ដែលមានចំណេះដឹងជាន់ខ្ពស់៖ ប្រទេសរុស្ស៊ីដែលមានអត្រាដល់ ៥៤% គឺជាប់ចំណាត់ថ្នាក់លេខ១តែម្តង។ ជាប់លេខ២ គឺប្រទេសកាណាដា ក្នុងអត្រា ៥១%។ ជាប់លេខ៣ គឺប្រទេសអ៊ីស្រាអែល ប្រកបដោយអត្រា ៤៦%។ ចំណែកស.រ.អា. ជាប់ត្រឹមលេខ៤ប៉ុណ្ណោះ ក្នុងអត្រា ៤២%។ ក្នុងបញ្ជីឈ្មោះ១០ប្រទេសនាំមុខគេ មាន៦ទៀត តាមលេខរៀងពីទី៥ ដល់ទី១០ គឺដូចតទៅ៖ ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឹម៉ង់ និងស៊ុយអែដ។
ការស្រាវជ្រាវត្រូវបានធ្វើទៅលើ៤២ប្រទេស គឺទាំងក្នុង “អង្គការដើម្បីសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វីបអឺរ៉ុប” OCDE ទាំងក្នុងក្រុម២០ប្រទេសដែលមានសេដ្ឋកិច្ចហំហួនជាងគេ ហៅថា G-20។ ជាការកត់សម្គាល់ រុស្ស៊ីមិនទាន់ជាសមាជិក OCDE នៅឡើយ ដែលបច្ចុប្បន្ន មាន ៣៤ប្រទេសជាសមាជិក ប៉ុន្តែរុស្ស៊ី ជាសមាជិកនៃក្រុមប្រទេស G-20។ របាយការណ៍ OCDE កត់សម្គាល់ថា រុស្ស៊ីដែលជាប់លេខ១នៅក្នុងលោកខាងចំនួនពលរដ្ឋដែលមានសញ្ញាប័ត្រជាន់ខ្ពស់ ដោយសារប្រទេសនេះ ជានិច្ចជាកាល តែងបញ្ចូលវិនិយោគច្រើនមែនទែន ទៅក្នុងវិស័យអប់រំ។
របាយការណ៍ OCDE ធ្វើការប្រៀបធៀបដូចតទៅ ៖ នៅប្រទេសអ៊ីតាលី និងព័រទុយហ្កាល់ មានបណ្តាជនតែ ១៧% ដែលអាចមោទនៈ នឹងសញ្ញាប័ត្រឧត្តមសិក្សា។ ហើយនៅប្រទេសតួគី តួលេខនេះ មានកម្រឹតត្រឹមតែ១៣%។
រុស្ស៊ីដែលស្ថិតនៅក្នុងក្រុមប្រទេស BRICS គឺវ៉ាដាច់ឆ្ងាយពីប្រទេសសមាជិកឯទៀតក្នុងក្រុមនេះ ពោលគឺ ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតួលេខមធ្យមនៃចំនួនពលរដ្ឋ មានចំណេះដឹងឧត្តមសិក្សា គឺប្រមាណតែ១១%ប៉ុណ្ណោះ។ ករណីអាហ្វ្រិកខាងត្បូងវិញ គឺមានអត្រាបែបនេះ កម្រិតទាបដូចនៅឥណ្ឌូណេស៊ីអ៊ីចឹង ត្រឹមតែ ៤%ប៉ុណ្ណោះ ហើយស្ថិតនៅចុងប៉ូចគេនៃបញ្ជី៤២ប្រទេសនោះ។
សព្វថ្ងៃ រុស្ស៊ីក៏ស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេ ខាងចំនួននិស្សិត គឺថា ពីក្នុងចំណោមបណ្តាជនប្រទេស រាល់តែ ១០.០០០នាក់ នៅរុស្ស៊ីមាននិស្សិតប្រមាណ៤០០នាក់ គឺច្រើនជាង ជំនាន់សហភាពសូវៀតទៅទៀត ដែលកាលណោះ ត្រឹម ១៧០នាក់ប៉ុណ្ណោះ។ នៅស.រ.អា. បច្ចុប្បន្ន ពីក្នុងចំណោមបណ្តាជនប្រទេសរាល់តែ ១០.០០០នាក់ គឺមាននិស្សិត ២៣៥នាក់។ ប៉ុន្តែ ឥឡូវមានលាន់ឮទៅហើយ មតិទិតៀនដែលថា សំខាន់ឲ្យសញ្ញាប័ត្រចំនួនឈ្នះគេនៅរុស្ស៊ី អាចប្រែក្លាយទៅជាផលិតភាពខ្ពស់នៃការងារ និងជាការរកឃើញថ្មីៗផ្នែកបច្ចេកវិជ្ជាឈានមុខ ហៅថា High Tech៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ