រុស្ស៊ី បានប្រគល់ទៅស៊ីរីមែននូវកាំជ្រួចធុន Yakhont សម្រាប់បាញ់ពន្លិចនាវា
ចុះផ្សាយនៅថ្ងៃ៖
រុស្ស៊ីផ្តល់អាវុធនេះ ដែលល្បីជាអាវុធមានប្រសិទ្ធិភាពខ្ពស់ទៅឲ្យស៊ីរី គឺនៅចំពេលដែលរបបលោកប្រធានាធិបតី Bachar Asad កំពុងរងនូវទណ្ឌកម្មកាន់តែរឹតបន្តឹងឡើង ពីខាងបស្ចិមលោក ដោយមានទាំងប្រទេសឯទៀតសាមគ្គីដាក់ទណ្ឌកម្មដែរ។ ប៉ុន្តែទីក្រុងម៉ូស្គូ អះអាងថា អាវុធនោះផ្តល់ទៅស៊ីរី គឺដោយស្របនឹងកុងត្រាចុះតាំងពីក្នុងឆ្នាំ២០០៧ម៉្លេះ។
ជាបឋម ដំណឹងដែលមាន គឺផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax យោងទៅលើប្រភពការទូត និងយោធា នៅក្រុងម៉ូស្គូ។
ទាក់ទងនឹងសាច់រឿងដែលមាន លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov បានថ្លែងថា ម៉ូស្គូប្រឆាំងនឹងការហាមប្រាម មិនឲ្យលក់អាវុធទៅស៊ីរី។ គាត់ថែមទាំងលើកជា ឧទាហរណ៍ មកផ្គើនទៅផងថាពេលដែលព្រឹត្តិការណ៍បោកកញ្ជ្រោកនៅប្រទេសលីប៊ី បស្ចិមលោក ហាមមិនឲ្យផ្តល់អាវុធទៅរបបកាដាហ្វី ប៉ុន្តែខ្លួនឯងវិញ ខំបំពាក់អាវុធដោយចំហត្រង់ៗ ទៅឲ្យភាគីប្រឆាំងនៅលីប៊ី មានបារាំង និងប្រទេសកាតារ ជាដើម។
ចំណែកលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Anatoly Serdiukov ថ្លែងថា ស.រ.អា. និង អ៊ីស្រាអែល តែងបានទទូចកុំឲ្យរុស្ស៊ីលក់កាំជ្រួចបណ្ដែត ធុន Yakhont ទៅប្រទេសស៊ីរីអី ក្រោមលេសថា អាវុធនេះអាចធ្លាក់ទៅក្នុងដៃពួកភេរវជនស្អីណា។ ប៉ុន្តែ ម៉ូស្គូមិនមើលឃើញអ្វីដែលជាក្តីថប់បារម្ភយ៉ាងនេះឡើយ។
តាមទិន្នន័យក្រៅផ្លូវការ កុងត្រាដែលមានចុះក្នុងឆ្នាំ២០០៧ សម្រាប់រុស្ស៊ីលក់កាំជ្រួច Yakhont ទៅឲ្យស៊ីរី គឺក្នុងទឹកប្រាក់ ៣០០លានដុល្លារស.រ.អា.។
កាំជ្រួច Yakhont ប្រែមកថា “ត្បូងមានតម្លៃ” ហោះដោយល្បឿន២ដងកន្លះលឿនជាង សំឡេង។ វាអាចផ្ចាញ់ទីដៅ នៅចម្ងាយដល់ ៣០០គ.ម. ដោយពាំផ្ទុកទៅជាមួយគឺ រំសេវផ្ទុះទម្ងន់ ២០០ គីឡូក្រាម។ វាហោះនៅកម្ពស់ តែ៥ម៉ែត្រប៉ុណ្ណោះពីផ្ទៃដី ហើយវាផលិតពីធាតុសម្ភារៈ ដែលមិនអាចរាវរកឃើញ ដោយ Radar។
សម្រាប់ការពារឆ្នេរសមុទ្រប្រទេសស៊ីរីឲ្យបានយ៉ាងកក់ក្តៅ ពីការវាយប្រហារជាយថាហេតុ គឺត្រូវដាក់ឲ្យប្រចាំការនៅតំបន់ឆ្នេរនោះ ទីតាំងពីរកន្លែង ដែលនីមួយៗ បំពាក់ទៅដោយកាំជ្រួច Yakhont ៣៦គ្រឿង។
កាលពីកណ្តាលខែវិច្ឆិកា កាសែតអ៊ីតាលីឈ្មោះ Rinascita សរសេរថា បើប្រទេសណានៅតែសម្រេចចិត្តវាយប្រហារទៅលើក្រុងដាម៉ាស នោះឧបសគ្គទី១ នៅលើផ្លូវរបស់គេ គឺកាំជ្រួច Yakhont ម៉ាករុស្ស៊ីតែម្តង។
កាំជ្រួចនេះ អាចបង្ហោះចេញពីនាវាមុជទឹក នាវាលើទឹក ពីយន្តហោះចម្យាំង បែបយ៉ាងយន្តហោះធុន Sukhoi-27 ចំនួន២៤គ្រឿង យន្តហោះធុន Mig-31 ចំនួន៨គ្រឿង និងយន្តហោះ ធុន Mig-29 ជាច្រើនគ្រឿងដែលស៊ីរីមានសព្វថ្ងៃ សម្រាប់បាញ់ពន្លិចនាវាណាដែលហ៊ានប្រថុយឈ្លានពានចូលដែនទឹកស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ