កម្ពុជា

សមាជិក​ក្រុមប្រឹក្សាគណបក្ស​សមរង្ស៊ី ទាមទារ​​ភស្តុតាង ​ដក​​តំណាងរាស្រ្ត​​មណ្ឌល​​តាកែវ

ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី
ទីស្នាក់​ការ​គណបក្ស​សមរង្ស៊ី © ចាន់ណា/rfi

សេចក្តី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សមរង្ស៊ីដែល​សម្រេច​បណ្តេញ​លោកតុវ៉ាន់ចាន់ចេញ​ពី​គណបក្សកាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លង​ទៅបាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ផ្ទៃក្នុង​បក្ស​ជា​ថ្មី​ម្តង​ទៀតនៅ​ពេល​ដែល​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ជិត​២​ពាន់​នាក់​នៅ​ខេត្ត​តាកែវបាន​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស សើ​រើ​សំណុំ​រឿង និង​បង្ហាញ​ពី​ភស្តុតាងដែល​សម្រេច​ដក​លោក តុវ៉ាន់ចាន់ ចេញ​ពី​បក្ស។

ផ្សាយពាណិជ្ជកម្ម

នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ចំពោះ​រឿង​អាស្រូវ​ដែល​គណបក្ស​សម​រង្ស៊ី សម្រេច​ដក​លោក តុ វ៉ាន់ចាន់ ចេញ​ពី​តំណាង​រាស្រ្ត​មណ្ឌល​តាកែវ។ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់់ និង​សមាជិក​គណបក្ស​សម​រង្ស៊ី នៅ​ខេត្ត​តាកែវ ជិត​២.០០០​នាក់ បាន​ដាក់​ញតិ្ត​មួយ​ទៅ​គណបក្ស​សមរង្ស៊ី ទាមទារ​ឲ្យ​គណបក្ស​រក្សា​ទុក លោក តុ វ៉ាន់ចាន់  ជា​តំណាង​រាស្រ្ត​មណ្ឌល​តាកែវ​ឡើង​វិញ។

ក្នុង​ញត្តិ​ដែល​ផ្ញើ​ជូន​ស្នាក់​ការ​កណ្តាល​គណបក្ស​សម​រង្ស៊ី កាល​ពី​ថ្ងៃ​​សុក្រ បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍ ដែល​ដក​លោក តុ វ៉ាន់ចាន់ ចេញ​ពី​បក្ស​មាន​ភាព​អយុត្តិធម៌ និង​ជា​ការ​សម្រេច​ដែលផ្ទុយ​ពី​ការ​ពិត និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​សកម្មជន​នៅ​ខេត្ត​តាកែវ។

លោក មាស ក្នាន សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សម​រង្ស៊ី​ ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​បាន​យក​ញត្តិ គាំទ្រ​ពី​សមាជិក​គណបក្ស​សម​រង្ស៊ី​ជិត​២​ពាន់​នាក់ មក​ដាក់ នៅ​ស្នាក់​កណ្តាល​បក្ស បាន​ឲ្យ​ដឹង​ថា សមាជិក​បក្ស​ទាំង​អស់​នៅ​ខេត្ត​តាកែវ ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស បង្ហាញ​ពី​ភស្តុតាង ដែល​បញ្ជាក់​ថា​លោក តុ វ៉ាន់ចាន់ មិន​សកម្ម​នៅ​ក្នុង​ការងារ។ សមាជិក​បក្ស​ទាំង​នោះ ក៏​មាន​គម្រោង​ធ្វើ​កូដកម្ម​ទាមទារ​ផង​ដែរ ប្រសិន បើ​ថ្នាក់​ដឹក​នាំ​បក្ស​មិន​បង្ហាញ​ពី​ភស្តុតាង​ច្បាស់​លាស់។

លោក តុ វ៉ាន់ចាន់ ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​តំណាង​រាស្រ្ត​មណ្ឌល​តាកែវ ដោយ​ជំនួស​លោក សាន សាង ជា​តំណាង​រាស្រ្ត​ថ្មី។
តាម​ប្រភព​ពី​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​សម​រង្ស៊ី បាន​ឲ្យ​ដឹង​ថា  គណបក្ស​មាន​គម្រោង​ចុះ​ទៅ​ធ្វើ​ការ​សម្រប​សម្រួល ជា​មួយ​សមាជិក​បក្ស នៅ​ស្រុក​គិរីវង់ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​ខាង​មុខ​នេះ ក្នុង​បំណង​បញ្ចប់​រឿង​អាស្រូវ​របស់​បក្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI