គណបក្សសម រង្ស៊ី ស្នើសុំព្រះរាជលើកលែងទោសអោយប្រធានរបស់ពួកគេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីបាត់បង់សមាជិកភាពពីរដ្ឋសភា ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសម រង្ស៊ីបានសរសេរលិខិតស្នើសុំអោយព្រះមហាក្សត្រ អោយលើកលែងទោសដល់លោក សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម។ គណបក្សសម រង្ស៊ី អត្ថាធិប្បាយថា អវត្តមានរបស់ប្រធានរបស់ពួកគេនៅក្នុងឆាកនយោបាយកម្ពុជា នឹងធ្វើអោយប៉ះពាល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
សេចក្តីរាយការណ៍របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
អ្នកតំណាងរាស្ត្រ២៤រូបរបស់គណបក្សសម រង្ស៊ីបានធ្វើលិខិតរួមគ្នាមួយ កាលពីថ្ងៃទី១៨មីនា ស្នើសុំព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ អោយប្រធានគណបក្សរបស់ពួកគេ គឺលោក សម រង្ស៊ី។ លោកសម រង្ស៊ីដែលត្រូវបានរដ្ឋសភាលុបឈ្មោះចេញពីសមាជិកភាពរដ្ឋសភាកាលពីថ្ងៃទី១៥មីនា បន្ទាប់ពីសាលដីកាតុលាការកំពូលចូលជាធរមាន ហើយដែលធ្វើអោយលោកសម រង្ស៊ីក្លាយជាអ្នកទោសក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាម។
នៅក្នុងលិខិតដែលត្រូវបានផ្ញើថ្វាយព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី និងចម្លងថ្វាយសម្តេចឪ នរោត្តម សីហនុ ដែរនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីបានសរសេរថា លោក សម រង្ស៊ី ត្រូវបានតុលាការកាត់សេចក្តីដោយអយុត្តិធម៌ ហើយថាអវត្តមានរបស់លោក សម រង្ស៊ី ក្នុងការដឹកនាំគណបក្សនយោបាយធំទី២នៅកម្ពុជា នឹងធ្វើអោយប៉ះពាល់ដល់ការវិវឌ្ឍន៍ទៅមុខនៃប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេសនេះ។
ការស្វែងរកព្រះរាជលើកលែងទោសពីព្រះមហាក្សត្រអោយប្រធានរបស់ពួកគេ ក៏ត្រូវបានធ្វើឡើងដោយសំអាងលើមាត្រា១៥នៃលក្ខន្តិកៈតំណាងរាស្ត្រផងដែរ។ មាត្រានេះចែងថា តំណាងរាស្ត្ររូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោស តំណាងរាស្ត្ររូបនោះនឹងបានទទួលសុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈហើយថា នៅក្នុងការបោះឆ្នោតលើកក្រោយនេះ នឹងមិនមានលោកសម រង្ស៊ីនោះឡើយ។ ជាសារមួយដែលគេអាចយល់បានរួចហើយ អំពីលទ្ធផលនៃការស្នើសុំព្រះរាជលើកលែងទោសនេះ នៅពេលដែល ព្រះរាជលើកលែងទោសរបស់ព្រះមហាក្សត្រត្រូវធ្វើតាមរយៈការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី។ គណបក្សសម រង្ស៊ីវិញនៅតែចាត់ទុកករណីក្តីក្តាំរបស់លោក សម រង្ស៊ី ថាជារឿងនយោបាយ ដូច្នេះពួកគេនៅរង់ចាំដំណោះស្រាយបែបនយោបាយមួយ។ តើនៅពេលណាទើបមានដំណោះស្រាយនោះ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ