អានតួអត្ថបទ
កម្ពុជា​

គណបក្ស សមរង្ស៊ី ស្នើ​សុំ​នាយក​រដ្ឋមន្រ្តី​ដក​លោក ហោ ណាំហុង

លោក ហោ ណាំហុង ដឹក​នាំ​គណៈប្រតិភូ​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន
លោក ហោ ណាំហុង ដឹក​នាំ​គណៈប្រតិភូ​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន © ចាន់ណា
ដោយ៖ អ៊ឹម ណាវិន
១៦ នាទី

តំណាងរាស្រ្ត​គណបក្ស ​សម រង្ស៊ី បាន​សរសេរ​លិខិត​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​អោយ​ដក​លោក ហោ ណំាហុង ចេញ​ពី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ។ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៤​ខែ​ឧសភា​ម្សិលមិញ​នេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆំាង​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា លោក ហោ ណំាហុង គ្មាន​សមត្ថភាព និង​ខ្វះ​ជំនាញ​ក្នុង​តួនាទី​ជា​ប្រមុខ​ការទូត​កម្ពុជា។​​ លោក ហោ ណាំហុង មិន​អាច​បញ្ឈប់​សកម្មភាព​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​មក​លើ​កម្ពុជា​បាន​នោះ​ ទេ។ ជា​ការឆ្លើយ​តប តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី លោក​ហោ ណំាហុង មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​របស់​គណបក្ស​ប្រឆំាង​បែប​នេះ ពីព្រោះ​តែ​ពួក​គេ​ចង់​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស ជំនួស​លោក​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

“លោក ហោ ណាំហុង ខ្វះ​សមត្ថភាព​ ខ្វះ​ជំនាញ ក្នុង​ភារកិច្ច​ជា​ប្រមុខ​ការទូត​កម្ពុជា​ក្នុង​ការ​បញ្ឈប់​សកម្មភាព​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​ខ្មែរ ​“នេះ​ជា​ហេតុផល​ដែល​​​អ្នក​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី សម្រេច​ចិត្ត​សរសេរ​លិខិត​ស្នើ​សុំ ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន អោយ​ដក​លោក​ ហោ ណាំហុង ចេញ​ពី​តួនាទី​របស់​លោក​ជា​ប្រមុខ​ការទូត​កម្ពុជា។

នៅ​ក្នុង​លិខិត​ផ្ញើ​ជួន​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៤​ខែ​ឧសភា​ម្សិលមិញ តាម​រយៈ​ប្រធាន​រដ្ឋសភា តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី បាន​បង្ហាញ​ចំណុច​ខ្សោយ​របស់ ហោ ណំាហុង អោយ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ដឹង​ថា​កម្ពុជា​មាន​សាលក្រម​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​​កម្ពុជា។ កម្ពុជា​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី។ ឯកសារ​ទំាងពីរ​នេះ ជា​មូលដ្ឋាន​ច្បាប់​រឹងមាំ ដើម្បី​ត​ទល់​តាម​​ផ្លូវ​ច្បាប់​ និង​ការ​ទូត​ជាមួយ​ប្រទេស​ថៃ កុំ​អោយ​ពួក​គេ​ឈ្លានពាន​កម្ពុជា ប៉ុន្តែ​ដោយសារ​លោក ហោ ណំាហុង ខ្សោយ​លើ​ការងារ​ការទូត លោក​មិន​អាច​ធ្វើ​ការ​នេះ​សម្រេច​ទេ។

បើ​តាម​ការ​រៀប​រាប់​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆំាង​ ចាប់​តំាង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្តដា ២០០៨ ថ្ងៃ​ដែល​ប្រទេស​ថៃ​បើក​ការឈ្លានពាន​មក​​លើ​កម្ពុជា រហូត​មក​ទល់​ពេល​នេះ លោក ហោ ណាំហុង មិន​អាច​ប្រើប្រាស់​តួនាទី​របស់​លោក​ដើម្បី​អោយ​សហគមន៍​អន្តរជាតិ បញ្ឈប់​សកម្មភាព​ឈ្លាន​​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​បាន​ឡើយ ដូច្នេះ​លោក​នាយក​រដ្ឋមន្រ្តី​ត្រូវ​តែ​ដក​លោក ហោ ណំាហុង ចេញ​ពី​តួនាទី​នេះ។

ជា​ការ​ឆ្លើយ​តប​សំណើ​របស់​តំណាងរាស្រ្ត​​​គណបក្ស​ប្រឆំាង នៅ​ព្រឹក​មិញ​នេះ​ប្រមុខ​ការ​ទូត​កម្ពុជា​វ័យ​ជាង​៧០​ឆ្នាំ មិនមាន​ប្រតិកម្ម​ខ្លំាងៗ​នោះ​ទេ។ លោក ហោ ណំាហុង គ្រាន់​តែ​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ការ​លើក​ឡើង​របស់​សមាជិក​គណបក្ស​ប្រឆំាង សុំ​ដក​លោក​ចេញ​ពី​តួ​នាទី ដោយសារ​តែ​ពួក​គេ​ចង់​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស​តែ​ប៉ុណ្ណោះ។

លោក ហោ ណាំហុង បញ្ជាក់​ថា​មិន​អី​ទេ បើ​សមាជិក​គណបក្ស សម រង្ស៊ី ចង់​ជំនួស​តំណែង​លោក​មែន​នោះ លោក​នឹង​ស្នើ​សុំ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី។​ លោក​រដ្ឋមន្រ្តី​ការបរទេស​ជើង​ចាស់​រូប​នេះ ឆ្លៀត​វាយ​ប្រហារ​គណបក្ស​ប្រឆំាង​ថា​លោក​ខ្លាច​តែ​ម្យ៉ាង ខ្លាច​ក្រុម​គណបក្ស​ប្រឆំាង​ល្ងង់​ខ្លៅ ធ្វើ​ជា​អ្នក​ការទូត​នាំ​អោយ​ការងារ​ទូត​កម្ពុជា​រលាយ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ