កម្ពុជា

លោក សម រង្ស៊ី៖ បណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដំណើរការ​ទៅ​មុខ

សន្និសីទ​គណបក្ស​​ សមរង្ស៊ី តាម​ប្រព័ន្ធ​អ៊ិនថឺណេត
សន្និសីទ​គណបក្ស​​ សមរង្ស៊ី តាម​ប្រព័ន្ធ​អ៊ិនថឺណេត © ចាន់ណា/rfi

លោក​ សម​រង្ស៊ី បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ពាក្យបណ្តឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន នៅ​តុលាការ​អន្តរជាតិ កំពុង​ដំណើរ​ទៅមុខ។ ក្នុង​សន្និសីទ​កាសែត តាម​ប្រព័ន្ធ​អ៊ីនថឺណេត ពី​ប្រទេស​បារាំង លោក​ សម​ រង្ស៊ី ក៏​បាន​ថ្លែង ចោទ​ប្រកាន់​លោកស្រី ប៊ុនរ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ថា​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម បាញ់​សម្លាប់​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា កាលពី​ឆ្នាំ​១៩៩៩។ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​ច្រានចោល ហើយ​ថា ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី គ្រាន់តែ​ជា​នយោបាយ​បោក​បញ្ឆោត​សាធារណមតិ ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាល់​តែ​សោះ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទកាសែត តាម​ប្រព័ន្ធ​អ៊ិនថឺណេត លោក សម រង្ស៊ី បាន​លើកឡើង​ថា ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន គឺ​លោកស្រី ប៊ុនរ៉ានី ជា​អ្នក​នៅ​ពីក្រោយ​ការសម្លាប់​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា។ ពិសិដ្ឋ ពិលីកា ដែល​លោក​ សម​ រង្ស៊ី អះអាង​ថា មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។​

លោក​សម​រង្ស៊ី អះអាង​ថា លោក​មាន​ទាំង​ឯកសារ និង​សាក្សី ដែល​ជា​ក្រុម​គ្រួសារ​របស់ ពិសិដ្ឋ ពិលីកា។ បើសិន​ជា​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ប្តឹង​រូប​លោក​ក៏​មិន​ឈ្នះ​លោក​ឡើយ​នៅ​តុលាការ​អន្តរជាតិ។

មេ​បក្ស​ប្រឆាំង លោក​ សម ​រង្ស៊ី ក៏​ប្រកាស​ថា នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ពី​រឿង​ឃាតកម្ម​លើ​អ្នក​សម្តែង​ភាពយន្ត អ្នកនាង ពិសិដ្ឋ ពិលីកា នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ ក្នុង​ខួប​គម្រប់ ២០ ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​មិញ លោក​ សម ​រង្ស៊ី ក៏បាន​លើកឡើង​ពី​ដំណើរ​ការវិវឌ្ឍន៍​ទៅមុខ​លើ​ពាក្យ​បណ្តឹង​របស់​លោក នៅ​តុលាការ​អន្តរជាតិ ពិសេស​នៅ​តុលាការ​អាមេរិក និង​នៅ​ប្រទេស​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។ លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​លោក​ សម​ រង្ស៊ី​ ប្តឹង​ពី​បទ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស តាមរយៈ​ផែនការ ក៥ និង​បទឧក្រិដ្ឋ​ជាច្រើន​ទៀត។ លោក​ សម​ រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ជន​រងគ្រោះ ក្នុង​ផែនការ ក៥ ផ្តល់​ភស្តុតាង​បន្ថែម​ដល់​រូប​លោក។

ក៏​ប៉ុន្តែ​លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចាត់ទុក​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ថា​ជា​ការ​ទ័លច្រក​ផ្នែក​នយោបាយ របស់​មេ​បក្ស​ម្នាក់ ដែល​បាន​រត់​គេច​ពី​សំណាញ់​ច្បាប់​របស់​ប្រទេស​កម្ពុជា។

តាម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល លោក​ សម​ រង្ស៊ី បាន​សារភាព​ហើយ តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន នា​ពេល​កន្លងមក​ថា ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ទាំងអស់ ដែល​លោក​បាន​លើក​ឡើង មិនមែន​ជា​ការពិត​ទេ។ លោក​ សម​ រង្ស៊ី ក៏បាន​លើក​ឡើង​ក្នុង​លិខិត កាលពី​ឆ្នាំ​២០០៥ ដោយ​សម្តែង​ការសោកស្តាយ​ផងដែរ។ ដូច្នេះ​លោក ទិត​សុធា បាន​ចាត់ទុក​ថា ការបង្កើត​នូវ​បញ្ហា​ថ្មី​របស់​លោក​ សម​ រង្ស៊ី គឺ​គ្រាន់តែ​ជា​លេស​នយោបាយ ដើម្បី​បន្ទរ​សំឡេង​ឲ្យ​គេ​នឹកឃើញ​រូប​លោក​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI