កម្ពុជា​

លោក សម រង្ស៊ី គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ឆ្នាំ​១៩៩៧​តាម​វីដេអូ Conference

គណបក្ស​សម​រង្ស៊ី​ប្រារព្ធ​ខួប​​១៣ឆ្នាំ ព្រឹត្តិការណ៍​គប់គ្រាប់បែក​លើ​បាតុករ​​ថ្ងៃ​ទី៣០ មីនា ១៩៩៧
គណបក្ស​សម​រង្ស៊ី​ប្រារព្ធ​ខួប​​១៣ឆ្នាំ ព្រឹត្តិការណ៍​គប់គ្រាប់បែក​លើ​បាតុករ​​ថ្ងៃ​ទី៣០ មីនា ១៩៩៧ ©វណ្ណារ៉ា

គណបក្ស សម រង្ស៊ី នឹង​ធ្វើ​ពិធី​រំលឹក​ខួប​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​លើ​ក្រុម​បាតុករ​ ក្នុង​ឆ្នាំ​១៩៩៧​នៅថ្ងៃ​ទី​៣០​មីនា​ខាង​មុខ​នេះ។ ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ សម រង្ស៊ី​​ និង​ជា​អ្នក​នៅ​ផ្ទាល់​ក្នុង​ហេតុការណ៍​ឆ្នាំ​១៩៩៧​នោះ នឹង​ថ្លែង​សុន្ទរកថា​តាម​វីដេអូ conference​​ ពី​ក្រៅ​ស្រុក​មក​ចូល​រួម​ផង​ដែរ។ គណបក្ស សម រង្ស៊ី តែង​តែ​ប្រារព្ធ​​ពិធី​គោរព​វិញ្ញាណក្ខន្ធ​​ប្រចំា​ឆ្នាំ​ដល់​អ្នក​បាត់បង់​ ជីវិត​ពី​ការបំផ្ទុះ​​គ្រាប់​បែក​នោះ តែ​រដ្ឋាភិ​បាល​ចាត់​ទុក​ថា​​​ជា​យុទ្ឋសាស្រ្ត​មិន​ជឿន​​លឿន របស់​​គណបក្ស​សមរង្ស៊ី ក្នុង​ការ​រក​ផល​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អ៊ឹម ណាវិន ពីទីក្រុង​ភ្នំពេញ

៣០​មីនា​ឆ្នាំ​១៩៩៧ -៣០​មីនា​ឆ្នាំ​២០១១ រយៈពេល​១៤​ឆ្នាំ​នៃ​អំពើ​ហិង្សា​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ កណ្តាល​ទី​ក្រុង​ភ្នំពេញ ដែល​បណ្តាល​អោយ​មនុស្ស​យ៉ាង​តិច​២០​នាក់​បាន​​ស្លាប់ និង​ជាង​១០០​នាក់​ផេ្សង​ទៀត​រង​របួស រហូត​មក​ដល់​ពេលនេះ​គ្មាន​ជន​ដៃ​ដល់​ណា​មួយ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។ 

ជារៀងរាល់ឆ្នាំ គណបក្ស សម រង្ស៊ី បាន​ត្រឹម​តែ​ធ្វើការ​ទាមទារ​យុត្តិធម៌ និង​ពិធី​​រំលឹក​ព្រឹត្តិការណ៍​គោរពវិញ្ញាណក្ខន្ធ អ្នក​ស្លាប់​តែ​ប៉ុណ្ណោះ។ មិន​ខុស​ពី​ឆ្នាំ​មុនៗ ឆ្នាំ​នេះ​គណបក្ស​ប្រឆំាង​ប្រារព្ធ​ខួប​១៤​ឆ្នាំ នៃ​ព្រឹត្តិការណ៍​៣០​មីនា​ម្តង​ទៀត នៅ​ទី​កើត​ហេតុ​មុខ​អតីត​​អគារ​​​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​៣០​មីនា​ខាង​មុខ​នេះ។

​៣០​មីនា​ឆ្នាំ​១៩៩៧​មាន​ការវាយប្រហារ​ដោយ​គ្រាប់​បែក​ចំនួន​បួន​គ្រាប់ ទៅ​លើ​ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់ ដឹកនាំ​ដោយ​លោក សម រង្ស៊ី។ លោក សម​​​​ រង្ស៊ី កាល​គ្រា​នោះ​ដឹកនាំ​ក្រុម​បាតុករ​ទាម​ទារ​អោយ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ទើប​តែ​អស់​អភ័យ​ឯកសិទ្ឋិ​ជា​អ្នក​តំណាង​​រាស្រ្ត កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នឹង​ថ្លែង​សុន្ទរកថា​ចូលរួម​ពិធី​នោះ​តាម​រយៈ​​វីដេអូ conference​ ផងដែរ។ ការ​ថ្លែង​ពី​ក្រៅ​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆំាង​ដើម្បី​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​​ចំពោះ​​អ្នក​បាន​ស្លាប់ និង​ប្រាប់​អ្នក​ចូលរួម​កុំ​អោយ​ភ្លេច​ព្រឹត្តិការណ៍​ឆ្នាំ​៩៧​នោះ។ មនុស្ស​ប្រមាណ​៥០០​នាក់ នឹង​ចូលរួម​ពិធី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មីនា​២០១១​​នោះ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្ស សម រង្ស៊ី បាន​អោយ​ដឹង​ថា​ក្រៅពី​រៀប​ចំ​ពិធី​ប្រចំា​ឆ្នាំ​​លោក សម រង្ស៊ី​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បរទេស​ជាច្រើន​ដើម្បី​រក​យុត្តិធម៌​អោយ​អ្នក​បាន​បាត់​បង់​ជីវិត​ផង​ដែរ។

ការប្រារព្ឋ​ខួប​ប្រចំា​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​បែក មុខ​រដ្ឋសភា​ឆ្នាំ​១៩៩៧​របស់​គណបក្ស​​ សម​រង្ស៊ី ដូច​ជា​គ្មាន​អ្វី​ប្លែក​ទេ​សម្រាប់​រដ្ឋាភិបាល។ អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ពិធី​កាន់​ទុក្ខ​ចំពោះ​អ្នក​ស្លាប់​របស់​គណបក្ស សម រង្ស៊ី គ្រាន់តែ​ជា​ការ​យក​ចំណេញ​នយោបាយ​លើ​ព្រលឹង​អ្នក​ស្លាប់​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ភ្លេច​ទេ​នូវ​ព្រឹត្តិការណ៍ ១៩៩៧​នោះ ប៉ុន្តែ​គ្រាន់​តែ​វិធី​ចង​ចាំ​របស់​រដ្ឋាភិបាល​ខុស​ពី​គណបក្ស សម​រង្ស៊ី។ ខុស​ពី​គណបក្ស​ សម រង្ស៊ី ត្រង់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​យក​អ្នក​ស្លាប់​មក​ស្វែង​រក​ផលប្រយោជន៍។ នេះ​ជា​ការ​អះ​អាង​របស់ លោក ផៃ ស៊ីផាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI