កម្ពុជា

លោក​សមរង្ស៊ី​៖​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម​

ប្រធាន​បក្សប្រឆាំងសមរង្ស៊ី អះអាងថា​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី
ប្រធាន​បក្សប្រឆាំងសមរង្ស៊ី អះអាងថា​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី RFI

ក្នុង​​ឱកាស​​សម្ពោធ​​បង្គោល​​ព្រំដែន​​កម្ពុជា​​-​វៀតណាម​លេខ​​​៣១៤​ នៅ​​ខេត្ត​​កំពត​ដែល​​ធ្វើ​ឡើង​​ដោយ​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន​និង​​នាយក​រដ្ឋមន្ត្រី​​វៀតណាម​លោក​ង្វៀន ​តាន់​យ៉ុង​ កាលពី​​ថ្ងៃ​អាទិត្យ​ លោក​សម​រង្ស៊ី​ប្រធាន​​គណបក្ស​​សម​រង្ស៊ី​ពី​​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ បាន​​ចោទ​ប្រកាន់​​លោក​នាយក​​រដ្ឋមន្ត្រី​​​ថា​ ដំណើរ​​ការ​បោះ​បង្គោល​​ព្រំ​ដែន​​នោះ​ បាន​​កាត់​​ដី​​កម្ពុជា​​ទៅ​​ឲ្យ​​វៀតណាម​។​ ក៏​ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិបាល​ ​បាន​​ច្រាន​ចោល​និង​​អះអាង​ថា​ការ​បោះ​បង្គោល​​​កំណត់​​ព្រំដែន​​ដ៏​​ចម្រូង​ចម្រាស​រវាង​​ប្រទេស​​កម្ពុជា​និង​​វៀតណាម​ធ្វើ​ឡើង​​តាម​ច្បាប់​​ត្រឹមត្រូវ​ដែល​​មាន​​ការ​ទទួល​ស្គាល់​​ពី​​ព្រះមហាក្សត្រ​និង​​ប្រជាជាតិ​​ទាំង​មូល​។​

ផ្សាយពាណិជ្ជកម្ម

​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយពី​ទីក្រុង​ប៉ារីស លោក​សម​រង្ស៊ីបាន​ចាត់ទុកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជន​ក្បត់ជាតិ ដោយ​បាន​កាត់​ទឹកដី​ខ្មែរ ឲ្យទៅ​វៀតណាម​។ សេចក្តី​សន្និដ្ឋាន​របស់​លោក​សម​រង្ស៊ី បាន​ធ្វើឡើង​ខណៈដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ រវាង​កម្ពុជា និង​វៀតណាម នៅ​ខេត្ត​កំពត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

​លោក សមរង្ស៊ី ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​​កម្ពុជា​-​វៀតណាម បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ថ្មីក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ដែល​ដឹកនាំ​ដោយ​អ្នកស្នេហាជាតិនឹង​សើរើ​បង្គោល​ព្រំដែន​ឈ្លានពាន​ទាំងអស់​ឡើង​វិញដែល​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានអនុញ្ញាត​ឲ្យ​វៀតណាមមក​​បោះ​បង្គោល​​ព្រំដែនដែល​លោក​សម​រង្ស៊ីអះអាងថាបាន​បំពាន​ចូល​មក​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។

​ក៏​ប៉ុន្តែ​លោក ទិត សុធាអនុប្រធាន​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ បាន​ប្រតិកម្ម​ទៅកាន់​លោក​សម​រង្ស៊ី​ថា ការបោះបង្គោល​កំណត់​ព្រំដែន​កម្ពុជានិង​វៀតណាម ជា​កិច្ចការ​របស់​ប្រទេសជាតិ​ទាំងមូល​ ហើយ​​រដ្ឋាភិបាលអនុវត្ត​​ស្រប​តាម​​ច្បាប់​​ត្រឹម​ត្រូវ​ មិនមែន​ដូច​ការលើកឡើង​របស់​លោក​សម​រង្ស៊ី​ឡើយ​។

​មន្ត្រី​រដ្ឋាភិបាល បានចាត់ទុក​លោក​សម​រង្ស៊ី ជា​ទណ្ឌិតក៏បានលើកឡើងថា លោកសមរង្ស៊ី ​កំពុង​តែ​បន្ទាប​បន្ថោ​កលើ​ការងារ​ដ៏​ធំ​របស់​រដ្ឋាភិបាល លើ​កិច្ច​ការងារ​បោះ​បង្គោលព្រំ​ដែន ដែល​រក្សា​សន្តិភាព​សន្តិសុខ និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​វៀតណាម​។

ម្យ៉ាងទៀត ការបោះបង្គោល​ព្រំដែន បាន​អនុវត្ត​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​ការអនុវត្ត​ន៍ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ ដែលតំណាង​ឲ្យ​ប្រជាជាតិ​ទាំងមូល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI