កម្ពុជា

លោក​សម​ រង្ស៊ី​ មាន​ឈ្មោះ​បោះ​ឆ្នោត​​ឡើង​វិញ​​

ទីបំផុតទៅ ប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក​ សម រង្ស៊ី​ បាន​មាន​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​ហើយ ​នៅ​រសៀល​ថ្ងៃ​ចន្ទទី​៧​តុលា បន្ទាប់​ពី​ឈ្មោះ​លោក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ ដោយ​សារ​​ក្តី​ក្តាំ ក្នុង​សំណុំរឿង​ព្រំដែន​កម្ពុជា-​វៀតណាម​នោះ។ លោក​សម រង្ស៊ី​ បាន​ចុះ​ឈ្មោះ​​បោះឆ្នោត តែ​ប៉ុន្មាន​ម៉ោង​មុន​លោក​ឡើង​យន្តហោះ​ចាកចេញទៅ​បរទេស ​នៅយប់​​ថ្ងៃ​​ចន្ទ​ដដែល។​

លោក សម រង្ស៊ី ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ​ ថ្ងៃទី០៧ តុលា ២០១៣។
លោក សម រង្ស៊ី ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ​ ថ្ងៃទី០៧ តុលា ២០១៣។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ ត្រូវ​បាន​មន្ត្រី​បោះឆ្នោត​​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌ​មាន​ជ័យ ​ចុះ​ឈ្មោះ​របស់​លោក​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ហើយ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នេះ។ ​លោក​សម រង្ស៊ី ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សា​ជាថ្មី​ បន្ទាប់​ពី​លោក​ត្រូវបាន​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ លុប​ឈ្មោះ​របស់​លោក​ចោល ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​កាត់ទោស​​ក្នុង​សំណុំរឿង​​ព្រំដែន​។ នេះ​ជា​មូលហេតុ​ដែល​លោក​មិន​បាន​បោះឆ្នោត និង​មិន​អាច​ចុះឈ្មោះ​ជា​បេក្ខជនតំណាងរាស្ត្រ​បាន​សម្រាប់​ការ​បោះឆ្នោត​​នីតិកាល​ទី​៥​នេះ។

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ លោក​សម រង្ស៊ី​ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ និង​​អង្គរក្ស​​របស់​លោក​ឆ្ពោះ​ទៅ​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ​​នៃ​ភូមិ​ព្រែក​តាគង់​ទី​១​ សង្កាត់​ចង្រែ​លើ ដែល​ជាស​ង្កាត់​ដែល​លោក​រស់នៅ​ជាអចិន្ត្រៃយ៍​សព្វថ្ងៃនេះ។ ក្រោយ​ពី​បាន​ទទួល​បណ្ណ​សំគាល់​ ថា​លោក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​នោះ ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ ត្រូវបាន​ចោម​រោម​ដោយ​អ្នកសារព័ត៌មាន ​ដែល​សួរអំពី​​ចំណាប់អារម្មណ៍​របស់​លោក។ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​និយា​យចំអក​ទាំង​ញញឹម​​ថា លោក​បាន​បំពេញ​កាតព្វ​កិច្ច​ជាពលរដ្ឋ​មួយរូប​រួចហើយ ប៉ុន្តែ ​លោក​មិន​ប្រាកដ​ថា ឈ្មោះ​លោក​នឹង​អាច​គេ​លុប​ចោល​វិញ​នៅពេល​ខាង​មុខ​វិញក៏​មិន​ដឹងដែរ ដូច​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ដែល​លោក​ថា បាន​បាត់ឈ្មោះ ឬ​ត្រូវ​គេ​លុប​ចោល​នោះ។

ទោះយ៉ាងណា​ក៏ដោយ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ គឺជា​ជំហាន​មួយ​ដែល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី ​ឈាន​ជើង​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​ តាម​រយៈ​ការ​អនុវត្តន៍​នីតិវិធី​មួយ​ចំនួន​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI