កម្ពុជា​

គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​វៀតណាម​គោរព​បូរណភាព​ទឹកដី​ខ្មែរ

នាយក​រដ្ឋមន្រី​វៀតណាម ង្វៀន ​តិនយុង ក្នុង​ជំនួប​អាស៊ាន
នាយក​រដ្ឋមន្រី​វៀតណាម ង្វៀន ​តិនយុង ក្នុង​ជំនួប​អាស៊ាន AFP/HOANG DINH NAM

នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​កម្ពុជា ​នាដើម​សប្តាហ៍​​ក្រោយ ​គណបក្ស ​ សម ​រង្ស៊ី ​ បាន​ចេញ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដោយ​ស្នើ​សុំ​​ឲ្យ​ប្រទេស​វៀតណាម​គោរព​បូរណភាព​ទឹកដី​ខ្មែរ​ និង​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​​ប៉ារីស។ គណបក្ស​ប្រឆាំង​ក៏បាន​លើក​ឡើង​អំពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​ក្នុង​ការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​វៀតណាម​ផង​ដែរ។ ​ប៉ុន្តែ​ មន្ត្រី​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​គណបក្ស​​ប្រឆាំង​ថា​បាន​ប្រើ​ប្រាស់​រឿង​ដដែលៗ​ ដើម្បី​បង្ក​ការរំខាន​ដល់​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស​សំខាន់ៗ​ ដើម្បី​កេង​ចំណេញ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

នៅ​ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ គណបក្ស​ សម​ រង្ស៊ី ​បាន​ស្នើ​ឲ្យ​ប្រទេស​វៀតណាម​គោរព​បូរណភាព​ទឹកដី ​អធិបតេយ្យ ​និង​ឯករាជភាព​របស់​កម្ពុជា។ ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​ ក៏​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​ ដោយ​សារ​តែ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម។

        លិខិត​ចំហ​របស់​គណបក្ស​ សម​ ​រង្ស៊ី​ បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​មុន​នឹង​ការ​មក​ដល់​​ភ្នំពេញ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀន ​តិនយុង ​ដែល​នឹង​មក​បំពេញ​​ទស្សនកិច្ច​លើ​ទឹកដី​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ។ ​នាយក​រដ្ឋមន្ត្រី​វៀតណាម​​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​១៥​វិច្ឆិកា​តទៅ។ លោក​ ង្វៀន ​តិនយុង ​គ្រោង​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ និង​ជួប​ពិភាក្សា​ការងារ​​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា ​និង​នាយក​រដ្ឋមន្ត្រី​ខ្មែរ។

        ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ក៏​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ត្រីភាគី​​កម្ពុជា ​វៀតណាម ​ឡាវ​ និង​កិច្ច​ប្រជុំ​កម្ពុជា​ វៀតណាម​ ឡាវ​ និង​ភូមា ​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី​១៦​និង​១៧​វិច្ឆិកា​នៅ​ភ្នំពេញ។ ​គណបក្ស ​សម ​រង្ស៊ី ​បាន​ឆ្លៀត​ឱកាស​នៃ​​កិច្ច​ប្រជុំ​នេះ​ ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​វៀតណាម​បង្ហាញ​ជំហរ​ឲ្យ​ច្បាស់លាស់​អំពី​​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង។

        លោក ​ថាច់ ​សេដ្ឋា ​មន្ត្រី​គណបក្ស​ សមរង្ស៊ី ​និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ ក៏គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ​ ដើម្បី​អំពាវនាវ​ឲ្យ​ទីក្រុង​ហាណូយ​​គោរព​សិទ្ធិ​ខ្មែរក្រោម​ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម។

        ប៉ុន្តែ​សម្រាប់​លោក​ កែវ​ រ៉េមី​ ប្រធាន​ស្តីទី​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ វាគ្មាន​អ្វី​ចំឡែក​ទេ​ដែល​គណបក្ស​ប្រឆាំង​បាន​យក​រឿង​​ព្រំដែន ​និង​បញ្ហា​ខ្មែរ​ក្រោម​ដដែលៗ​មក​បំប៉ោង​សំឡេង​ដើម្បី​កេង​ចំណេញ​​នយោបាយ​នោះ។ ​លោក​បាន​អះអាង​ថា​ក្រុម​ប្រឆាំង​ទាំង​នោះ​ តែងតែ​បង្ក​ការ​រំខាន​​ដល់​គ្រប់​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស​សំខាន់ៗ​ដូច​ជា​ទស្សនកិច្ច​របស់​លោក​ បាន ​គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​លោកស្រី ​ហ៊ីលឡារី​ គ្លីនតុន​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជាដើម។

        លោក​ កែវ​ រ៉េមី ​បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រឆាំង​ឈប់​បង្ក​ការរំខាន​ទាំងនេះ​​ដោយ​ងាក​មក​ប្រើប្រាស់​វេទិកា​សភា​ដើម្បី​ដោះស្រាយ​បញ្ហា​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI