កម្ពុជា​

កម្ពុជា បើក​យុទ្ឋនាការ​ប្រឆំាង​ការ​ខ្វះទឹក និង​បង្គន់ នៅ​ជនបទ

អ.ស.ប.​កំណត់​ថា ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គឺ​ជា​សិទ្ធិ​ជា​សកល
អ.ស.ប.​កំណត់​ថា ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គឺ​ជា​សិទ្ធិ​ជា​សកល លីដា/RFI

អនាម័យ​ជនបទ នៅ​កម្ពុជា​ស្ថិត​ក្នុង​កំរិត​មួយ​ទាប​បំផុត ពោល​ប្រជាពលរដ្ឋ នៅ​តាម​ទី​ជនបទ ចំនួន​តែ​៤១% មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​ចំនួន​២៣%​មាន​បង្គន់​ប្រើប្រាស់។ ដើម្បី​សម្រេច​ទិស​ដៅ ក្នុង​ឆ្នាំ​២០១៥ ខាង​មុន​នេះ អោយ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ៥០%អោយ​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​៣០% អោយ​មាន​បង្គន់​ប្រើប្រាស់ រដ្ឋាភិបាល​កម្ពុជា សម្រេច​យក ថ្ងៃទី​១៣ វិច្ឆិកា រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​ទិវា​ជាតិ លើក​កម្ពស់​អនាម័យ​នៅ​ជនបទ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អ៊ឹម ណាវិន ពីទីក្រុង​ភ្នំពេញ

ដើម្បី​លើក​កម្ពស់​អនាម័យ​ជនបទ ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​១៣ វិច្ឆិកា រៀងរាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១០​នេះ​ទៅ​ធ្វើ​ជា “ទិវាជាតិ”​លើក​កម្ពស់​អនាម័យ​ជនបទ។
ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​តែ​៤១% មាន​លទ្ឋភាព​ប្រើប្រាស់​ទឹក​ស្អាត និង​ចំនួន​តែ​២៣% ប៉ុណ្ណោះ ដែល​មាន​បង្គន់​ប្រើប្រាស់។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​​របស់​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ទិន្នន័យ​ខាង​លើ​នេះ បាន​បង្ហាញ​អោយ​ឃើញ​ថា អនាម័យ​ជនបទ​នៅ​កម្ពុជា មាន​ស្ថានភាព​នៅ​ខ្សោយ​មែនទែន គួរ​អោយ​ព្រួយ​បារម្ភ។ លោក វេជ្ជបណ្ឌិត ជា សំណាង ប្រធាន​នាយកដ្ឋាន​ថែទំា​សុខភាព ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ មាន​ប្រសាសន៍​ថា ដើម្បី​ពញ្ញាក់​អារម្មណ៍​​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ឲ្យ​យក​ចិត្តទុក ថែទំា​សុខភាព ចេះ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ នៅ​ឆ្នាំ​ដំបូង​នៃ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ សារៈ​សំខាន់ៗ​ចំនួន​បី ត្រូវ​លើក​យក​មក​ផ្សព្វផ្សាយ តាម​ប្រព័ន្ឋ​ឃោសនា​ក្នុង​ស្រុក​តាម​ខិត្ត​ប័ណ្ណ និង​តាម​ចលនា​មហាជន។

ខ្លឹមសារ​សំខាន់ៗ​ទំាង​បី​ចំណុច រួម​មាន ៖ ការសាងសង់ និង​ការប្រើប្រាស់​បង្គន់​អនាម័យ ការ​លាង​ដៃ​ជាមួយ​សាប៊ូ ក្រោយ​ពេល​បន្ទោបង់ និង​មុខ​ពេល​ទទួល​ទាន​អាហារ និង​ត្រូវ​បរិភោគ​ទឹក​ស្អាត​ជា​ប្រចាំ។

រៀងរាល់​ឆ្នាំ ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា បាន​ចំណាយ​​ថវិកា​ប្រមាណ ៥​លាន​ដុល្លារ ក្នុង​ការ​ជំរុញ​ប្រជាពលរដ្ឋ​អោយ​ប្រើប្រាស់​ទឹក​ស្អាត និង​បង្គន់​អនាម័យ។ អត្រា​ប្រជាជន​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​ជិត​៣០%។ អ្នក​ក្រីក្រ​ភាគ​ច្រើន គឺ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ទី​ជនបទ។ ការ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ ជា​ផ្នែក​មួយ​បង្ក​អោយ​មាន​ភាព​ក្រីក្រ​នៅ​កម្ពុជា។ ក៏ប៉ុន្តែ ភាព​ក្រីក្រ​នេះ ក៏​ជា​ដើមហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មិន​អាច​មាន​លទ្ឋភាព​រក​ទឹក​ស្អាត និង សាងសង់​បង្គន់​ប្រើប្រាស់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI