ក្រិក

កញ្ចប់​ផ្ញើ​ទៅ​​​ប្រធានាធិបតី​បារាំង​មានផ្ទុក​ជាតិ​ផ្ទុះ

ប៉ូលិសជំនាញ​កំពុង​រក​ភស្តុតាងនៅ​កន្លែង​ផ្ទុះ​កញ្ចប់​បញ្ញើ ថ្ងៃទី​១​វិច្ឆិកា ២០១០ នៅ​ទីក្រុង​អាថែន
ប៉ូលិសជំនាញ​កំពុង​រក​ភស្តុតាងនៅ​កន្លែង​ផ្ទុះ​កញ្ចប់​បញ្ញើ ថ្ងៃទី​១​វិច្ឆិកា ២០១០ នៅ​ទីក្រុង​អាថែន Reuters

កញ្ចប់​បញ្ញើ​មាន​ជាតិ​ផ្ទុះចំនួន​បួន​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្រុង​អាថែន ៖ មួយ​កញ្ចប់​ផ្ញើ​មក​ឲ្យ​​ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្ស៊ី និង​បី​ទៀត​សម្រាប់​ស្ថានទូត​ម៉ិចស៊ិក ​ស្ថានទូតហូឡង់ និង​បែលហ្សិក ប្រចាំ​ទីក្រុង​អាថែន។ ​ប៉ូលិស​ក្រិក​រក​ឃើញ​ កញ្ចប់​ទាំង​បួន​​បាន​ទាន់​ពេល​វេលា និង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់។ ការ​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​នេះ ទំនង​ជា​រៀបចំ​ឡើង​ដោយ​ពួក​​ជ្រុល​និយម​អនាធិបតេយ្យមួយ​​ក្រុម​ក្នុង​ប្រទេស​ក្រិក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

កញ្ចប់​​សង្ស័យ​ទី​មួយ​ ដែល​​ជា​បញ្ញើ​ទៅ​ឲ្យ​ស្ថានទូត​ម៉ិចស៊ិក ប្រចាំ​ទីក្រុង​អាថែន បាន​ផ្ទុះ​នៅ​ក្នុង​ការិយាល័យ​​​ចែក​ចាយ​បញ្ញើ​និង​សំបុត្រ។ ការ​ផ្ទុះ​នេះ​បា​ន​ធ្វើ​ឲ្យ​បុគ្គលិក​ស្រី​​ម្នាក់​រង​របួស​ស្រាល នៅ​ថ្ងៃ​ម្សិលមិញ គឺ​ក្នុង​ពេល​ដែល​កញ្ចប់​មួយ​ទៀត​ ទំនង​​ជា​កំពុង​តែ​ត្រូវ​បាន​យក​ទៅ​ឲ្យ​ស្ថានទូត​ហូឡង់។ ចំណែក​កញ្ចប់​ពីរ​ទៀត ត្រូវ​បាន​គេ​ដោះ​បង្កៃ​ទាន់។ ក្នុង​ចំណោម​កញ្ចប់​ដោះ​បង្កៃ​ទាន់​នោះ មាន​មួយ​ជា​បញ្ញើ​ផ្ញើមក​ឲ្យ​លោក​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី។

ក្នុង​ថ្ងៃ​ម្សិលមិញ​ដដែល ​​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បានគេ​​ចាប់​ខ្លួន​។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​ពីរ​នោះ​ ម្នាក់​ជា​ជន​​ដែល​អាជ្ញាធរ​ក្រិក​តាម​ស្វែង​រក ព្រោះ​ជា​សកម្មជន​របស់​អង្គការ​ឆ្វេងនិយម​ជ្រុល​ ដែល​មាន​ឈ្មោះ​ថា​ “​ការរួម​គំនិត​​ក្រុម​អគ្គី” ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​​ឲ្យ​គេ​ពិបាក​នឹង​កំណត់ ​អំពី​ប្រភព​នៃ​ភេរវកម្មនេះ​ គឺ​បណ្តាល​មក​ពី​កញ្ចប់​បញ្ញើ​សម្រាប់​លោក​សាកូហ្ស៊ី ពុំ​មាន​សញ្ញា​អ្វី​បញ្ជាក់​ជា​ពិសេស​ថា​ជា​របស់​ក្រុម​ជ្រុល​និយម​ក្រិកនេះ​ទេ។

ក្រុម​ជ្រុលនិយម​ក្រិក​នេះ ធ្លាប់​បាន​បង្ក​អំពើ​ភេរវកម្ម ជា​ច្រើន​លើក​ច្រើន​សា​មកហើយ សំដៅ​ទៅ​លើតែ​​ស្ថាប័ន​រដ្ឋ​ក្នុង​ស្រុក​ប៉ុណ្ណោះ ហើយ​​ពុំ​ដែល​បង្ក​ឲ្យ​មាន​​ការ​បាត់​បង់​ជីវិត​ មនុស្ស​ទេ។ ភេរវកម្ម​ចុង​ក្រោយ​ បាន​ធ្វើ​​កាលពី​ខែ​មករា​ ដើម​ឆ្នាំ​២០១០​នេះ​ ដើម្បី​ប្រឆាំង​នឹង​សភា​ក្រិក។ទើប​តែ​លើក​នេះទេ ដែល​ ឥស្សរជន​នយោបាយ​ម្នាក់ គឺ​លោក​ប្រធានាធិបតី​បារាំង បាន​ក្លាយ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ ដោយ​​គ្មាន​សារ​នយោបាយ​ច្បាស់​លាស់។

ភេរវកម្ម​ដោយ​កញ្ចប់​បញ្ញើ​បង្កប់​ជាតិ​ផ្ទុះ​នេះ កើត​ឡើង​ជួន​ចំពេល​ដែល​តុលា​ការ​ក្រិក​ទើប​នឹង​​បើក​សវនាការ​កាត់​ទោស​​សកម្មជន​ជ្រុល​និយម​ “​ប្រយុទ្ធ​ដើម្បី​បដិវត្តន៍” បី​នាក់។ អាជ្ញាធរ​ក្រិក​បាន​ច្រាន​ចោល​ នៅ​ថ្ងៃ​ម្សិលមិញ​​ ថា​អំពើ​ភេរវកម្ម​នេះ​ពុំ​មែន​ជា​ស្នាដៃ​របស់​ពួក​អាល់កៃដា​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI