អានតួអត្ថបទ
កម្ពុជា

បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយ​ចំនួន​នៅ​លិចលង់

បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់
បវេសនកាល​ឆ្នាំសិក្សា​ថ្មីប្រកាស​បើក ក្នុង​ខណៈពេល​ដែល​សាលារៀន​មួយចំនួន​នៅ​លិចលង់ ©ចាន់ណា
ដោយ៖ គី សុខលីម
១៦ នាទី

ប្រទេស​កម្ពុជា​ប្រកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​​សាលារៀន​ដែល​​រងគ្រោះ​ដោយសារ​ទឹកជំនន់​​ត្រូវ​បើក​បវេសនកាល​​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ ម្យ៉ាង​វិញ​ទៀត លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​​កម្ពុជា​​អំពាវនាវ​នៅ​ថ្ងៃសៅរ៍​នេះ​​អោយ​ក្រសួង​អប់រំ​កម្ពុជា​ពង្រឹង​គុណភាព​អប់រំ​ជាជាង​ពង្រីក​បរិមាណ។

ផ្សាយពាណិជ្ជកម្ម

លើកលែង​តែ​សាលារៀន​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ចេញ សាលា​រៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ជាផ្លូវ​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០១១​-២០១២​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ប្រទេស​កម្ពុជា​មាន​សិស្ស​សរុប​ពី​ថ្នាក់​មតេ្តយ្យ​ដល់​ថ្នាក់​ឧត្តម​សិក្សា​ចំនួន​៣​លាន​៤​សែន​នាក់ សិស្ស​អក្ខរកម្ម​ចំនួន​២ម៉ឺន​៥​ពាន់នាក់​និង​សិស្ស​រៀន​ជំនាញ​មុខរបរ​៨​ពាន់​នាក់។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​សាលារៀន​សរុប​ចំនួន​​១​ម៉ឺន​៥​រយ​ខ្នង​នៅ​ទូទាំង​ប្រទេស។

លោក នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ ​បាន​ថ្លែង​នៅ​ក្នុងសារ​លិខិត​របស់​លោក​ថា វិស័យ​អប់រំ​គឺ​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំង​ឡាយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ ការ​សិក្សា​​រៀន​សូត្រ​គឺ​ជា​ការងារ​មួយ​គ្មាន​ទី​បញ្ចប់។ វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​មាន​ការ​រីក​ចម្រើន​ច្រើន​មែន​ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​បន្ត​គឺ​បញ្ហា​គុណភាព។ គុណភាព​និង​បរិមាណ​ត្រូវ​ធានា​អោយ​មាន​តុល្យភាព។

នាពេល​កន្លងមក វិស័យ​អប់រំ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា មាន​តែ​បរិមាណ​តែ​ខ្វះគុណភាព។ គុណភាព​មាន​កម្រិត​ទាប​​បើប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់។ ម្យ៉ាង​វិញ​ទៀត ការ​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ងាយ​ពេក។ ងាយ​រហូត​ដល់​ទៅ​សញ្ញាបត្រ​បាត់បង់​តម្លៃ​របស់​វា។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ​កម្ពុជា​បាន​អំពាវនាវ​​នៅ​ថ្ងៃ​សៅរ៍​នេះ​ចំ​ថ្ងៃ​បើក​​បវេសនកាល​ថា​ ក្រសួង​អប់រំ​ត្រូវ​ពង្រឹង​គុណភាព​អប់រំ​អោយ​ខាង​តែបាន​។ លោក ឈុន បាន​បន្ត​ទៀត​ថា ការ​ធ្វេសប្រហែស​​គិតតែ​ពី​បរិមាណ​ខ្លាំង​ពេក វិស័យ​អប់រំ​កម្ពុជា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សង្គម។ ការ​ពង្រឹង​វិស័យ​អប់រំ​អោយ​មាន​គុណភាព​គឺ​ជា​ផល​ប្រយោជន៍​សម្រាប់​បុគ្គល​អ្នក​សិក្សា​និង​សង្គម​ជាតិ។

សូម​បញ្ជាក់​ថា ថ្ងៃ​សៅរ៍​នេះ គឺ​ជា​ថ្ងៃ​បើក​បវេសនកាល​ដំបូង​សម្រាប់​សិស្សានុសិស្ស​ទូទាំង​ប្រទេស​ប៉ុន្តែ​សាលារៀន​មួយ​ចំនួន​នៅ​លិច​ទឹក​ជំនន់​នៅ​ឡើយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​បាន​អោយ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​សាលារៀន​សរុប​ទាំងអស់​ចំនួន​​១​ម៉ឺន​៥​រយ​ខ្នង​ក្នុងនោះ សាលា​រៀន​ជាង​៩​០០​ខ្នង​ត្រូវ​បាន​ទទួល​រង​ផលប៉ះពាល់​ពី​ទឹក​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ជំនន់​ទន្លេ​មេគង្គ។

ក្រសួង​អប់រំ​បាន​ប្រកាស​ប្រាប់​ទៅ​ដល់​សាលា​ដែល​លិចទឹក​ថា ពួកគេ​អាច​បើក​បវេសនកាល​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​សាលា​រៀន​នីមួយ​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ