កម្ពុជា

កម្ពុជា​រំពឹង​យក​មេដាយ​មាស​យ៉ាង​តិច​៥​នៅ​ស៊ីហេ្គម

ស្លាក​សញ្ញា​ស៊ីហ្កេម​លើក​ទី​២៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី
ស្លាក​សញ្ញា​ស៊ីហ្កេម​លើក​ទី​២៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ©seagame

ប្រតិភូ​កីឡា​កម្ពុជា​២៣០​នាក់​កំពុង​ត្រៀម​ចាកចេញ​ទៅ​ចួលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​២៣​ខែ​វិច្ឆិកា។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា លោក​ វ៉ាត់ ចំរើន ​បាន​អះអាង​អោយ​ដឹង​ថា កម្ពុជា​មាន​គោលដៅ​ដណ្តើម​យក​មេដាយ​មាស​អោយ​បាន​យ៉ាងហោច​ណាស់​៥​នៅក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ។ ទន្ទឹមគ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​៣០០០​ដុល្លារ ២០០០​ដុល្លារ និង​១០០០​ដុល្លារ​ដល់​កីឡាករ កីឡាការិនី​ណា​ដែល​ទទួល​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ។

ផ្សាយពាណិជ្ជកម្ម

 

ថ្នាក់​ដឹកនាំ​កីឡា​កម្ពុជា​បាន​ថ្លែង​ថា​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​នឹង​ដណ្តើម​យក​មេដាយ​មាស​អោយ​បាន​យ៉ាងហោច​ណាស់​ចំនួន​៥​នៅក្នុង​ការប្រកួត​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ។ លោក​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​អោយ​ដឹង​ថា នេះ​គឺ​ជា​ការ​តាំង​ចិត្ត​របស់​កម្ពុជា​ដែល​ត្រូវ​តែ​បង្ហាញ​ការ​រីក​ចំរើន​ជាង​ស៊ីហ្គេម​នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០០៩​ដែល​ពេល​នោះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ចំនួន​៣។ ហើយ​បើ​សរុប​ជាមួយ​មេដាយ​ប្រាក់ និង​សំរឹទ្ធ​កម្ពុជា​ទទួល​បាន​មេដាយ​ទាំងអស់​៤០។

ប្រតិភូ​កីឡា​កម្ពុជា​២៣០​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ​និង​កីឡាការិនី​១៦២​នាក់​នឹង​ចាក​ចេញ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នឹង​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​២៣​វិច្ឆិកា។

លោក​ វ៉ាត់ ចំរើន បាន​ប្រាប់​អោយ​ដឹង​ថា ក្នុង​ចំណោម​វិញ្ញាសា​ជាង​៤០ កម្ពុជា​នឹង​ចូលរួម​ក្នុង​២០​វិញ្ញាសា។

កាលពីព្រឹកថ្ងៃ​​ចន្ទ​ទី​៣១​តុលា​នេះ ប្រតិភូ​កីឡា​ជម្រើស​ជាតិ​កម្ពុជា​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ចំនួន​៣០០០​ដុល្លារ​ដល់​កីឡាករ​ដែល​ដណ្តើម​បាន​មេដាយ​មាស ២០០០​ដុល្លារ​សម្រាប់​មេដាយ​ប្រាក់ និង​១០០០​ដុល្លារ​ដល់​អ្នក​ដែល​បាន​ទទួល​មេដាយ​សំរឹទ្ធ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​មេដាយ​មាស​ដែល​ រដ្ឋ​នឹង​ផ្តល់​អោយ​ចំនួន​៦០០០​ដុល្លារ​នោះ បូក​រួម​ទាំង​ការ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​នានា និង​របស់​លោក​នាយក​រដ្ឋមន្ត្រី កីឡាករ​ដែល​​ទទួល​បាន​មេដាយ​មាស​លើក​នេះ អាច​ទទួល​បាន​ថវិកា​១៥០០០ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI