រដ្ឋាភិបាលអះអាងពីការគាំទ្ររបស់ អ.ស.ប ពេលបក្សប្រឆាំងរកអន្តរាគមន៍ពីអន្តរជាតិ
មន្ត្រីរដ្ឋាភិបាលបានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការគាំទ្រ និងសាទរពីលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកឈ្នះឆ្នោត។ លោក ហ៊ុន សែន និងលោក បាន គីមូន បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសព្រុយណេ។ ដំណឹងនេះបានកើតឡើង ក្នុងពេលដែលលោកសម រង្ស៊ី មេដឹកនាំបក្សប្រឆាំងកំពុងបើកយុទ្ធនាការការទូតដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅពេលវិលត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ានវិញ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកកាសែតថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្លែងសាទរចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃគណបក្សឈ្នះឆ្នោត។ បើយោងតាមលោក កៅ គឹមហួន លោកបាន គីមូន ក៏បានថ្លែងសរសើរផងដែរពីការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសន្តិភាព។
ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកបាន គីមូន បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០តុលា នៅឯក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសព្រុយណេ។ ជំនួបនេះបានកើតឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនយោបាយ និងវិបត្តិថវិកានៅសាលាក្តីខ្មែរក្រហម។ យ៉ាងណាក៏ដោយ គ្មានសេចក្តីរាយការណ៍ណាបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានយោបាយនៅកម្ពុជាទេ។
បើយោងតាមលោក កៅ គឹម ហួន ដដែល ជំនួបនេះបានពិភាក្សាអំពីបេសកកម្មទាហានមួកខៀវកម្ពុជាដើម្បីរក្សាសន្តិភាព និងដោះមីននៅក្រៅប្រទេស និងបញ្ហាថវិកាសាលាក្តីខ្មែរក្រហម។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសុំឲ្យកម្ពុជាបញ្ជូនកងទ័ពមួកខៀវជាស្ត្រីផងដែរ សម្រាប់បេសកកម្មនៅក្រៅប្រទេស។ ចំណែកឯបញ្ហាថវិកាសាលាក្តីខ្មែរក្រហមវិញ អង្គការសហប្រជាជាតិបានសុំឲ្យរដ្ឋាភិបាលប្រើថវិកាបដិភាគរបស់ខ្លួន សម្រាប់ភាគីជាតិរហូតដល់ចុងឆ្នាំ ២០១៣ នេះ។
យ៉ាងណាក៏ដោយ ការរំលេចព័ត៌មានស្តីពីការសាទរ និងគាំទ្ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ បានកើតឡើងក្នុងខណៈដែលគណបក្សប្រឆាំងកំពុងបើកយុទ្ធនាការការទូតនៅឯក្រៅប្រទេស ដើម្បីសុំកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញ។ គណបក្សសង្គ្រោះជាតិដែលនៅតែមិនព្រមចូលអង្គុយក្នុងសភា បានហៅរដ្ឋាភិបាល និងរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជាថា បានកើតឡើងដោយមិនស្របច្បាប់។
លោក សម រង្ស៊ី កំពុងស្ថិតនៅទ្វីបអឺរ៉ុប និងគ្រោងធ្វើដំណើរទៅអាមេរិកទៀត ដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិឲ្យជួយដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល និងរដ្ឋសភាដែលមានតែគណបក្សប្រជាជនម្នាក់ឯងនៅតែដំណើរការ ដោយគ្មានការជាប់គាំងឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ