អានតួអត្ថបទ
ភូមា

តំណាង​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​អញ្ជើញ​ទៅ​កាន់​ភូមា​ជា​ថ្មី

លោក Vijay Nambiar នាយក​ខុទ្ទកាល័យ​​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​
លោក Vijay Nambiar នាយក​ខុទ្ទកាល័យ​​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​
ដោយ៖ អៀង សុខម៉ិញ
១១ នាទី

តាំង​ពី​​រដ្ឋាភិបាល​ថ្មី​ស៊ីវិល​ភូមា បាន​បន្ទន់​កាយ​វិការ​បើក​ទ្វារ​ចំហ​ទទួល​សហគមន៍​អន្តរជាតិមក ទស្សនកិច្ច​ការទូត ជាន់​ខ្ពស់​ ទៅ​កាន់​ប្រទេសនេះ មាន​កាន់​តែ​ច្រើន​ឡើងៗ។ ជាក់​ស្តែង​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ ទើប​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​រ៉ង់ហ្គូន នៅ​ថ្ងៃ​ចន្ទ​ទី ៣១​តុលា​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​​៥​ថ្ងៃ លោក​Vijay Nambiar នាយ​ខុទ្ទកាល័យរបស់​​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​អនុប្រធានាធិបតី​ និង​ជាមួយ​រដ្ឋមន្ត្រី​​ភូមា​ជាច្រើន​នាក់។ បន្ទាប់​មក​លោក​ក៏​នឹង​ត្រូវ​ជួប​សន្ទនា​ជាមួយ​តំណាង​បក្ស​ប្រឆាំង​ដ៏ល្បី​ឈ្មោះ លោកស្រី​ អ៊ុង សានស៊ូជី ដូច​ដំណើរទស្សនកិច្ច​លើក​មុន​ដែរ។

 
ម្យ៉ាង​វិញ​ទៀត ដំណើរ​ទស្សនកិច្ច​របស់​តំណាង​អង្គការ​សហប្រជាជាតិ​លើក​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិកពីរ​រូប​ ត្រូវ​មកបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​នេះ​ដែរ។ អនុរដ្ឋលេខាធិការ​​អាមេរិក​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ និង​អន្តរការីអាមេរិក​ទទួល​បន្ទុក​កិច្ច​ការភូមា នឹង​មក​ដល់​ភូមា​នៅ​ថ្ងៃ​ស្អែក សម្រាប់​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ។ ក្នុង​រយៈ​ពេល​តែ​ពីរ​ខែ​ប៉ុណ្ណោះ តំណាង​អាមេរិក​បាន​ធ្វើ​ដំណើរ​មក​ភូមា​ដល់​ទៅ​ពីរ​លើក។​

តាំង​ពីភូមា​​មាន​រដ្ឋាភិបាល​ថ្មី​ស៊ីវិល នា​ខែ​មីនា​ឆ្នាំ ២០១១​មក សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​អបអរ​​ស្វាគមន៍​កា​រ​ប្រែ​ប្រួល​​ជា​វិជ្ជមាន​ និង​ជា​និមិត្តរូប​មួយ​ចំនួន​ ខុស​ប្លែក​ពី​របប​មុន ដែល​ដឹក​នាំ​ដោយ​​យោធា​ផ្តាច់ការ​ រយៈ​ពេល​ជាង​២០​ឆ្នាំ។ ប៉ុន្តែ​អង្គការសហប្រជាជាតិ និង​អាមេរិក នៅ​តែ​ទាមទារ​ឲ្យ​ភូមា​បន្ត​ធ្វើ​​កំណែ​ទម្រង់​នយោបាយ​ឲ្យ​បាន​ស៊ីជម្រៅ​ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ឲ្យ​មាន​សេរីភាព​វិញ។

កាល​ពី​ពាក់​កណ្តាល​ខែតុលា​ថ្មីៗ​នេះ អ្នក​ទោស​នយោបាយ​ប្រមាណ​២០០​នាក់​ ក្នុង​ចំណោម​២ពាន់​នាក់​ បាន​ត្រូវ​ដោះលែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ