កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​រំលឹក​ខួប​៦៥ឆ្នាំ​នៃ​ការបង្កើត​កងទ័ព​ជាតិ​

នៅថ្ងៃ​អង្គារ​នេះ កូរ៉េ​ខាងត្បូង​បាន​រៀបចំ​​ខួប​៦៥ឆ្នាំ​នៃការ​បង្កើត​កងទ័ព​​ជាតិ ដោយ​បាន​រៀបចំ​​ក្បួនព្យុហយាត្រា​ដ៏​​ធំ មិនធ្លាប់មាន​តាំង​ពី​ឆ្នាំ​២០០៣មក។ ​ពិធី​ដ៏ឧឡារឹកនេះ បានប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ​លោកស្រី ប៉ាក់ គុនហេ ហើយ​ក៏​មាន​វត្តមាន​របស់​ប្រមុខការពារជាតិ​អាមេរិក​ លោក ឆាក់ ហាហ្កេល ផងដែរ។

កងទ័ព​កូរ៉េខាងត្បូង និង​​មីស៊ីល​ហីយ៉ុងមូ លេខ១
កងទ័ព​កូរ៉េខាងត្បូង និង​​មីស៊ីល​ហីយ៉ុងមូ លេខ១ REUTERS/Lee Jae-Won
ផ្សាយពាណិជ្ជកម្ម

នៅក្រុងសេអ៊ូល ថ្ងៃ​អង្គារ​នេះ ក្បួន​ព្យុហយាត្រា​យោធា ក្នុង​ពិធី​រំលឹក​ខួប​៦៥ឆ្នាំ​​នៃការ​បង្កើត​​កងទ័ព​កូរ៉េ​ខាងត្បូង​​ ​មាន​កងទ័ពចូលរួម​​​​មិនតិច​ជាង​​​​១ម៉ឺនមួយពាន់នាក់​ នោះឡើយ។ ក្រុងសេអ៊ូល​បាន​​បង្អួត​សម្ភារៈ​យោធា​ទំនើបៗរបស់​ខ្លួន​ជាច្រើន មាន​ដូចជា​រថក្រោះ យន្តហោះចំបាំង ឧបករណ៍​ប្រើ​សំរាប់​បាញ់​មីស៊ីល មីស៊ីល​​បាញ់នាវា និង​នាវាបណ្តែត​ធុនទំនើប​ចុងក្រោយគេ ។ល។ និង​ ។ល។

គេ​ចាប់អារម្មណ៍ពី​មីស៊ីល​បាញ់​បានចំងាយ​ឆ្ងាយ ឈ្មោះ​​​ Hyonmu៣ (ហ៊ីយ៉ុងមូលេខ​៣) ដែល​មាន​វត្តមាន​ក្នុង​ក្បួន​ព្យុហយាត្រានេះ។ មីស៊ីល​នេះ​​អាច​ប្រើ​បាញ់​បាន​ទាំង​តាមជើងគោក និង​ជើងទឹក ក្នុង​រយៈចំងាយ​រាប់រយគីឡូម៉ែត្រ។ ​ហើយ​បើ​យោងតាម​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង ​ហ៊ីយ៉ុងមូ​លេខ៣ អាច​វាយប្រហារ​ទីតាំង​សំខាន់ៗ​​ ​នៅ​កូរ៉េ​ខាងជើង​ទៀតផង។

នៅចំពោះមុខ​ការបង្អួត​អាវុធយោធា​ទំនើបៗ​នេះ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ប៉ាក់ គុនហេ បានលើកឡើងថា ​​​កូរ៉េខាងជើង​​នៅតែ​​បន្ត​​​អភិវឌ្ឈន៍​អាវុធ​នុយក្លេអ៊ែរ​ ដូច្នេះ កូរ៉េខាងត្បូង​​មាន​ករណីកិច្ច​ចាំបាច់​​​ ក្នុង​ការ​ទប់ស្កាត់ទង្វើ​ទាំងអស់នេះ។ ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េទាំងពីរ​ ក្នុង​ពេល​​ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ ហាក់​មាន​ស្ថានភាព​កក់ក្តៅ​​បន្តិច​ឡើងវិញ។ ប៉ុន្តែ កូរ៉េខាងត្បូង​នៅតែ​បង្ហាញការ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​​​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង ដែល​មិន​ខ្ចី​នឹង​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​អន្តរជាតិ​​​នោះ។  

ក្នុង​ពិធី​រំលឹក​ខួប​៦៥ឆ្នាំ​ នៃការ​បង្កើតកងទ័ព​កូរ៉េ​នៅថ្ងៃនេះ ក៏​មាន​វត្តមាន​ប្រមុខ​ការពារជាតិ​អាមេរិក លោក ឆាក់ ហាហ្កេល​ ផងដែរ។ ក្នុង​សប្តាហ៍​នេះ លោក ហាហ្កេល​ ធ្វើទស្សនកិច្ច​នៅកូរ៉េខាងត្បូង​ និង​ជប៉ុន ដើម្បី​ពិភាក្សា​​ពី​សម្ព័ន្ធភាព​យោធា​រវាងអាមេរិក និង​ប្រទេស​ទាំងពីរ​ សបញ្ជាក់ពី​យុទ្ធសាស្ត្រ​អាមេរិក​នៅ​អាស៊ីប៉ាស៊ីហ្វិក នៅចំពោះ​មុខ​​​កូរ៉េខាងជើង​ និង​ប្រទេស​មហាអំណាច​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI