កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងដកស្រង់គំនិតពីកំណែទម្រង់នៅភូមា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្យ៉ុង បាក់ ដែលបានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅប្រទេសភូមា កាលពីខែឩសភាមុន នៅថ្ងៃពុធ៦មិថុនានេះបានអំពាវនាវកូរ៉េខាងជើងឱ្យដកស្រង់គំនិតពីកំណែទម្រង់នយោបាយដែលរបបសឹកភូមាបានធ្វើជាច្រើនខែមកហើយ ដើម្បីធ្វើឱ្យប្រទេសជាតិចេញផុតពីភាពឯកា។
នៅក្នុងសុន្ទរកថាថ្លែងនៅឱកាស” ទិវានឹកចងចាំ “ រំលឹកដល់វិញ្ញាណក្ខន្ធទាហានកូរ៉េខាងត្បូងពលិជីវិត នៅក្នុងសង្គ្រាមកូរ៉េ(ពីឆ្នាំ១៩៥០ដល់១៩៥៣) លោក លី ម្យ៉ុង បាក់បានអះអាងជាថ្មីចេតនារបស់ខ្លួនចង់ពង្រឹងទំនាក់ទំនងនៃប្រទេសខ្លួនជាមួយភូមាដែលកំណែទម្រង់ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ “ពុំអាចវិលត្រឡប់ថយក្រោយវិញបានឡើយ”។
លោក លី ម្យ៉ុង បាក់ បានថ្លែងថា “ខ្ញុំបានសុំឲ្យលោកប្រធានាធិបតី ថេនសេន បញ្ជូនបន្តទៅឲ្យកូរ៉េខាងជើងដែលជិតដិតនឹងប្រទេសគាត់នូវសារនៃប្រទេសភូមាដែលបានបើក”សករាជថ្មីមួយ”សម្រាប់ប្រជាជនខ្លួន។
លោក លី ម្យ៉ុង បាក់បានសង្កត់ធ្ងន់ថា “ភូមាទោះបីជាមានធនធានធម្មជាតិដ៏សំខាន់និងដែនដីដ៏ធំទូលាយក្តី មានផលទុនគិតតាមបណ្តាជនម្នាក់ៗតែ៧០០ដុល្លារ(ប្រមាណជា៥៦០អឺរ៉ូ) ប៉ុណ្ណោះជិតដូចកូរ៉េខាងជើងដោយហេតុសេដ្ឋកិច្ចសង្គមនិយមបិទជិតរបស់ខ្លួននិងកាលមុនឋិតនៅឯកាលើឆាកអន្តរជាតិ”។
សហគមន៍អន្តរជាតិព្រួយបារម្ភក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះអំពីទំនាក់ទំនងរវាងណៃពីដោនិងព្យុងយ៉ាងជាពិសេសស្តីពីលទ្ធភាពអាចមានកម្មវិធីនុយក្លេអ៊ែរ។
ប៉ុន្តែរបបភូមាថ្មីបានប៉ុនប៉ងធ្វើឲ្យប្រទេសលោកខាងលិចកក់ក្តៅក្នុងចិត្តដោយនៅខែវិច្ឆិកាឆ្នាំទៅអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកាំងម្នាក់បានបញ្ជាក់ប្រាប់ថា សរអាពុំបានឃើញមានសញ្ញាអ្វីមួយនៃកម្មវិធីនុយក្លេអ៊ែរជាដុំកំភួននៅភូមាទេ។
ទស្សនកិច្ចរបស់លោក លី ម្យ៉ុង បាក់នៅភូមាកាលពីពាក់កណ្តាលខែឧសភាមុនគឺជាទស្សនកិច្ចលើកទី១របស់ប្រមុខរដ្ឋកូរ៉េខាងត្បូងមួយរូបចាប់តាំងពីមានអំពើភេរវកម្មខកខានពុំបានសម្រេចនៅក្នុងប្រទេសនេះនៅឆ្នាំ១៩៨៣ធ្វើទៅលើរូបលោកប្រធានាធិបតីជំនាន់នោះឈុនដូវ៉ាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ