ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្ថាបនិក​​អ៊ីស្រាអែល​ និង​​ជ័យលាភី​​ណូបែល​​សន្តិភាព​​ ស្ហ៊ីម៉ុ​ន​ ពេរ៉េស​ ​ទទួល​​​មរណភាព​​​

សំឡេង ០៦:៤៩
លោក Shimon Peres
លោក Shimon Peres REUTERS/Chris Wattie/Files

លោក​ស្ហ៊ីម៉ុ​ន ពេរ៉េស Shimon Peres អាយុ​៩៣ឆ្នាំ ជា​​អតីតនាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​អ៊ីស្រាអែល បាន​ទទួលមរណភាព នៅ​ ថ្ងៃ​ពុធនេះ នៅ​ក្រុងតេលអាវីវ។ លោក​បានចូល​មន្ទីរពេទ្យ​​២សប្តាហ៍ហើយ ដោយសារ​ដាច់សរសៃឈាម​ខួរ​ក្បាល។

ផ្សាយពាណិជ្ជកម្ម

លោក​ពេរ៉េស ជា​​ស្ថាបនិក​​មួយរូប​នៃ​រដ្ឋអ៊ីស្រាអែល ហើយ​ក៏ជា​ជ័យ​លាភី​ណូបែល​​សន្តិភាព​ឆ្នាំ១៩៩៤​ដែរ។ មេដឹកនាំ​ធំៗ​ក្នុង​ពិភពលោក ដូចជាប្រធានាធិបតី​អាមេរិក ​​​​អូបាម៉ា ប្រធានាធិបតី​បារាំង ​​​ហូឡង់ បូករួម​ទាំង​អតីត​ប្រធានាធិបតី​អាមេរិក បៀល គ្លីនតុន បាន​នាំគ្នា​សំដែង​ការគោរព​វិញ្ញាណក្ខ័ន្ធ​​​ដល់​លោកពេរ៉េស នៅថ្ងៃ​ពុធនេះ។​​ រដ្ឋាភិបាល​អ៊ីស្រាអែល​​​បាន​គោរព​វិញ្ញានក្ខ័ន្ធ​លោក នៅ​ម៉ោង១០ព្រឹក។

ពិភពលោក​ស្គាល់​​លោក​ស្ហ៊ីម៉ុន​ ពេរ៉េស​ តាមរយៈ​កិច្ចព្រមព្រៀង​អូស្លូឆ្នាំ១៩៩៣
លោក​ស្ហ៊ីម៉ុន ពេរ៉េស ជា​អតីតនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធានាធិបតី​អ៊ីស្រាអែល។ លោក​ត្រូវបាន​​គេស្គាល់​ ដោយសារ​លោក​បាន​គាំទ្រ​​អោ​យមាន​​សន្តិភាព​រវាង​ប៉ាឡេស្ទីន នីង​អ៊ីស្រាអែល រហូត​ប៉ាឡេស្ទីន​​​និង​អ៊ីស្រាអែល​​ចុះហត្ថលេខា​កិច្ចព្រមព្រៀងសន្តិភាព​​អូស្លូ កាលពី​​ឆ្នាំ១៩៩៣។ ​​រហូត​ដល់ដង្ហើម​ចុងក្រោយ លោកពេរ៉េស ​​​នៅតែ​​គាំទ្រ​សន្តិភាព​​អ៊ីស្រាអែល-ប៉ាឡេស្ទីន​។

គួររំលឹកថា ដើម្បី​រកច្រក​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺ​​លោកស្ហ៊ីម៉ុន ​ពេរ៉េស ​​នេះហើយ​ដែល​បាន​ទៅ​ចរចា​សំងាត់ កិច្ចព្រមព្រៀង​អូស្លូ​ ​ជាមួយ​ប៉ាឡេស្ទីន ​កាលពី​​លោក​នៅជា​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល ក្នុង​ទសវត្ស​ឆ្នាំ១៩៩០។ ​​​ថ្ងៃ១៣កញ្ញា​ឆ្នាំ១៩៩៣ លោក​ស្ហ៊ីម៉ុន ពេរ៉េស ​និង​មេដឹកនាំ​​ប៉ាឡេស្ទីន លោក​យ៉ាសសេ អារ៉ាហ្វាត Yasser Arafat ​បា​នចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុងអូស្លូ នៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​មានវត្តមាន​ចូលរួម​របស់​លោក​យីតហ្សាក់ រ៉ាប៊ីន Yitzhak Rabin ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ជំនាន់នោះ និង​​ប្រធានាធីបតី​អាមេរិក បៀល គ្លីនតុន Bill Clinton។

កិច្ចព្រមព្រៀង​អូស្លូ ​មានគោលការណ៍​ជំរុញ​អោយ​មាន​ការចរចា​ដោះស្រាយ​ជម្លោះ ហើយ​ជាមូលដ្ឋាន​សម្រាប់​ភាពស្វ័យតបណ្តោះអាសន្ន​៥ឆ្នាំ ​របស់​ប៉ាឡេស្ទីន។ ថ្ងៃ​ចុះហត្ថលេខា​ ឆ្នាំ១៩៩៣នោះ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល យីតហ្សាក់​​រ៉ាប៊ីន បាន​ចាប់ដៃជាមួយ​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន អារ៉ាហ្វាត នៅ​ចំពោះ​មុខ​លោក​គ្លីនតុន ធ្វើអោយ​ពិភពលោក​សង្ឃឹមថា អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន អាច​រក​ឃើញ​សន្តិភាព​ជាមួយគ្នា នៅ​ពេល​អនាគត។

ដោយសារ​ហេតុការណ័៍​ប្រវត្តិសាស្ត្រ​នេះ ទើប​លោក​ពេរ៉េស ត្រូវបាន​គេកោតសរសើរ នៅ​ទូទាំង​ពិភពលោក។ ហើយ​ដោយសារ​ការប្រឹងប្រែង​ជំរុញ​​កិច្ចព្រមព្រៀង​អូស្លូនេះដែរ ទើប​បានជា​លោកពេរ៉េស បូករួម​​​លោក​រ៉ាប៊ីន ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលជំនាន់​នោះ​ ​ហើយ​នឹង​មេដឹកនាំ​ប៉ាឡេស្ទីន លោក​អារ៉ាហ្វាត បាន​ទទួលពានរង្វាន់​ណូបែល​សន្តិភាព នៅ​ឆ្នាំ១៩៩៤ មួយឆ្នាំ​ក្រោយ​ចុះហត្ថលេខា។

ដោយឡែក ​កិច្ចព្រមព្រៀង​នេះចាប់​ផ្តើមជួបបញ្ហា​ នៅ​ចន្លោះឆ្នាំ១៩៩៦ និង​១៩៩៧ ​​ដោយសារ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មិនត្រូវគ្នា​រឿង​លក្ខន្តិកៈ​ក្រុងហ្សេរុយសាឡិម រឺ​​បញ្ហា​ភេរវកម្មជាដើម។ ​ជាក់ស្តែង ​ឆ្នាំ១៩៩៥ ជនជ្រុលនិយម​ជនជាតិជ្វីហ្វ​ម្នាក់ ដែល​ស្អប់​កិច្ចព្រមព្រៀង​អូស្លូ បាន​សម្លាប់​នាយករដ្ឋមន្ត្រី​រ៉ាប៊ីន ដែល​ជា​ម្ចាស់ពានណូបែល​សន្តិភាព​នេះដែរ។ ​

​​ប្រវត្តិ​​លោកស្ហ៊ីម៉ុន ​​ពេរ៉េស  
លោកស្ហ៊ីម៉ុន ពេរ៉េស កើត​​ខែសីហា​ ឆ្នាំ១៩២៣ នៅ​ក្រុង​Vishneva វិសឆ្នេវ៉ា កាលនោះ​ស្ថិត​ក្នុង​ទឹកដី​ប៉ូឡូញ តែ​ឥឡូវ​ជា​ទឹកដី​ប្រទេស​ប៊ីយេឡូរុស្ស៊ី​វិញុ។ ត្រកូលលោក​ពីមុន មិនមែន​ពេរ៉េស​ទេ គឺ​​ត្រកូល​ពែរស្គី Perski។ តែ​ក្រោយមក​​លោកដូរទៅជា​ត្រកូល​ពេរ៉េស​វិញ។ ពេល​លោក​អាយុ​១១ឆ្នាំ លោក​បាន​ភៀសខ្លួន​ជាមួយ​គ្រួសារ មក​នៅ​ប៉ាឡេស្ទីន។ លោក​បាន​ចូលរួម​​ចលនា​យុវជន​មួយក្រុម ដែល​ជិតដិត​នឹង​​​និន្នាការ​ឆ្វេងនិយម​ជ្វីហ្វ។ លោក​ពេរ៉េស​ចូលប្រឡូក​នយោបាយ​ នៅ​អាយុ​២៥ឆ្នាំ។

ឆ្នាំ១៩៣៦ លោក​បានជួប​​​លោកបេន ​​ហ្កួរីយ៉ុង Ben Gourion ​ជាស្ថាបនិក​រដ្ឋអ៊ីស្រាអែល ឆ្នាំ១៩៤៨។ លោក​បេន ហ្កួរីយ៉ុង​ បាន​ជួយជ្រោមជ្រែង អោយ​លោក​ពេរ៉េស បាន​លូតលាស់​ ក្នុង​នយោបាយ​អ៊ីស្រាអែល។ ​

លោកពេរ៉េសបាន​ចូលធ្វើការ​ក្នុង​​សភា​ដំបូង ជា​តំណាងរាស្ត្រ​បក្ស​ការងារ ​នៅ​ឆ្នាំ១៩៥៩។ លោក​បម្រើការ​នៅ​សភា រហូត​៤៨ឆ្នាំ គឺយូរគួរកត់សម្គាល់។ លោកបម្រើ​រដ្ឋាភិបាល​ជាង១០- ហើយ​​ធ្លាប់​កាន់កាប់​​ក្រសួងសំខាន់ៗ ដូចជា​ការពារជាតិ ​ហិរញ្ញវត្ថុ រឺ​ការបរទេសជាដើម។

លោកធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី ​នៅឆ្នាំ១៩៧៧ ដល់ទៅ២ដង តែ​មិនដែលជាប់ឆ្នោត​ទេ។ ស្ហ៊ីម៉ុន ពេរ៉េស​មានវត្តមាន​ក្នុង​សភា​យូរមែន តែ​​លោកក៏​ជួប​បរាជ័យ​ក្នុង​ការបោះឆ្នោត​សភា​ ច្រើន​ដង​ដែរ។ ​លោក​បានឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី​ ឆ្នាំ១៩៩៦ ក៏ដោយសារ​តែ​​​​នាយករដ្ឋមន្ត្រី​រ៉ាប៊ីន ត្រូវបាន​គេ​ធ្វើឃាតដែរ។ ​

ពេរ៉េស​ ប្រែខ្លួន ពីស្ទាំងកំណាច មកធ្វើជា​ព្រាបតំណាងសន្តិភាព
មុន​នឹង​ប្រកាន់​ជំហរ​សន្តិភាព​ខ្ជាប់ខ្ជួន រហូត​ដង្ហើម​ចុងក្រោយ ​លោក​ពេរ៉េស ធ្លាប់​រងការ​រិះគន់​ជាខ្លាំង កាលពី​ឆ្នាំ១៩៩៦ ​ដោយសារ​កាលនោះ​ អ៊ីស្រាអែល​ ​ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ពេរ៉េស បានបើកប្រតិបត្តិការ​​​ទំលាក់​គ្រាប់បែក ទៅលើ​ភូមិ​លីបង់​មួយកន្លែង ​សម្លាប់​ជនស៊ីវិល​​១០៦នាក់។

កាលពី​​ទសវត្ស​ឆ្នាំ១៩៥០ លោក​ពេរ៉េសធ្លាប់​​​ទាក់ទង​សុំអោយ​បារាំង​​​ជួយ​​​ផ្តល់​យន្តហោះ​ប្រដេញ និង​ឧបត្ថម្ភ​ការសាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ឈ្មោះថា ឌីមោណា Dimonaទៀតផង។ ​ប៉ុន្តែ អ៊ីស្រាអែល​មិនដែល​និយាយ​ថា ខ្លួនមាន​គ្រាប់បែក​នុយក្លេអ៊ែរ​ទេ។ លោកពេរ៉េស​​​​ក៏ធ្លាប់​ចរចា​ទិញអាវុធ​ និង​យន្តហោះ​ជាមួយ​អាមេរិក​ដែរ។ លើសពីនេះ លោក​ធ្លាប់​គាំទ្រ​អោយ​មាន​តំបន់អាណានិគម​ជ្វីហ្វ​ដំបូង នៅ​ស៊ីសហ្ស៊កដានី។ លោក​ធ្លាប់​ប្រឆាំង​​​គំនិត​សម្រុះសម្រួល​ដែនដី​ជាមួយ​ប៉ាឡេស្ទីន​ទៀតផង។ ​

ប៉ុន្តែ ទាំងអស់​នេះ សុទ្ធតែ​​ជារឿងអតិតកាល។ ​លោក​ពេរ៉េស​ប្រហែល​ជាបាន​មើលឃើញថា ​រស់នៅ​មាន​​តំណែង​ល្អ​ក្នុង​រដ្ឋាភិបាល ​​​តែ​ហិង្សា និង​​សង្គ្រាម​​នៅ​​តែ​បន្ត​សម្លាប់​មនុស្ស គឺជា​ការ​ដែល​​រស់​គ្មានន័យ។ ហេតុនេះ​ហើយ ​​ទើប​ក្រោយមក​ ​លោកពេរ៉េស​​បង្ហាញ​ជំហរ​ប្រកាន់​សន្តិភាព​កាន់តែខ្លាំង លុះ​ដង្ហើម​ចុងក្រោយ។

ដោយសារ​​រឿងនេះ ​សារព័ត៌មាន​មួយចំនួន​​បាន​​ប្រដូច​​លោកពេរ៉េស​ទៅនឹង​​សត្វ​​ស្ទាំង​មួយក្បាល​ ដែល​បាន​ប្រែក្លាយខ្លួន​ទៅ​ជា​ព្រាបវិញ។ មាន​ន័យថា សត្វស្ទាំង​ដែលធ្លាប់​កាច​សាហាវ​ ទីបំផុត​បាន​ដឹង​កំហុស ហើយ​ប្រែខ្លួន​ជាព្រាប​ស្វែង​រក​សន្តិភាព​​វិញ។ ​ជាក់ស្តែង លោកពេរ៉េស​​​បានបង្កើត​មជ្ឈមណ្ឌល​សន្តិភាព​មួយកន្លែង ហើយ​មុនស្លាប់ លោក​បាន​ធ្វើ​អំណោយ​​កញ្ចក់កែវ​​ភ្នែកលោក​ សម្រាប់​អ្នក​ដែល​ត្រូវការ​។ ​​

អត្តចរឹត​​ចេះ​​កែប្រែ​កំហុស កែខ្លួន​ពី​​ស្ទាំង​កាចសាហាវ មក​ជា​ព្រាបសន្តិភាព​នេះ ​គឺ​ជា​គំរូមួយល្អណាស់​​សម្រាប់​មនុស្ស​គ្រប់រូប ពិសេស​សម្រាប់​មេដឹកនាំ​គ្រប់រូប​ក្នុងពិភពលោក​ ដែល​ធ្លាប់​ប្រព្រឹត្តខុស។ បើ​ខុស​ហើយ មិនត្រូវ​បន្ត លង់​​ខុស​ទៀតទេ គឺ​​ត្រូវចេះ​កែខ្លួន កែ​ចង្កូត​ដឹកនាំ​វិញ។ នេះហើយ​ជា​អ្វីដែល​កាន់តែធ្វើអោយ​សហគមន៍​អន្តរជាតិ​​កោតសរសើរ​លោកពេរ៉េស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI