ជប៉ុន

នាយក​រដ្ឋមន្ត្រី​បង្អួត​នយោបាយ “Abenomics” ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដល់​ពិភពលោក

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន
លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន © Reuters

មុន​នឹង​ធ្វើ​គារវកិច្ច​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង ដែល​មាន​កំណើន​សេដ្ឋកិច្ចគាំង​ស្ទូក​ស្តឹង នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​​អួត​អាង​​ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ អំពី​នយោបាយ​​ផ្តល់​កំណើន​សេដ្ឋកិច្ច​ នាំ​ជប៉ុន​ចេញ​ពី​វិបត្តិ​ ដែល​លោក​ប្រសិទ្ធិនាម​ថា “Abenomics”។ ជា​មួយ​នឹង​ជោគជ័យ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ចង់​ប្រែក្លាយ នយោបាយ​ « Abenomics » មក​ធ្វើ​​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សកម្មភាព​សេដ្ឋកិច្ចពិភពលោក។

ផ្សាយពាណិជ្ជកម្ម

កាលពី​សប្តាហ៍​មុន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​ បាន​ស្វាគមន៍​នយោបាយ​​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​ជប៉ុន ប៉ុន្តែ​​បាន​ដាក់គំនាប​ ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ធ្វើ​កំណែទម្រង់​​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​កុំ​ឱ្យ​ជួប​ហានិភ័យ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បាន ! ឆ្លើយ​តប​នឹង​ការ​វាយតម្លៃ​នេះ លោក​ ស៊ិនហ្សូ​ អាបេ បាន​អះអាង​​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​​ភ្នាក់​ងារ​សារព័ត៌មាន​បារាំង​ ដោយ​ផ្តាច់​មុខ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦​មិថុនានេះ ថា នយោបាយ​« Abenomics » គឺ​ជា​ដំណោះស្រាយ​តែ​មួយ​គត់ ជួយ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបដើរ​​ចេញ​ពី​វិបត្តិ​។

ដើរ​ចេញ​ពី​វិបត្តិ​ដោយ​សន្សឹមៗ ដែល​​មិន​ត្រឹមតែ​ទាក់ទាញ​ប្រទេស​ជួប​វិបត្តិ​​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ មាន​ជា​អាទិ៍​​ប្រទេស​បារាំង​​ទេ សូម្បី​តែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ក៏​គួរ​យក​តម្រាប់​តាមដែរ​។ សម្រាប់​លោក ស៊ីនហ្សូ​អាបេ ដល់​ពេល​ដែល​ជប៉ុន​ត្រូវ​ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ដាស់​កំណើន​សេដ្ឋកិច្ច​អន្តរជាតិ​ឱ្យ​កម្រើក​ហើយ។

នយោបាយ « Abenomics » បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​មាន​សញ្ញា​វិជ្ជមាន​ពីរ​​ត្រីមាស​ជាប់ៗ​គ្នា​ និង​គ្រប់​ផ្នែក​ លើកលែង​តែ​វិស័យ​អចលនទ្រព្យ​មួយ​ចេញ។ ប៉ុន្តែ​នយោបាយ​ ​បង្កើនបរិមាណ​សាច់ប្រាក់​ឲ្យ​ចរាចរ នៅ​ក្នុង​ទីផ្សារ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​លុយ​យេន​ធ្លាក់​ចុះ ​សម្រាប់​​ជំរុញ​ការនាំចេញ​ទំនិញ​ជប៉ុន​ទៅក្រៅ​ប្រទេស​នេះ មិនមែន​ជា​ការ​បញ្ចុះ​តម្លៃ​ប្រាក់យេន​ នៅ​ចំពោះ​មុខ​ប្រាក់​ដុល្លារ​ឡើយ !  នេះ​​ជា​ការ​គូស​បញ្ជាក់​របស់​លោក​អាបេ។ ​អ្នក​ឯកទេស​សេដ្ឋកិច្ច​មិន​ថា​នៅ​ជប៉ុន ឬ​នៅ​បរទេស​ទេ កំពុង​ពិនិត្យ​ពិច័យ​​យ៉ាង​ល្អិត​ល្អន់​បំផុត​នយោបាយ​នេះ។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ទទួលស្គាល់​​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​កាត់​បន្ថយ​​​បំណុល​ជាតិ ដែលជប៉ុន​មាន​ដល់​២៤៥%​នៃ​ផលិតផល​សរុប​។ ដូច្នេះ​ត្រូវ​លុប​បំបាត់​ឱ្យ​បាន​បរិត្តផរណា (ទំនិញ​ធ្លាក់​ថ្លៃ​គ្មាន​អ្នក​ទិញ)នេះ។ កត្តា​​ដ៏​សំខាន់​មួយ​ទៀត គឺ​វិស័យ​ឯកជន​ ដែល​រដ្ឋ​ត្រូវ​ជួយ​សម្រួល​ ដោយ​ធ្វើ​កំណែទម្រង់​ខ្លះ។ ប៉ុន្តែ​លោក ​ស៊ីនហ្សូ​អាបេ មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្លាំង​នឹង​សំណួរ​ជុំ​វិញ​ការ​បង្កើន​ប្រាក់​បៀវត្ស​បុគ្គលិក​​ឯកជន ដើម្បី​ជំរុញ​សមត្ថភាព​​ចាយ​វាយ។ សំណួរ​ដែលទំនង​​នឹង​ត្រូវ​លើក​យក​ពិភាក្សា​នាឱកាស​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​នៅ​ទីក្រុង​តូក្យូ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI