ពន្លឺនៃច្រកចេញទៅរកដំណោះស្រាយវិបត្តិថវិកាអាមេរិក
នៅសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងការជជែកចរចាជាមួយប្រធានាធិបតីអាមេរិក អូបាម៉ា ដើម្បីស្វែងរកដំណោះស្រាយវិបត្តិថវិកាជាតិ គណបក្សសាធារណរដ្ឋបានធ្វើសំណើអោយមានការបង្កើនកម្រិតបំណុលសាធារណៈ សំរាប់រយៈពេល៦សប្តាហ៍ ដើម្បីអនុញ្ញាតអោយរដ្ឋមានពេលវេលាខ្ចីលុយបន្ថែមទៀត។ លោក អូបាម៉ា បានយល់ព្រមសំណើនេះ ប៉ុន្តែបានទាមទារអោយសេវាការងាររដ្ឋនានា បានបើកដំណើរការឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ គណបក្សសាធារណរដ្ឋអាមេរិកដែលជាបក្សប្រឆាំង ហាក់បន្ទន់ខ្លួនទៅរកគណបក្សប្រជាធិបតេយ្យ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិថវិកាជាតិ។ ក្នុងការជជែកពិភាក្សារយៈពេល១ម៉ោងកន្លះ ជាមួយប្រធានាធិបតីអាមេរិក គណបក្សសាធារណរដ្ឋបានស្នើអោយមានការបង្កើនកម្រិតបំណុលសាធារណៈ សំរាប់ពេល៦សប្តាហ៍ ដើម្បីផ្តល់ពេលវេលាបន្ថែម អោយរដ្ឋាភិបាលបានខ្ចីលុយប្រើប្រាស់ក្នុងស្រុក។
តាមធម្មតា រដ្ឋាភិបាលអាមេរិកត្រូវរកដំណោះស្រាយវិបត្តិថវិកា អោយបានមុនថ្ងៃ១៧តុលា មុនពេលដែលសភាអនុម័ត ការបង្កើនកម្រិតបំណុលសាធារណៈ។ ពោលគឺជាពេលវេលាដែលអាមេរិកប្រឈមនឹងអសមត្ថភាពថវិកាទាំងស្រុង។ លោក ចន បូនែរ ប្រធានគណបក្សសាធារណរដ្ឋ បានប្រកាសថា ជាលក្ខខណ្ឌប្តូរនឹងសំណើនេះ បក្សសាធារណរដ្ឋចង់អោយមានការពិភាក្សាគ្នាពីថវិកា ពីកំណែទម្រង់សង្គម ដូចជាបញ្ហាទាក់ទងការចូលនិវត្តន៍របស់ជនជាតិអាមេរិកជាដើម។
ប្រធានាធិបតីអាមេរិក បានយល់ព្រមសំណើរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែ លោកអូបាម៉ា បានតំរូវអោយសេវាការងាររដ្ឋាភិបាលត្រូវបើកទ្វារដំណើរការឡើងវិញ។ សមាជិកមួយចំនួននៃគណបក្ស Tea Party នៅតែបន្តបដិសេធមិនអោយមានការសំរបសំរួលលើច្បាប់សុខភាព Obamarcare ដែលនេះ ជាការរាំងស្ទះដល់ការបោះឆ្នោតធ្វើច្បាប់ថវិកា។ ទោះយ៉ាងនេះក្តី គេសង្ឃឹមថា គ្រប់ភាគីនឹងចរចាគ្នា ហើយអាចនឹងរកគន្លឹះដោះស្រាយបាន។
គួររំលឹកថា គណបក្សសាធារណរដ្ឋនិងគណបក្សប្រឆាំងដទៃទៀត ដែលរួមទៅមានសម្លេងភាគច្រើនក្នុងសភាអាមេរិក បានជំទាស់ធ្វើច្បាប់ថវិកាដល់រដ្ឋាភិបាលលោកអូបាម៉ា ធ្វើអោយនយោបាយថវិកាអាមេរិកជាប់គាំង ប្រជាជនរាប់សិបម៉ឺននាក់ត្រូវព្យួរពីការងារ មិនបានទទួលប្រាក់ខែ។
គណបក្សសាធារណរដ្ឋហាក់ចង់ស្តារមុខមាត់ខ្លួនឡើងវិញ នៅចំពោះមុខប្រជាជនអាមេរិកដែលបានរិះគន់សមាជិកសភា ពិសេសបក្សសាធារណរដ្ឋតែម្តង ថាជាមូលហេតុដែលធ្វើអោយថវិការដ្ឋជាប់គាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ