អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សិង្ហបុរី៖ លទ្ធិប្រជាធិបតេយ្យ ឬ​របប​ផ្តាច់ការ?

សំឡេង ០៧:១១
លោក លី គាន់យូ (Lee Kuan Yew) ​បិតា​នៃ​វឌ្ឍនភាព​សិង្ហបុរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៩​-​១៩៩០​
លោក លី គាន់យូ (Lee Kuan Yew) ​បិតា​នៃ​វឌ្ឍនភាព​សិង្ហបុរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៩​-​១៩៩០​ ©​ wikipedia
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៣៦ នាទី

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​សិង្ហបុរី។សិង្ហបុរី​ ជា​ប្រទេស​មួយ​មហា​រុងរឿង​ រុងរឿង​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​រុងរឿង​ ជាង​បណ្តា​ប្រទេស​បស្ចិម​លោក​ខ្លះ​ទៅ​ទៀត។ យ៉ាង​ណា​មិញ​ រដ្ឋ​ដ៏​តូច​មួយ​នេះ កាន់​អំណាច​ផ្តាច់ការ​ តែ​ជា​អំណាច​ផ្តាច់ការ​មួយ​ភ្លឺស្វាង​ ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ សន្តិសុខ​ ភាព​ថ្លៃថ្នូរ​និង​សុភមង្គល​របស់​ប្រជាពលរដ្ឋ។  

ផ្សាយពាណិជ្ជកម្ម

នៅ​អាស៊ី​ សិង្ហបុរី​ជា​ប្រទេស​គំរូ​មួយ​ គំរូ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​គំរូ​នៃ​សន្តិសុខ។ ក៏​ប៉ុន្តែ​ចំពោះ​បស្ចិមលោក​ រដ្ឋ​ដ៏​តូច​មួយ​នេះ​កាន់​អំណាច​ផ្តាច់​ការ​ មិន​គោរព​សិទ្ធិ​មនុស្ស​ មាន​ឈ្មោះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​តែនៅ​លើ​ក្រដាស។

តាម​ពិត​ទៅ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ ឆ្នាំ​ដែល​សិង្ហបុរី​ផ្តាច់​ខ្លួន​ចេញ​ពី​សហព័ន្ធ​រួម​ម៉ាឡេស៊ី​ លទ្ធិ​ប្រជាធិបតេយ្យ ​និង​សេរីកម្ម​នយោបាយ​ មិន​ដែល​ជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ឡើយ។ សម្រាប់ លី គាន់យូ (Lee Kuan Yew) ដែល​ជា​បិតា​នៃ​វឌ្ឍនភាព​សិង្ហបុរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០​ អ្វី​ដែល​សំខាន់​ គឺ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង ​សណ្តាប់​ធ្នាប់​សាធារណៈ។ នៅ​ក្នុង​ន័យ​នេះ​ លី គាន់យូ បាន​បង្កើត​និង​ពង្រឹង​ម៉ាស៊ីន​សន្តិសុខ​មួយ​ ដើម្បី​កាត់​បន្ថយ​ទាល់​តែ​អស់​រលីង​ ឥទ្ធិពល​នៃ​ពួក​ប្រឆាំង​ និង​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ គឺ​បក្ស​សកម្មភាព​ប្រជាជន​ មាន​អំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង​ នៅ​លើ​ឆាក​នយោបាយ​នៃ​ប្រទេស។

តាំង​ពី​ឆ្នាំ​១៩៥៩​មក​ បក្ស​សកម្មភាព​ប្រជាជន​ឈ្នះ​ឆ្នោត​រហូត​ ហើយ​កាន់​កាប់​អាសនៈ​ទាំង​ស្រុង​នៅ​ក្នុង​សភា​ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៨១។ ដើម្បី​ឈ្នះ​ឆ្នោត​ និង​ដើម្បី​ក្តាប់​អំណាច​ទាំង​ស្រុង​បាន​ រដ្ឋាភិបាល​របស់ លី គាន់យូ ប្រើ​ស្នៀត​នយោបាយ​បី​យ៉ាង។ ម្យ៉ាង​គឺ​ការ​ពុះ​ចែក​មណ្ឌល​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​រំសាយ​ដែន​អំណាច​របស់​បក្ស​ប្រឆាំង។ ម្យ៉ាង​ទៀត​ គឺ​ការ​ប្រើ​ប្រាស់​ធនធាន​និង​ស្ថាប័ន​រដ្ឋ​ សម្រាប់​ប្រយោជន៍​នៃ​គណបក្ស​។ ម្យ៉ាង​ចុង​ក្រោយ​បង្អស់​ គឺ​ការ​ប្តឹង​ផ្តល់​ឡើង​តុលា​ការ​ ប្រឆាំង​នឹង​ពួក​អ្នក​ជំទាស់​ ក្នុង​បទបង្ខូច​កេរ្តិ៍​ឈ្មោះ។

លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​របស់ លី គាន់យូ ក៏​ប្រើ​ច្បាប់ ដើម្បី​បិទ​មាត់​អ្នក​ជំទាស់​ដែរ​ នោះ​គឺ​ច្បាប់​ស្តី​ពី​សន្តិសុខ​ផ្ទៃ​ក្នុង។ ច្បាប់​នេះ​អនុញ្ញាត​ ដោយ​មិន​ចាំ​បាច់​កាត់​ទោស​ ឱ្យ​ឃុំ​ខ្លួន​ជន​ណា​ក៏​ដោយ​ដែល​ជាប់​សង្ស័យ​ថា​បង្ក​វិទ្ធង្សនា​ និង​សកម្មភាព​កុម្មុយនិស្ត។ ជាក់​ស្តែង​ នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៦៨​ លី គាន់យូ បាន​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង​នេះ ដើម្បី​រុញ​ច្រាន​អ្នក​ដឹក​នាំ​បក្ស​ប្រឆាំង​ពីរ​នាក់​ចេញ​ពី​សង្វៀន​នយោបាយ។ មែន​ទែន​ទៅ​ ច្បាប់​នេះ​ មិន​មែន​សំដៅ​ ទៅ​លើ​តែ​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​សម្ពាធ​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ ដាក់​ទៅ​លើ​អ្នក​កាសែត​ អ្នក​ជំនួញ​ ឬ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។
*

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​គណបក្ស​នយោបាយ​រហូត​ទៅ​ដល់​ជាង​៤០​ នៅ​សិង្ហបុរី។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ គ្មាន​បក្ស​ណា​មួយ​ អាច​យក​ឈ្នះ​ឬ​សង្ឃឹម​យក​ឈ្នះ​បក្ស សកម្មភាព​ប្រជាជន​របស់​ លី គាន់យូ ឡើយ។ មូល​ហេតុ​ គឺ​មក​ពី​រដ្ឋាភិបាល លី គាន់យូ ក្នុង​អតីតកាល​ និង​រដ្ឋាភិបាលនៃ​កូន​ប្រុស​របស់​គាត់ លី សៀនឡុង (​Lee Hsien Long) ក្នុង​បច្ចុប្បន្នកាល​ ក្តាប់​សឹង​ទាំង​ស្រុង​ មធ្យោបាយ​ឃោសនា​មហាជន។ ទូរទស្សន៍​ វិទ្យុ​ និង​កាសែត​ សុទ្ធសឹង​ជា​កម្មសិទ្ធិ​របស់នាយក​រដ្ឋមន្រ្តី​ របស់រដ្ឋមន្រ្តី​ និងរបស់​ញាតិ​មិត្ត​សន្តាន​របស់​អ្នក​ដឹក​នាំ​ប្រទេស។

ម៉្លោះ​ហើយ​ ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ អាច​ចេញ​មក​ពី​សារពត៌មាន​បរទេស​មួយ​គត់។ ដូចនេះ​ រដ្ឋាភិបាល​សិង្ហបុរី​ ធ្វើ​ទុក្ខ​បុកម្នេញ​សារពត៌មាន​បរទេស​មិន​ស្វាង​ឡើយ។ រដ្ឋ​សិង្ហបុរី​ប្តឹង​ផ្តល់​ឡើង​តុលាការ​ ប្រឆាំង​នឹង​កាសែត​ឬ​ទស្សនាវដ្តី​បរទេស​ណា​ដែល​ហ៊ាន​រិះ​គន់​ខ្លួន។ ជាក់​ស្តែង​ សារ​ពត៌មាន​ Time, Asian Wall Street Journal, Asiaweek, ឬ​ក៏​ Far Eastern Economic Review សុទ្ធ​តែ​ធ្លាប់​បាន​ប្រឈម​មុខ​នឹង​តុលាការ​សិង្ហបុរី។ មិន​តែ​ប៉ុណ្ណោះ​ ដើម្បី​ត្រួត​ពិនិត្យ​អត្ថបទ​នៃ​អ្នក​កាសែត​បរទេស​ទាំង​នេះ​បាន​ និង​ដើម្បី​ស្រួល​ធ្វើ​ការ​គាប​សង្កត់​ រដ្ឋា​ភិបាល​សិង្ហបុរី​ ទាម​ទារ​ឲ្យ​មធ្យោបាយ​ឃោសនា​មហាជន​បរទេស​ ដាក់​ប្រចាំ​នៅ​លើ​ទឹក​ដី​សិង្ហបុរី​ តំណាង​ឬ​អ្នក​ឆ្លើយឆ្លង​ពត៌មាន​ម្នាក់​យ៉ាង​តិច​ និង​ដាក់​លុយ​២០​ម៉ឺន​ដុល្លារ​ប្រចាំ​ទុក នៅ​ក្នុង​ធនាគារ​សិង្ហបុរី។ ធ្វើ​ដូច​នេះ​ រដ្ឋាភិបាល​សិង្ហបុរី​អាច​ដក​ហូត​យក​ប្រាក់​សង​ជម្ងឺ​ចិត្ត​ភ្លាមៗ​ នៅ​ក្រោយ​ការ​ប្តឹង​ផ្តល់​ឈ្នះ​សារពត៌មាន​បរទេស​ទាំងអស់​នេះ​ម្តងៗ។

ដោយ​ឡែក​ ពេល​បោះ​ឆ្នោត​ម្តងៗ​ រដ្ឋា​ភិបាល​ទិញសំឡេង​ឆ្នោត​ដោយ​ប្រយោល​ បាន​ន័យ​ថា​ រដ្ឋាភិបាល​ចែកចាយ​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ។ ឧទាហរណ៍​នៅ​ឆ្នាំ​២០០១​ អាជ្ញាធរ​បាន​ចែក​ភាគហ៊ុន​ទីផ្សារ​ហាងឆេង​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​នាំ​គ្នា​ទៅ​ដក​យក​លុយ​អំណោយ​នេះ​ ពី​ធនាគារ​ មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត។ លើស​ពី​នេះទៅ​ទៀត​ គ្មាន​ទេ​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ចាត់ចែង​និង​ត្រួត​ពិនិត្យ​មើលការ​បោះ​ឆ្នោត។ គឺ​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​ទាំងអស់។

ម្យ៉ាង​វិញ​ទៀត​ នៅ​ពី​ក្រោយ​រដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ គឺ​ក្រុម​គ្រួសារ​ លី គាន់យូ តែ​ម្តង​ដែល​ជា​អ្នក​ក្តាប់​អំណាច។ លី គាន់យូ ដែល​ជា​ផ្លូវការ​បាន​បោះ​បង់​ចោល​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី​ តាំង​ពី​ឆ្នាំ​១៩៩០​នៅ​បន្ត​ទាញ​ខ្សែ​បង្ហៀរ​រដ្ឋាភិបាល​ត​ទៅ​ទៀត។ លី សៀនឡុង កូន​ប្រុស​គាត់​វិញ​ ជា​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី។ សមាជិក​ខ្លះ​នៃ​ក្រុម​គ្រួសារ​របស់ លី​ គាន់យូ​ ជា​ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​រដ្ឋ​ធំៗ​មួយ​ចំនួន​ ដូច​ជា​ក្រុមហ៊ុន​ Singapour Telecom ជា​ដើម។

និយាយ​រួម​ នៅ​លើ​ក្រដាស​ សិង្ហបុរី​ជា​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ដោយ​យក​គំរូ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អង់គ្លេស។ ក៏​ប៉ុន្តែ​ ការ​ពិត​ជាក់​ស្តែង​ រដ្ឋ​ដ៏​តូចតែ​មហា​រុងរឿង​មួយ​នេះ​កាន់​អំណាច​ផ្តាច់ការ​សោះ។

សួរ​ថា​ ទោះ​ជា​គ្មាន​សេរីភាព​នយោបាយ​ និង​គ្មាន​សិទ្ធិ​បុគ្គល​ទូលំ​ទូលាយ​ តើ​ប្រជាជន​សិង្ហ​បុរី​ មាន​សុភមង្គល​ដែរ​ឬ​ទេ​? គេ​ត្រូវ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​សិង្ហបុរី​មាន​កំរិត​ជីវភាព​ខ្ពស់​សឹង​គ្រាន់​បើ​ជាង​ប្រជាជន​បស្ចិម​លោក​ទៅ​ទៀត។ សិង្ហបុរី​ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ស្អាតស្អំ​គ្មាន​អំពើ​ពុករលួយ​ ជា​ប្រទេស​ប្រកប​ដោយ​សន្តិសុខ​ខ្ពស់។ ម៉្លោះ​ហើយ​ កម្រ​មាន​ណាស់​អ្នក​ដែល​ចង់​ចាកចេញ​ពី​សិង្ហបុរី ​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ផ្សេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ