ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​សង្គម​ខ្មែរ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុង​រដូវ​កាល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ចាប់​តាំង​ពី​បិណ្ឌ​ទី១​រហូត​មក ទីវត្ត​អារាម​នានា​មាន​សកម្មភាព​មមាញឹក​យ៉ាងខ្លាំង។ នេះ​ស​បញ្ជាក់ថា ប្រជាពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​លើស​លប់​ នៅតែ​គោរព​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន ក្នុងនាម​ជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ ក្នុងការ​អនុវត្ត​ន៍​ជាក់ស្តែង មនុស្ស​ជាច្រើន​មិនបាន​យក​ទស្សនៈវិជ្ជា​នៃ​ព្រះពុទ្ធសាសនា​​មក​អនុវត្ត​ឡើយ។ បញ្ហា​សង្គម និង​នយោបាយ​ជា​ច្រើន​ដែល​កំពុង​កើត​មាន​ហាក់​មិនបាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ដ៏​មុតមាំ​លើ​ព្រះពុទ្ធ​សាសនា​ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ទេ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ទិដ្ឋភាពប្រជាពលរដ្ឋយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រយៈពេល១៥ថ្ងៃ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ នឹង​បិទ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះហើយ។ ក្នុងអំឡុង​ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា​អ្នកក្រ អ្នកមាន អ្នកតូច ឬ​អ្នកធំ​ឡើយ ប្រហែលជា​គ្មាន​គ្រួសារ​ណា​មិន​បាន​ទៅ​វត្ត​នោះឡើយ។ គ្រួសារ​ខ្លះ​ថែម​ទាំង​បាន​ទៅ​វត្ត​ជា​ច្រើនដង​ក្នុងអំឡុង​ពេលនេះ​ទៀតផង។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ព្រះពុទ្ធ​សាសនា​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សង្គម​ខ្មែរ។

ប៉ុន្តែ សំណួរ​ដែល​សំខាន់​នៅ​ទី​នេះ​គឺ តើ​អ្នក​ដែល​អះអាងថា​កាន់​ព្រះពុទ្ធ​សាសនា​ បាន​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​ពុទ្ធសាសនិកជន​ពិត​ប្រាកដ​ហើយ​ឬ​នៅ? មុននឹង​ឆ្លើយ​សំណួរ​នេះ យើង​សាកល្បង​ឆ្លុះបញ្ចាំង​ទស្សនៈវិជ្ជា​មួយចំនួន​ ដែល​ស្តែងឡើង​តាម​រយៈ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​តទៅ​នេះ៖

ទី១ គឺ​ទស្សនៈ«កម្មផល» មាន​ន័យ​ថា អំពើ​ល្អ​នឹង​ទទួលបាន​ផល​ល្អ រីឯ​អំពើអាក្រក់​នឹង​ទទួលបាន​ផល​អាក្រក់ បើទោះជា​មិនជាតិ​នេះ​ក៏ជាតិ​ខាង​មុខ​ដែរ។ ដោយ​ឆ្លុះបញ្ចាំង​តាមរយៈ​ទស្សនៈ​នេះ មនុស្ស​គួរតែ​វៀរចាក​អំពើអាក្រក់​គ្រប់បែបយ៉ាង ​ពីព្រោះ​ឋាននរក​មិនមែន​ជាទី​ដែល​មនុស្ស​ប៉ង​ប្រាថ្នា​ឡើយ។ ដោយសារតែ​ការជឿជាក់​បែបនេះហើយ ​បានជា​គ្រួសារ​ខ្មែរនីមួយៗទោះជា​ក្រីក្រ​យ៉ាង​ណា​ក្តី​ ក៏​នៅតែ​ឆ្លៀត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​យ៉ាងហោចណាស់​ក៏​មួយដង ​ឬ​ពីរដង​ដែរ ​ក្នុង​មួយ​រដូវ​កាល​ភ្ជុំបិណ្ឌ។

ទី២ គឺ «ការដឹងគុណ» ចំពោះ​មាតា​បិតា បុព្វការី និង​អ្នក​មាន​គុណ​ទាំងឡាយ​ផ្សេង​ទៀត។ ដោយ​សារ​តែ​ការ​ដឹង​គុណ​នេះ​ហើយ ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​បាន​នាំ​គ្នា​ទៅ​វត្ត​ឧទ្ទិស​កុល​ស​ដល់​អ្នកមាន​គុណ​ដែល​បាន​ស្លាប់​ទៅ ដោយ​មិន​ភ្លេច​អ្នកមានគុណ​ដែល​នៅរស់​នោះឡើយ។ ការដឹងគុណ​ គឺជា​គុណធម៌​យ៉ាង​សំខាន់​មួយ​នៅក្នុង​ព្រះពុទ្ធសាសនា ជា​ពិសេស​វា​បាន​ស្តែងឡើង​តាមរយៈ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ទី៣គឺ «ការ​ដាក់​ទាន» និង​បង្ហាញ​មេត្តា​ធម៌​ដល់​មនុស្ស​សត្វ​ទាំងពួង។ នៅក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ពលរដ្ឋ​កម្ពុជា​មិន​ត្រឹមតែ​ទៅ​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នកមាន​គុណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ក៏បាន​នាំគ្នា​ដាក់​ទាន​ដល់​យាយ​តា​ចាស់ៗ​នៅ​ក្នុង​វត្ត ឬ​អ្នកក្រីក្រ និង​អ្នកសុំទាន​ជាដើម​ផង។ លើស​ពី​នេះ អ្នកខ្លះ​បាន​ទិញ​សត្វ​ចាប​ដើម្បី​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ទ្រុង​ទៀតផង។ នេះ​បានបង្ហាញ​ឲ្យ​ឃើញថា មិន​ត្រឹមតែ​មនុស្ស​ដូចគ្នា​ប៉ុណ្ណោះ​ទេ សូម្បីតែ​សត្វ​ក៏​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ត្រូវ​សណ្តោស​ប្រណី​ផងដែរ។

នៅមាន​ទស្សនវិជ្ជា​ច្រើនយ៉ាង​ទៀត​ ដែល​គេ​អាច​ទាញយក​បានជា​ប្រយោជន៍​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ ទស្សនវិជ្ជាសំខាន់ៗដូច​បានលើកឡើង​ខាងដើម​ ហាក់ដូចជា​គ្រប់គ្រាន់​សម្រាប់ធ្វើ​ឲ្យ​សង្គម​ខ្មែរ​រស់ក្នុង​ភាពសុខដុមរមនា។ ប៉ុន្តែ ក្នុង​ជីវភាព​ជាក់ស្តែង ប្រជាពុទ្ធបរិស័ទ​ជាច្រើន​​ បាន​អនុវត្ត​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន​បានបង្ហាញ​ក្នុង​ពិធីបុណ្យ​សាសនា​របស់ខ្លួន។ ការអនុវត្ត​ន៍​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា មិនមែន​មាន​ត្រឹម​តែ​បុគ្គល​សាមញ្ញ​ប៉ុណ្ណោះ​ទេ តែ​ក៏មានដែរ​ក្នុងចំណោម​អ្នកនយោបាយ និង​អ្នក​កាន់សីល៍​​ថែមទៀត។ ជម្លោះ​នយោបាយ បញ្ហា​ចាក់​ស្រេះ​​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន និង​ជម្លោះ​ក្នុង​ទីវត្ត​អារាម​ដែល​កើតមាន​ជា​ហូរហែ ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។

នេះ​បង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​សង្គម​កម្ពុជា​ដែល​ពលរដ្ឋ​ជាង ៩៦ ភាគ​រយ ​កាន់​ព្រះពុទ្ធសាសនា មនុស្ស​ជាច្រើន​បែរជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​ទៅវិញ។ មូលហេតុ​ គឺ​មកពី​ការ​មិនបាន​ស្វែងយល់​អំពី​ទស្សនៈវិជ្ជា​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ក៏​ចេះតែ​តាំងខ្លួន ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​តៗ​គ្នា​តែ​ប៉ុណ្ណោះ។ ដូច្នេះ ពេល​វេលា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ពិតជា​មានតម្លៃ​ណាស់​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​ ក្នុងការ​ពិចារណា​អំពី​ខ្លឹមសារ និង​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា។

សំណួរ​សំខាន់ ​ដែល​ប្រជា​ពុទ្ធ​បរិស័ទ​រួម​ទាំង​អ្នក​នយោបាយ​ផង​ ត្រូវ​ចោទ​សួរ​ខ្លួន​ឯង​នោះ​គឺថា​ តើ​យើង​ជា​ពុទ្ធសាសនិកជន​​ពិត​ប្រាកដ​ហើយ​ឬ​នៅ? គ្រាន់តែ​និយាយថា ខ្លួន​កាន់​ព្រះពុទ្ធសាសនា ឬ​គ្រាន់តែ​យួរ​ស្រាក់​ទៅ​វត្ត​ ​នៅ​មិន​ទាន់​អាច​បញ្ជាក់ថា​ ជា​ពុទ្ធសាសនិកជន​នៅឡើយ​ទេ។ យ៉ាងណាមិញ អ្នកនយោបាយ​ដែល​គ្រាន់តែ​អះអាងថា ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ ឬ​ចាត់ទុក​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន​ជាធំ ក៏​នៅ​មិន​គ្រប់គ្រាន់​ដែរ។ តែ​ពួកគេ​ត្រូវ​បង្ហាញ​​​​អំពើ​ជាក់ស្តែង​ដែល​ផុស​ចេញពី​ទឹកចិត្ត​បរិសុទ្ធ។ នេះ​គឺជា​ជម្រៅ​នៃ​ការគោរព​ប្រតិបត្តិ​តាម​គន្លង​នៃ​ទស្សនៈវិជ្ជា​ព្រះពុទ្ធសាសនា​ដ៏​ពិតប្រាកដ និង​ដែល​អាច​នាំ​សង្គម​ខ្មែរ​ទៅរក​ភាព​សុខដុម​រមនា​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត