ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រព័ន្ធធានា​រ៉ាប់រង​សង្គម​​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​

សំឡេង ០៤:២៨
គំរោងធានារ៉ាប់រងសុខភាពសហគមន៍ CBHIដែលផ្តល់ថវិកាដោយសហភាពអ៊ឺរ៉ុប និងMalteser international
គំរោងធានារ៉ាប់រងសុខភាពសហគមន៍ CBHIដែលផ្តល់ថវិកាដោយសហភាពអ៊ឺរ៉ុប និងMalteser international

រដ្ឋាភិបាល​​កម្ពុជា​ ​​កំពុង​​ត្រៀម​​ផ្តល់​​ការ​ធានា​​រ៉ាប់រង​​ខ្នាត​​តូច​​ដល់​​ប្រជាពលរដ្ឋ​​ក្រីក្រ​​និង​​ងាយ​​រង​គ្រោះ​​ជាង​គេ។ ​​នេះ​​ ​ជា​​គោល​​នយោបាយ​​ជា​​លើក​​ដំបូង​​របស់​​រដ្ឋាភិបាល​​ក្នុង​​កិច្ច​​ខិតខំ​​ប្រឹង​ប្រែង​​​​អនុវត្ត​​យុទ្ធសាស្ត្រ​​គាំពារ​​សង្គម។​ ​យុទ្ធសាស្រ្ត​​ជាតិ​​​គាំពារ​​សង្គម​​នេះ​​ ​ត្រូវ​​បាន​​រដ្ឋាភិបាល​​ដាក់​​ចេញ​​កាលពី​​ខែ​​មីនា​​ឆ្នាំ​ ​២០១១​​នេះ។ ​​រហូត​​មក​ទល់​​បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​​កម្ពុជា​ ​ភាគ​ច្រើន​​លើស​​លុប​ ​ជា​ពិសេស​​អ្នក​ក្រីក្រ​​តែម្តង​​រស់​នៅ​​ដោយ​​គ្មាន​​ការ​ធានា​​រ៉ាប់រង​​អ្វី​​ទាំង​​អស់។​ ​តើ​​ការធា​នា​​រ៉ាប់រង​​សង្គម ​​មាន​​សារៈ​ប្រយោជន៍​​អ្វី​​ខ្លះ​​ដល់​​ប្រជាពល​រដ្ឋ​​កម្ពុជា?​

ផ្សាយពាណិជ្ជកម្ម

 

គំរោង​​ផ្តល់​ការធានា​រ៉ាប់រង​ខ្នាត​តូច​ដល់​ប្រជាជន​ក្រីក្រ​កម្ពុជា​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញការ​របស់​ រដ្ឋាភិបាល​លើក​មក​ពិភាក្សា​ហើយ​នៅ​ពេល​នេះ ​ដោយ​មាន​កិច្ច​សហការ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNDP។ ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ​ត្រូវ​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​១៣​ធ្នូ​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ។ ​ការ​ផ្តើម​ពិភាក្សា​អំពី​បញ្ហា​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ទាំង​អស់​គ្នា​បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​យុទ្ធសាស្ដ្រ​គាំពារ​សង្គម​ ជាពិសេស​ការ​គាំពារ​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ ដូចជា​ស្ដ្រី ​និង​កុមារ​ជាដើម។

តាម​គំរោង​ ការផ្តល់​ជូន​នូវ​ការធានា​រ៉ាប់រង​ខ្នាតតូច​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឲ្យ​ប្រតិបត្តិការ​​នៅ​ពេល​នេះ​មាន​ដូច​ជា ​ការ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព ​ផ្នែក​ដំណាំកសិកម្ម​ បញ្ហា​ទឹកជំនន់​ ការ​អប់រំ​ និង​ការធានា​រ៉ាប់រង​លើ​ការ​ចំណាយ​ទៅ​លើ​ពិធី​បុណ្យ​សព​ជាដើម។ សម្រាប់​គំរោង​នេះ​ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់រង​ខ្នាត​តូច​ដោយ​គ្រាន់តែ​ពួកគេ​ បង់​​១​ដុល្លារ​ក្នុង​១​ខែ ​ឬ​ត្រឹម​៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ​តាម​រយៈ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ណាមួយ​ ដែល​ទទួល​បាន​សិទ្ធិ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។​ គំរោង​នេះ​ក៏​មាន​ផ្តល់​សេវា​សំខាន់​ដល់​ជនក្រីក្រ​កម្ពុជា​ដែរ​ ដូច​ជា​គ្រា​មាន​អាសន្ន​បន្ទាន់ ​និង​ក្នុង​ពេល​មាន​វិបត្តិ​ផ្សេង​ៗ​ជា​យថាហេតុ។

យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​ការ​គាំពារ​សង្គម​ជាពិសេស​សម្រាប់​ជនក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​នេះ​ត្រូវ​​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាលពី​ថ្ងៃទី​៥ធ្នូ ​ក្រោយ​ពី​បាន​ពិគ្រោះ​យោបល់​រយៈ​ពេល​២​ឆ្នាំ​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​និង​ប្រតិបត្តិករ​​​នានា​​នៅ​ក្នុង​ផ្នែក​គាំពារ​សង្គម​រួច​មក។

ជាការ​ពិត​ណាស់ ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​ លើកលែង​តែ​អ្នក​មាន​ជីវភាព​ធូរធារ​មួយចំនួន​តូច ​និង​អ្នក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ធំៗ​មួយចំនួន​ដ៏​តិចតួច​ប៉ុណ្ណោះ ​ក្រៅពី​នោះ​គ្មាន​បាន​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​អ្វី​ទាំងអស់។ ​នៅ​ពេល​មាន​គ្រោះអាសន្ន​ម្តងៗ​ដូចជា​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់ខ្លួនឈឺ​ធ្ងន់​ ឬ​ក៏​ទទួល​រងគ្រោះ​ថ្នាក់​ជាយថាហេតុ​ណាមួយ​ដែល​ត្រូវ​ការ​ប្រាក់​ច្រើន​និង​ជាបន្ទាន់​នោះ ​ពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នកក្រីក្រ ​និង​មាន​ប្រាក់​ចំណូល​ទាប​ធ្លាក់​ក្នុង​ស្ថាន​ភាព​លំបាក​វេទនា ​ទ័លច្រក​ប្រៀប​បាន​នឹង​ភ្នំ​បាក់​សង្កត់​ពី​លើ​ដែល​ពាក្យ​ខ្មែរច្រើន​ហៅ​ថា«មាន​ទុក្ខ​ធ្ងន់​ដូច​ទូលភ្នំ»។ ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​លក់​ឬ​បញ្ចាំ​ដីស្រែ​ចម្ការ​បន្តិច​បន្តួច​ដែល​ជា​ដង្ហើម​រស់​របស់​គ្រួសារ​ឬ​ខ្ចីបុល​គេ​ដើម្បី​ដោះ​ទ័ល។ ​អ្នក​ខ្លះ​ទៀត​ដែល​ទីទ័ល​ខ្លាំងមែនទែន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បណ្តោយ​តាម ​យថាកម្ម​នោះឡើយ។

ងាក​ទៅ​មើល​មនុស្ស​ចាស់​វិញ​ អវត្តមាន​ប្រព័ន្ធធានារ៉ាប់រង​សង្គម​ បាន​ជំរុញ​ឲ្យ​មនុស្ស​ចាស់​ជា​ពិសេស​​អ្នក​ដែល​គ្មាន​កូនចៅ ​ញាតិ​សន្តាន​ រស់​ក្នុង​សភាព​លំបាក​គ្មាន​ទីពឹង។ ​ម្យ៉ាងទៀត ​នៅ​កម្ពុជា​​មិន​ថា​មន្ត្រី​រាជការ​ ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ឡើយ​ នៅ​ពេល​ធ្លាក់​ខ្លួន​ធ្វើការ​លែង​កើត​ទោះបី​ដោយ​ជំងឺ ​ឬ​ដោយ​វ័យ​ចាស់​ជរា​ក្តី ​ពួកគេ​នឹង​គ្មាន​អ្វី​ទាំង​អស់​ពីព្រោះ​តែ​សង្គម​មិន​បាន​ផ្តល់​​ការធានា​រ៉ាប់រង​អ្វី​ដល់​ពលរដ្ឋ​ឡើយ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ប្រពន្ធ័​ធានា​​រ៉ាប់រង​និង​គាំពារ​សង្គម​នៅ​កម្ពុជា។ ​ក្នុង​ន័យ​នេះ​ គោលនយោបាយ​ដាក់​ឲ្យ​មាន​ការធានា​រ៉ាប់រង​ខ្នាត​តូច​សម្រាប់​ជនក្រីក្រ​ពិត​ជា​គោល​នយោបាយ​មួយ​ត្រឹម​ត្រូវ​គួរ​ឲ្យ​លើក​ទឹកចិត្ត ​ពី​ព្រោះ​​ថា ​ការធានា​រ៉ាប់រង​ខ្នាតតូច​នេះ​ជា​ប្រព័ន្ធ​ដែល​ត្រូវ​បាន​និងកំពុង​អនុវត្ត​ស្ទើរ​ពាសពេញ​សកលលោក ​មាន​ដូចជា​ សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ អាហ្វ្រិក​ អាស៊ី​កណ្ដាល ​អាស៊ី​ប៉ាស៊ីហ្វិក​ និង​ជាពិសេស​នៅ​ក្នុង​តំបន់​អាស៊ាន​តែម្តង ​ដែល​មក​ដល់​ពេល​នេះ​ ប្រទេស​នីមួយៗ ​កំពុង​ដាក់​ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​ការធានា​រ៉ាប់រង​ខ្នាតតូច ​រួម​នឹង​ក្របខ័ណ្ឌ​ច្បាប់ ​និង​បទបញ្ញត្តិ​ផ្សេងៗ​ដើម្បី​គ្រប់គ្រង​វា។

ដូច្នេះ ​ប្រសិន​បើ​ប្រព័ន្ធ​ធានា​រ៉ាប់រង​សង្គម​ខ្នាត​តូច​នេះ​ចេញ​ជា​រូបរាង​នៅ​កម្ពុជា​មែន ​វា​នឹង​ក្លាយ​​ទៅ​ជា​សំណាញ់​សុវត្ថិភាព​សង្គម​មួយ​សម្រាប់​កាត់​បន្ថយ​ហានិភ័យ និង​​កាត់​បន្ថយ​ភាពងាយ​រងគ្រោះ​នានា​ដែល​ពលរដ្ឋ​ក្រីក្រ ​និង​ក្រុម​អ្នក​មាន​ប្រាក់​ចំណូល​ទាប​កំពុង​ប្រឈម​មុខ​យ៉ាង​ពេញ​ទំហឹង ​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI