ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែល​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទន្ទេញ​រត់មាត់​

សំឡេង ០៤:២៩
តុលាការ​ខ្មែរក្រហម
តុលាការ​ខ្មែរក្រហម ©សុវណ្ណារ៉ា

រយៈពេល​​ជា​ច្រើន​​ថ្ងៃ​​មក​​ហើយ​​ដែល​​គេ​​បាន​​ស្តាប់​ឮ​​ការ​​សួរ​​ដេញ​ដោល​​អតីត​​មេ​ដឹកនាំ​​កំពូល​​ខ្មែរក្រហម ​​ពិសេស​​គឺ ​​នួន ជា​ ​និង​​ខៀវ ​សំផន ​​ក្នុង​​សវនាការ​​លើ​​អង្គ​​សេចក្តី​​នៃ​​សំណុំរឿង​​០០២។ ​តាំង​ពី​ដើម​​រហូត​​មក​​ទល់​​បច្ចុប្បន្ន​ ​អតីត​​មេ​ដឹកនាំ​​ខ្មែរ​ក្រហម​​គ្រប់​គ្នា​​មិន​​បាន​​ផ្លាស់​​ប្តូរ​​សេចក្តី​​ថ្លែងការណ៍​​​របស់​​ខ្លួន​​បន្តិច​​សោះ​​ឡើយ​​ ពោល​គឺ​​ពួក​គេ​​បាន​​ទន្ទេញ​​យ៉ាង​​រត់​មាត់​​ពាក្យ​​ថា​​«ស្នេហាជាតិ»​​ ពាក្យ​​ថា​​«ការពារ​​បូរណភាព​​ទឹកដី» ​និង​ ​ការ​​«អាណិត​​អាសូរ»​ពល​រដ្ឋ​ខ្មែរ។​​ តើ​​អ្នកណា​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​ឧក្រិដ្ឋកម្ម​​ក្នុង​​សម័យ​​ខ្មែរ​ក្រហម?​

ផ្សាយពាណិជ្ជកម្ម

មនុស្ស​ស្រករ​ក្រោយ​ជាច្រើន​ដែល​មិន​បាន​ហែល​ឆ្លង​កាត់​សម័យ​ប៉ុល ពត​ ហាក់​បាន​កោត​ស្ញប់​ស្ញែង​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម ​នៅ​ពេល​ដែល​ពួកគេ​បាន​លឺ​សម្តី​របស់​នួន ជា ​និង​ខៀវ សំផន​រយៈពេល​ចុងក្រោយ​នេះ។ ​ម៉ាត់ណា​ក៏​ពួកគេ​និយាយ​អំពី​ទឹកចិត្ត​ស្នេហាជាតិ​ដ៏​បរិសុទ្ធ​ ម៉ាត់ណា​ក៏​និយាយ​អំពី​ការអាណិត​អាសូរ​ប្រជាពលរដ្ឋ​ខ្លួន ​និង​ម៉ាត់ណា​ក៏​និយាយ​អំពី​ការការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ចេញ​ពី​ខ្ញុំ​កញ្ជះ​បរទេស​ដែរ។

កាលពី​ថ្ងៃ​ពុធ​ នៅ​ពេល​ចោទ​សួរ​អំពី​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ភ្នំពេញ ​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​និង​ជា​អតីត​ប្រធាន​រដ្ឋសភា​សម័យ​ខ្មែរក្រហម​ គឺ​លោក ​នួន ជា​ បាន​និយាយ​ថា ​បក្ស​កុម្មុយនិស្ត​កម្ពុជា​មាន​គោល​បំណង​ល្អ​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ពោលគឺ​បើ​តាម​សម្តី​របស់ ​នួន ជា​ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋខ្មែរ​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ និង​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​កិច្ច​អន្តរាគមន៍​ជាយថាហេតុ​របស់​ទាហាន​អាមេរិកាំង។ តាមពិត​ពាក្យ​អស់​ទាំង​នេះ​គេ​ធ្លាប់​បាន​លឺ​តាំងពី​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​មក​ម៉្លេះ។

ក៏ប៉ុន្តែ ​ប្រសិន​បើ​គេ​ពិនិត្យ​ទៅ​លើ​អាកប្បកិរិយា​របស់​ទាហាន​ខ្មែរក្រហម​កាលពី​ពេល​នោះ​ គេ​ក៏​យល់​បាត់​ទៅ​ហើយ​ថា អ្វីៗ​វា​បាន​ស្តែង​ឡើង​ដោយ​កំហឹង​និង​ការ​ស្អប់​ខ្ពើម​អ្នក​ទីក្រុង​ច្រើន​ជាង​ក្តី​អាណិត​អាសូរ​ដែល​មេដឹកនាំ​ខ្មែរក្រហម​បាន​និយាយ។ ​រហូត​មក​ទល់​ពេល​នេះ​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ ទោះបី​ជា​មាន​វ័យ​ចាស់​ជរា​ វង្វេង​ ភ្លេច​មុខ​ ភ្លេច​ក្រោយ​ខ្លះ​ក្តី​ ប៉ុន្តែ​ ពួកគេ​គ្រប់​គ្នា​នៅ​ចង​ចាំ​បាន​យ៉ាង​ល្អ​និង​រត់​មាត់​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែល​មិន​ចេះ​ភ្លេច​គឺ​ពាក្យ​ស្នេហា​ជាតិ​​ ស្រឡាញ់​ប្រជាពលរដ្ឋ​ និង​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស។​

ប្រសិន​បើ​គេ​ស្តាប់​សេចក្តី​ថ្លែងការណ៍​របស់ ​នួន ជា​ និង​ខៀវ សំផន ​ជា​ការពិត​ គឺជា​ការ​គួរ​ឲ្យ​ស្ញប់ស្ញែង​ណាស់​នូវ​វីរភាព​របស់​ពួកគេ។ ​អ៊ីចឹង​ហើយ​បាន​ជា​ មនុស្ស​ស្រករ​ក្រោយ​មួយចំនួន​ដែល​បាន​ស្តាប់​ហាក់​លង់ជឿ​ពាក្យ​សម្តី​របស់​ពួក​មេ​កុម្មុយនិស្ត​ខ្មែរក្រហម។ ​ប៉ុន្តែ​ តើ​អ្នកណា​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ដែល​បាន​ផ្តាច់​ផ្តិល​ជីវិត​ពលរដ្ឋខ្មែរ​ជិត​២​លាន​នាក់? ​គ្មាន​ឡើយ​ចំណែក​របស់​នួន ជា ​ខៀវ សំផន​ និង​អៀង​សារី​ នេះ​បើ​ស្តាប់​តាម​ការ​បកស្រាយ​របស់​អតីត​មេដឹកនាំ​កំពូលៗ​ក្នុង​អង្គ​សវនាការ​រយៈពេល​១១​ថ្ងៃ​កន្លង​ទៅ។

ស្តាប់​ទៅ ​យុទ្ធសាស្ត្រ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ​គឺ​ការលាង​ខ្លួន​ដោយ​ទម្លាក់​កំហុស​​ទៅ​លើ​មនុស្ស​បី​ជំពូក​គឺ ​ទី១ ​ខ្មោច​សាឡុត​ ស ហៅ ​ប៉ុក ពត​ ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ​ទី២ ​ទៅ​លើ​ក្រុម​ណា​មួយ​នោះ​ដែល​ពួកគេ​ហៅ​ថា ​ជា​ក្រុម​ក្បត់​ និង​ទី​៣​ ទម្លាក់​កំហុស​ទៅ​លើ​បរទេស ​(អាមេរិកាំង ​និង​ជាពិសេស​វៀតណាម)​ថា ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។​ ចំណែក​ពួកគេ​(នួន ជា,​ ខៀវ សំផន​, អៀង សារី​ និង​អៀង​ធិរិទ្ធិ)​ ជាអ្នកស្នេហា​ជាតិ​ដ៏​ល្អ​បរិសុទ្ធ។ ​

ជាការពិត ​គ្មាន​អ្នកណា​មិន​ដឹង​ឡើយ​ថា​ ការ​បត់បែន​នៃ​នយោបាយ​ប្រទេស​កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធនឹង​មហិច្ឆតា ​និង​ការ​លូកដៃ​របស់​បរទេស ​ប៉ុន្តែ ​នៅ​ពេល​ដែល​ពលរដ្ឋខ្មែរ​ស្លាប់​ស្ទើរ​ផុត​ពូជ​ក្នុង​អំឡុង​ពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច​ មេដឹកនាំ​ខ្មែរក្រហម​បែរជា​មិន​ទទួល​ស្គាល់​សូម្បី​តែ​បន្តិច​បន្តួច​នូវ​កំហុស​របស់​ខ្លួន។ ​នេះ​ឬ​ជា​សារជាតិ​អ្នក​នយោបាយ?​ គឺ​សារជាតិ​ដែល​ចេះ​តែ​ទទួល​ត្រូវ​ តែ​មិន​ទទួល​ខុស?​

នៅ​ក្នុង​បរិបទ​នេះ​ តុលាការ​ត្រូវ​ប្រើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ដេញ​ទាន់​ជាន់​កែង​អតីត​មេដឹក​នាំ​​ខ្មែរក្រហម​ទាំង​នោះ​តាម​រយៈ​ការ​ចង្អុល​បង្ហាញ​ភស្តុតាង​នានា​ដើម្បី​ដាក់​បន្ទុក​មិន​ឲ្យ​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ទាំង​នោះ​រើ​ខ្លួន​រួច​និង​ដើម្បី​កុំឲ្យ​ពួកគេ​ពូកែ​ប្រើ​ប្រាស់​ពាក្យ​«ស្នេហាជាតិ»​ និង​«ការពារ​បូរណភាព​ទឹកដី»​ដើម្បី​បិទ​បាំង​ឧក្រិដ្ឋកម្ម​របស់​ខ្លួន។ ​ពីព្រោះ​ចូរ​កុំភ្លេច​ថា​ នេះ​គឺ​ជា​មេរៀន​ដ៏​សំខាន់​ណាស់​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ក្នុង​ការ​បញ្ចៀស​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI